ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង​ប្រុស​ក្លាយ​ជា​ជន​ឆបោក​ប្អូន​ក្រមុំ​ត្រូវ​មេម៉ាយ​ខាន់​ស្លា​

13 ឆ្នាំ មុន

ខេត្តកណ្តាល៖ យុវជនម្នាក់​បាន​ត្រូវ​ចោទ​ប្រកាន់​ថា ​​​​ឆបោក​​យក​ម៉ូតូ​​​របស់​អនាគត​​ប្អូន​ថ្លៃ​ និង​អ្នកជិត​ខាង​​ជា​បន្ត​បន្ទាប់​អស់​ចំនួន​​២គ្រឿង​ ហើយគេច​ខ្លួន​​បាត់​ដោយ​ទុក​​ឱ្យ​​ប្អូន​​​ស្រី​ក្លាយ​ជា​ស្ត្រី​មេម៉ាយ​​​​​ខាន់​ស្លា​ ដោយ​សារ​​តែ​ខាង​ប្រុស​​ផ្តាច់​​ពាក្យ​វិញ​ ទោះ​បី​ជា​ប្អូន​​​ស្រី​មិនមាន​​កំហុស​​ក្តី​ ។ ហេតុ​ការណ៍​​ឆបោក​យក​ម៉ូតូ​​នេះ​បានកើត​ឡើង​​​ជា​​បន្ត​បន្ទាប់​​​ ដែល​​មួយ​គ្រឿង​ កាល​ពីថ្ងៃទី​​១៧ សីហា ​​​​នៅ​ភូមិ​​​លេខ​៤ ​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង​ ​និង​មួយ​គ្រឿង​ទៀត​​កាល​ពី​ថ្ងៃ​ទី​​២០ សីហា​ នៅ​រាជ​ធានី​ភ្នំពេញ​ ។

អធិការ​​​រង​នគរ​បាល​​ស្រុក​​​ស្អាង​​លោក លន ​ចាន់​ថា បានឱ្យដឹងថា ម្ចាស់​ម៉ូតូ​មាន​២នាក់​ម្នាក់​ឈ្មោះ សេក វណ្ឌី ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ មុខរបរ​​លក់​ដូរ​​ ជាម្ចាស់​ម៉ូតូ​​​ហុង​ដាសេ​១២៥ ស៊េរី​ឆ្នាំ​​២០១២ ​​ពណ៌​ខ្មៅ និង​ត្រូវជា​​អនាគត​​​​ប្អូន​ថ្លៃ​​ជន​សង្ស័យ​ និង​ម្នាក់ទៀ​ត​ឈ្មោះ ភី ភ័ណ​​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ មុខ​របរ​លក់​ដូរ​​​ ជាម្ចាស់​ម៉ូតូSLពណ៌​ទឹក​ប្រាក់​​ ពាក់​ស្លាកលេខ​ភ្នំពេញ​1AQ-1995 ​អ្នក​ទាំង​​២​​​នាក់​មាន​​​ទីលំនៅ​ក្នុង​ភូមិ​​លេខ​៤ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង​ ។ ចំណែក​​ជន​សង្ស័យ​​ឈ្មោះ ចែម​ វិចិត្រ​​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ ​​មាន​ស្រុក​កំណើត​​នៅ​ភូមិជើង​ព្រៃ ​ឃុំ​ជើង​ព្រៃ ស្រុក​បាធាយ​ ​ខេត្ត​កំពង់​ចាម​ បច្ចុប្បន្ន​​ស្នាក់នៅ​​រាជ​ធានីភ្នំពេញ ។

លោក​​អធិការ​​រង​បាន​ឱ្យ​ដឹង​ទៀត​ថា ​កាល​ពី​ថ្ងៃ​ទី​​​១៣ កក្កដា ​ឆ្នាំ​២០១២ ​ឈ្មោះ សេក វណ្ឌី​ ​បាន​នាំ​ម្តាយ​ឪពុក​​របស់​គេ​មក​ចូល​ស្តី​ដណ្តឹង​​នាង​ជី ស្រី​មុំ អាយុ​១៨​ឆ្នាំ ព្រម​ទាំង​​បាន​​​រៀប​ចំ​ពិធី​ភ្ជាប់​ពាក្យ​​ត្រឹម​ត្រូវ​​​ដោយ​​មាន​ចាស់​ទុំទាំង​សង​​ខាង​ដឹង​ឮផង​ ។ ក្រោយ​ពី​ភ្ជាប់​ពាក្យ​​រួច​ ឈ្មោះ ចែ​ម​ វិចិត្រ បាន​ចេញ​ចូល​ផ្ទះ​​ព្រម​ទាំង​​​បាន​រាប់​រក​អ្នកជិត​ខាង​​ជាធម្មតា និង​បាន​លក់​ម៉ូតូ​​​សេ​១២៥ ស៊េរី​​២០១២មួយ​គ្រឿង​​​មក​ឱ្យ​ឈ្មោះ សេក វណ្ឌី​ ដែល​ជា​​អនាគត​​ប្អូន​ថ្លៃ​​​ តែ​ម៉ូតូ​នោះ​នៅ​ពុំ​ទាន់​​បាន​ធ្វើស្លាក​លេខ​​​នៅឡើយ​ទេ​ ។ លុះ​នៅ​ថ្ងៃទី​១៧ សីហា ឈ្មោះ ចែម​ វិចិត្រ​ និយាយ​ថា គេ​យក​ម៉ូតូ​​​ទៅ​ធ្វើ​ស្លាក​លេខ​​​​​នៅ​ភ្នំពេញ​ឱ្យ​ហើ​យ​​ក៏​ជិះ​ម៉ូតូ​មក​ភ្នំពេញ​បាត់​ទៅ​ រហូត​ដល់​ព្រឹកថ្ងៃ​ទី​១៨ សីហា ​ក៏​ជិះម៉ូតូ​​​ត្រឡប់​មក​ផ្ទះ​វិញ​ ហើយ​ប្រាប់​ថា មិនទាន់​បាន​ស្លាក​លេខ​ទេ​ ទើប​នៅព្រឹក​ថ្ងៃទី​​១៩ ​សីហា ​​​អនាគត​​បង​ថ្លៃ​​នេះ​បាន​យក​ម៉ូតូ​​​ជិះ​ដោយ​ប្រាប់​ថាទៅយក​ស្លាក​លេខ​​​​ម្តង​ទៀត​ ។

នៅល្ងាច​​​ថ្ងៃទី​​១៩ សីហា ឈ្មោះ ចែម​ វិចិត្រ ​បាន​​ទូរ​ស័ព្ទ​​ប្រាប់​ថា មិនទាន់​​បាន​យក​ម៉ូតូ​​​ត្រឡប់​​​ទៅ​ផ្ទះ​ទេ ព្រោះ​មេ​​ប្រើ​ឱ្យ​ចុះ​​តាម​ខេត្ត​ ហើយ​ចាប់​តាំង​​ពីពេល​​នោះ​មកឈ្មោះនេះ​ក៏​បាន​ទាក់​ទង​មក​ផ្ទះ​ជារៀង​រាល់​​ថ្ងៃ ។ លុះ​មក​ដល់​​ថ្ងៃទី ​២០ សីហា ​ក៏​បាន​ទូរស័ព្ទ​​មកប្រាប់​​​ថា ចង់​ទិញ​ម៉ូតូ​SL​មួយ​គ្រឿង​ជិះ​ ហើយ​គេ​បាន​ឱ្យសេក វណ្ឌី​ បបួល​ឈ្មោះ ភី ភ័ណ ​​ទៅ​ជួយ​មើល​​​ដើម្បី​ទិញ​ម៉ូតូ​​​នៅ​ឃ្លាំង​​ក្នុង​រាជ​ធានីភ្នំពេញ​ ។ បន្ទាប់​ពី​​ឮ​បង​ថ្លៃ​​​ប្រាប់​ អនាគត​ប្អូន​ថ្លៃ​​​​ក៏​បាន​ទៅ​បបួល​ឈ្មោះ ភី ភ័ណ ដែល​ជា​អ្នក​ជិត​ខាង​​ទៅ​ជាមួយ​ ដោយ​ជិះ​ម៉ូតូ​SLរបស់​​​ឈ្មោះ ភី ភ័ណ ។ ពេល​ទៅដល់​​ភ្នំពេញ​​​ក៏​បាន​ជួប​ឈ្មោះ​ចែម​ វិចិត្រ​ ហើយ​ត្រូវ​បាន​​ឈ្មោះនេះខ្ចី​ជិះ​សាកម៉ូតូ​ម៉ាក​SL​នោះ​​ព្រោះ​ខ្លួន​ត្រៀម​នឹង​​ទិញ​ដែរ​ក៏​ជិះ​​​ទៅ​បាត់​​មួយ​គ្រឿង​ទៀត​ ។

លោក​អធិការ​​រង​បាន​ឱ្យដឹងទៀត​ថា ជន​សង្ស័យ​​ឈ្មោះ​ ចែម​ វិចិត្រ​​​​​ ធ្លាប់​​ជាប់​ចោទ​​ពី​បទ​ឆបោក​ ហើយឈ្មោះនេះ​ក៏​ធ្លាប់ជាប់​ពន្ធនាគារ​​ដែរ ។ លោក​អធិការ​​រង​បាន​បញ្ជាក់ថា លោក​នឹង​បន្ត​​ស្រាវ​ជ្រាវ​​ដើម្បី​ឈាន​ទៅ​ដល​់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ ចែម​ វិចិត្រ​ នេះយកមក​ផ្តន្ទាទោស​​តាមច្បាប់៕