ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់​ស្កាត់​​ខ្មែរ​​ចូល​​លេង​​ក្រុម​ហ៊ុន​​កាស៊ីណូ​​ទ​ទួ​ល​បាន​ការ​​អនុ​ញ្ញាត​​៩៧ ក្នុង​​នោះ​ដំណើរ​ការ​​៦១​​ក្រុម​ហ៊ុន​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​​លោក​ឧត្តម​​សេនីយ៍​ឯក សុខ ផល អគ្គ​ស្នង​​ការ​រង​នគរ​បាល​ជាតិ​​ តំណាង​​លោក​​​នាយ​ឧត្តម​​សេនីយ៍​​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ បាន​បើក​​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​គោល​ការណ៍​ណែ​នាំ​​ការ​ងារ​​គ្រប់​​ការស៊ីណូ​​ ដែល​​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​​អគ្គ​ស្នង​ការ​​ដ្ឋាន​នគរ​បាល​​ជាតិ កាល​ពី​​ព្រឹក​ថ្ងៃទី​​២៨ សីហា ដោយ​មាន​ការ​ចូល​រួម​ពី​ម្ចាស់​ក្រុម​ហ៊ុន និង​តំណាង​​កាស៊ី​ណូ​​ជាង​៦០​ ។

នៅ​ក្នុង​កិច្ច​​ប្រជុំ​នេះ ​​លោក​ឧត្ត​ម​សេនីយ៍​​ទោ ឆៃ ស៊ី​ណារិទ្ធ ប្រធាននា​​យក​ដ្ឋាន​សន្តិ​សុខ​​ផ្ទៃ​​​ក្នុង​​ក្រសួង​​មហា​ផ្ទៃ​​ បាន​គូស​បញ្ជាក់​ថា គិត​ត្រឹម​​ខែ​សីហា ឆ្នាំ​២០១២ ក្រុម​ហ៊ុន​​​​កាស៊ីណូ​​ដែល​ទទួល​​​បាន​គោល​ការណ៍​​អនុញ្ញាត​​ពី​រាជ​រដ្ឋា​​ភិបាល​​ មាន​ចំនួន​​៩៧​​ក្រុម​ហ៊ុន​ ក្នុង​នោះ​​បាន​ដំណើរ​​ការ​​​អាជីវ​កម្ម​មាន​ចំនួន​​៦១​​ក្រុម​ហ៊ុន ។ របាយ​ការណ៍​​នេះ​បាន​បញ្ជាក់​​បន្ថែម​ថា ក្នុង​នោះ​​ក្រុម​ហ៊ុន​​មាន​អាជ្ញា​ប័ណ្ណ​​ពី​ក្រសួង​​សេដ្ឋ​កិច្ច​​ និង​ហិរញ្ញវត្ថុ​​មាន​ចំនួន​​៥០​​ក្រុម​ហ៊ុន និង​​មិន​ទាន់​​មាន​អាជ្ញា​ប័ណ្ណ​​ពី​ក្រសួង​​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​​ចំនួន​១​១​ក្រុម​ហ៊ុន ។ ជា​មួយ​​​គ្នា​នេះ​​ ក្រុម​ហ៊ុន​កាស៊ី​ណូ​​ដែល​ក្ស័យ​ធន​​មាន​ចំនួន​​៦​ និង​​៣​០ក្រុម​ហ៊ុន​ទៀត​​ពុំ​ទាន​់​បាន​ដំណើរ​​ការ​អាជីវ​កម្ម​នៅ​ឡើយ ។

ចំណុច​មួយ​ចំនួន​​ដែល​​ត្រូវ​បាន​​កត់​សម្គាល់​​នោះគឺ ទោះ​​បី​​ដំណើរ​ការ​​អាជីវ​កម្ម​​កាស៊ី​​ណូ​​មាន​ការ​រីក​ចម្រើន​​ ប៉ុន្តែ​នៅ​​មិន​ទាន់​​បាន​អនុវត្ត​​ឱ្យ​បាន​​ម៉ឺ​ង​ម៉ាត់​​នូវ​គោល​ការណ៍​​របស់​រាជ​រដ្ឋា​ភិបាល​​នៅ​ឡើយ​ទេ ដូច​ជា​ការ​ហាម​ឃាត់​​ពល​រដ្ឋ​​ខ្មែរ​ចូល​លេង​ល្បែង​ដែល​​ធ្វើ​​ឱ្យ​​មតិ​សាធារណៈ​យល់​ថា អាជីវ​កម្ម​កាស៊ី​​ណូ​​​កំពុង​ធ្វើ​​ឱ្យ​​ប៉ះ​ពាល់​ដល់​ជីវភាព​សង្គម​​​​ ទន្ទឹម​នេះ​​បទ​ល្មើស​​នៅក្នុង​កាស៊ី​ណូ​​​ ក៏​បាន​​កើត​ឡើង​ជា​បន្ត​បន្ទាប់​​ដូច​ជា ករណី​ឃាត​កម្ម​ជា​ដើម ។ តាម​របាយ​ការណ៍​​បាន​បង្ហាញថា ​​​ក្នុង​រយៈ​ពេល​​៨​ខែ​ឆ្នាំ​២០១២ បទ​ល្មើស​​ក្នុង​កាស៊ី​ណូ​​បាន​កើត​ឡើង​​ចំនួន​​៧​​ករណី​ ក្នុង​នោះ​មាន​​ការ​ចាប់​​បង្ខាំង​​មនុស្ស​​ជំរិត​​ទារ​ប្រាក់​ ករណី​ជួញ​ដូរ​ និង​​ប្រើ​ប្រាស់​គ្រឿង​ញៀន ករណី​​លេង​បន្លំ​​កាស៊ីណូ ការណី​ប្រើ​ប្រាស់​​កាក់​​ក្លែង​​ក្លាយ​ និង​ករណី​​ធ្វើ​អាជីវ​កម្ម​​អន​ឡាញ​ខុសច្បាប់ ។

របាយ​ការណ៍​​របស់​នាយក​​ដ្ឋាន​​សន្តិ​សុខ​​ផ្ទៃ​ក្នុង​​ ក៏បាន​​ឱ្យ​ដឹង​​ដែរ​ថា ​រយៈ​ពេល​៨​​ខែ​ឆ្នាំ​​​២០១២ នេះ​បាន​បង្ក្រាប​​​បទ​ល្មើស​​ដែល​កើត​ឡើង​​ក្នុង​កាស៊ី​​ណូ​​បាន​ចំនួន​​​៧​​ករណី​​ និង​​បញ្ជូន​​ជន​ត្រូវ​​ចោទ​​ទៅ​​សាលា​ដំបូង​​ចំនួន​១៤​នាក់ ក្នុង​នោះ​កាស៊ីណូ​​ខេត្ត​​ស្វាយ​រៀង​​​​មាន​ចំនួន​​៥​ករណី​​​រួម​មាន ករណី​​បង្ខាំង​មនុស្ស​ជំរិត​ទារ​ប្រាក់​ចំនួន​​១​ករណី នៅ​កាស៊ី​ណូ​​បាវិត-ម៉ុក​បាយ និង​ឃាត់​ខ្លួន​​ជន​សង្ស័យ​​ចំនួន​៣​នាក់​ រំ​ដោះ​​បាន​ជន​រង​គ្រោះ​​​ម្នាក់​​ ​និង​​កសាង​សំណុំ​រឿង​​បញ្ជូន​ជន​សង្ស័យ​​៣​​នាក់​​​ទៅ​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​​ដើម្បី​​ចាត់​ការ​តាម​នីតិវិធី ។ ករណី​​ប្រើ​កាក់​​កាស៊ីណូ​​ក្លែង​​បន្លំ​​​​ចំនួន​១​ករណី នៅ​កាស៊ី​ណូ​​​ពិភព​ថ្មី ករណី​ធ្វើ​​អាជីវ​កម្ម​​អន​ឡាញ​​ខុស​ច្បាប់​​ចំនួន​២​ករណី នៅ​ផ្ទះ​​សំណាក់​​ជា​លាង កាស៊ី​ណូ​​​បាវិត-​ម៉ុក​បាយ និង​កាស៊ីណូ​​ក្រោនបាវិត​​ ឃាត់​ខ្លួន​​ និង​បញ្ជូន​​ជន​សង្ស័យ​​ទៅ​សាលា​ដំបូង​​ខេត្ត​ស្វាយ​រៀង​​ចំនួន​៦​នាក់ ។ ករណី​​លេង​បន្លំ​​កាស៊ីណូ​​ចំនួន​១​ករណី​​ នៅ​​កាស៊ី​ណូ​ឡាក់​​គី​៨៩ ។

ចំណែក​​កាស៊ីណូ​​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​​​មាន​​​២​ករណីគឺ ករណី​​ជួញ​ដូ​​រ​ ប្រើ​ប្រាស់​​គ្រឿង​ញៀន​​ខុស​ច្បាប់​​ចំនួន​១​ករណី​​ នៅ​កាស៊ីណូ​​ហ្គោល​ឌិន​​ក្រោន ដោយ​​ឃាត់ខ្លួន​​ជន​សង្ស័យ​​ម្នាក់​​ បញ្ជូន​​ទៅ​សាលា​ដំបូង​ខេត្ត​​​​​ និង​​ករណី​បង្ខាំង​​មនុស្ស​ជំរិត​​ទារ​ប្រាក់​​ចំនួន​១​ករណី​​នៅ​កាស៊ីណូ​​ស្តា​វេហ្គាស់ ដោយ​រំ​ដោះ​​ជន​រង​គ្រោះ​បាន​​ចំនួន​​៥​នាក់ និង​ឃាត់​ខ្លួន​​ជន​សង្ស័យ​​បាន​ចំនួន​​៤​នាក់ បញ្ជូន​ទៅ​លាលា​​ដំបូង​ខេត្ត​​បន្ទាយ​មាន​ជ័យ ។

លោក​ឧត្ត​​ម​សេនីយ៍​​ទោ ឆៃ ស៊ីណារិទ្ធ បាន​សង្កត់​​ធ្ងន់​ថា ម្ចាស់​កាស៊ីណូ​​ពុំ​ទាន់​​មាន​​ឆន្ទៈ​ភ្ញាក់​​រលឹក​​អនុវត្តតាម​គោល​ការណ៍​​របស់​រាជ​រដ្ឋា​ភិបាល​​ ដោយ​នៅ​តែ​​បង្កើត​​ឱ្យ​មាន​​រចនា​សម័្ពន្ធ​​ស្មុគ​ស្មាញ ​​មិន​កំណត់​​ច្រក​ចេញ​​ចូល​លេង​ល្បែង​ច្បាស់​​លាស់ និង​មិនមាន​​ប៉ុស្តិ៍​​ត្រួត​ពិនិត្យ​​ត្រឹម​ត្រូវ​​ជា​ហេតុ​​នាំ​​ឱ្យ​ពល​រដ្ឋ​ខ្មែរ​​លួច​បន្លំ​​ចូល​លេង​​ល្បែង​​ក្នុង​កាស៊ីណូ​​ ។ ជា​មួយ​នេះ ​ម្ចាស់​កាស៊ីណូ​​មិន​ទាន់​សហ​ការ​ល្អ​​ជា​មួយ​សមត្ថ​កិច្ច​​លើ​ការ​គ្រប់​គ្រង​​អាជីវ​កម្ម​​​រណប​ការ​ត្រួត​ពិនិត្យ​​​សកម្ម​ភាព​​របស់​អ្នក​​លេង​ល្បែង​​ក្នុង​កាស៊ីណូ​​ ។ ម្ចាស់​កាស៊ីណូ​​ មិន​សហ​ការ​​ផ្តល់​ព័ត៌​មាន​​ទាន់​ពេល​វេលា​​​ដែល​ជា​ហេតុ​​នាំ​​ឱ្យ​ជន​ល្មើស​​ឆ្លៀត​ឱ​កាស​​ប្រព្រឹត្ត​​បទ​ល្មើស​​ក្នុង​បរិវេណ​​កាស៊ីណូ​​ ឬ​ក្នុង​សណ្ឋា​គារ​​របស់​ខ្លួន ។

លោក​ឧត្តម​សេនីយ៍​​ឯក សុខ ផល បាន​មាន​មតិ​​ផ្តាំ​ផ្ញើ​​ និង​ណែ​នាំ​​ដល់​ម្ចាស់​កាស៊ីណូ​​ ត្រូវ​តែ​​ពង្រឹង​ការ​​ងារ​សន្តិ​សុខ​​ សុវត្ថិ​ភាព ​​កុំ​​ឱ្យ​កើត​មាន​​​អំពើ​​អវិជ្ជ​មាន​​មួយ​ចំនួន​​ដូច​ជា ការ​ធ្វើ​ភេរវ​កម្ម​​ ការ​បង្កើត​​ឱ្យ​​មាន​អសន្តិ​សុខ អំពើ​​កាប់​សម្លាប់​​ ឬ​ចាប់​ជំរិត​ទារ​ប្រាក់​​ដោយ​សារ​​ការ​ចាញ់​ល្បែង​​ក្នុង​កាស៊ីណូ​​​ ។ លោក​ឧត្ត​ម​សេនីយ៍​​ឯក បាន​ជំរុញ​​ឱ្យ​​ម្ចាស់​កាស៊ីណូ​​ត្រូវ​នាំ​គ្នា​ទប់​ស្កាត់​​កុំ​​ឱ្យ​ពល​រដ្ឋ​​ខ្មែរ​ចូល​លេង​ល្បែង​ឱ្យ​សោះ ព្រោះ​ច្បាប់​​បាន​ចែង​រួច​ហើយ​ និង​ព្យា​យាម​ទប់​ស្កាត់​​បាតុ​ភាព​ផ្សេង​​ៗ​ដែល​មាន​​កើត​ក្នុង​កាស៊ីណូ​​របស់​ខ្លួន ព្រម​ទាំង​​​គ្រប់​គ្រង​​ឱ្យ​ម៉ឺង​ម៉ាត​់​ដោយ​​សហ​ការ​ល្អ​​ជា​មួយ​សមត្ថ​កិច្ច ៕