រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២៨ សីហា បានបញ្ជូនក្រុមជួញដូរគ្រឿងញៀនចំនួន៤នាក់នៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនស្ថាប័នអយ្យការសាកសួរនិងចោទប្រកាន់ជាផ្លូវការ ។
ជនជាប់សង្ស័យជួញដូរគ្រឿងញៀនដ៏ធំនេះមាន ១-ឈ្មោះចាន់ ប្ញទ្ធីឌី អាយុ៤៥ឆ្នាំ អតីតផ្កាយ២ យោធា ២- ឈ្មោះលៀប ឈុនរី ភេទប្រុស អាយុ៣៦ឆ្នាំ ជាអង្គរក្ស និងជាអ្នកបើកបររថយន្តឱ្យឈ្មោះចាន់ឫទ្ធីឌី ៣-ឈ្មោះឌៀប ស៊ុនឡាយ ភេទប្រុស អាយុ៥១ឆ្នាំ និង៤-ឈ្មោះញ៉ែម សុខា ភេទស្រី អាយុ៤៩ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះឌៀប ស៊ុនឡាយ ។ ជាមួយនឹងការនាំខ្លួនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញនេះ សមត្ថកិច្ចក៏បានភ្ជាប់ជាមួយនូវវត្ថុតាងដែលរឹបអូសបាន រួមមានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់៩៨៩,៩ក្រាម ថ្នាំញៀនប្រភេទគ្រាប់(WY) យ៉ាម៉ា ឬយ៉ាបាចំនួន៤១.៣២៧គ្រាប់ ស្មើនឹងទម្ងន់៣.៧១៩,៥ក្រាមរថយន្ត២គ្រេឿង ទូរស័ព្ទដៃ២គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន១ និងឯកសារមួយចំនួនទៀត។
សំណុំរឿងគ្រឿងញៀនមន្ត្រីយោធាផ្កាយ២ នេះស្ថិតនៅលើលោកគី ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីសាកសួរ ដោយបានចំណាយពេលពេញ១ថ្ងៃ ទើបចោទប្រកាន់ជាផ្លូវការ ដែលការសាកសួរពីសំណាក់តំណាងអយ្យការធ្វើឡើងចំពោះមុខជនត្រូវចោទ ។
គួររំលឹកថា អតីតឧត្តមសេនីយ៍ទោឈ្មោះចាន់ ឫទ្ធីឌី ជានាយទាហានកងទ័ពជើងគោក ត្រូវបានសមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការជាមួយអាជ្ញាធរខណ្ឌមានជ័យ ព័ទ្ធចាប់ខ្លួននៅក្នុងបរិវេណភូមិគ្រឹះដ៏ស្កឹមស្កៃគ្មានពីរមួយកន្លែង ស្ថិតនៅភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៤ សីហា ឆ្នាំ២០១២ ។ តាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចចម្រុះក្នុងប្រតិបត្តិការខាងលើបានឱ្យថា មុនពេលឈានដល់ការឃាត់ខ្លួនឈ្មោះចាន់ ឫទ្ធីឌី នេះគឺនគរបាលជំនាញបានធ្វើការស្រាវជ្រាវអស់រយៈពេលជាងមួយខែកន្លងមកហើយ ទើបកំណត់បានមុខសញ្ញាដ៏ធំម្នាក់នេះ ។
មុនការចាប់ខ្លួន គឺសមត្ថកិច្ចបានប្រើប្រាស់កម្លាំងជំនាញអន្ទងទិញថ្នាំញៀនពីឈ្មោះចាន់ ឫទ្ធីឌី ចំនួនពីរខាំ ។ ពេលនោះឈ្មោះចាន់ ឫទ្ធីឌី ក៏បានយកថ្នាំញៀនប្រភេទម្សៅមកលក់ឱ្យម៉ូយតាមទីតាំងដែលបានណាត់ជួបគ្នា លុះពេលយកថ្នាំញៀនមកដល់ក៏ត្រូវក្រុមសមត្ថកិច្ចព័ទ្ធចាប់តាមដងផ្លូវ ប៉ុន្តែឈ្មោះចាន់ ឫទ្ធីឌី បានជិះរថយន្តម៉ាកធុនដ្រា មួយគ្រឿងបើករត់សំដៅទៅចូលភូមិគ្រឹះរបស់ខ្លួន ។ ពេលនោះសមត្ថកិច្ចជំនាញបង្ខំចិត្តធ្វើការឡោមព័ទ្ធចាប់ខ្លួនឈ្មោះចាន់ ឫទ្ធីឌី នៅក្នុងភូមិគ្រឹះតែម្តង និងធ្វើការឆែកឆេរលំនៅឋានភ្លាមៗរកឃើញថ្នាំញៀនគ្រាប់ប្រមាណ២ម៉ឺនគ្រាប់ និងប្រភេទម្សៅជាង២០កញ្ចប់ធំ ។
ក្រោយពេលចូលឆែកឆេរដល់ក្នុងលំនៅឋានដ៏ស្កឹមស្កៃនេះសមត្ថកិច្ចក៏បានឱ្យដឹងថា ឈ្មោះចាន់ ឫទ្ធីឌី គឺជាមុខសញ្ញារកស៊ីជួញដូរថ្នាំញៀនដ៏ធំមួយអស់រយៈពេលជាយូរមកហើយ និងពុំធ្លាប់ត្រូវបានចាប់ខ្លួនឡើយ ដោយសារឈ្មោះនេះប្រកបរបររកស៊ីបើកហាងបៀរហ្គាឌិនផឹកស៊ីមួយកន្លែងយីហោរស្មីបឹងកេងកងបន្លំភ្នែកអ្នកដទៃ ដើម្បីបិទបាំងមុខរបរជួញដូរថ្នាំញៀនរបស់ខ្លួន ។ ចំពោះហាងរស្មីបឹងកេងកងនៅវេលាល្ងាចថ្ងៃដដែល ក្រុមសមត្ថកិច្ចបានឆែកឆេររុករកថ្នាំញៀនបន្ត ប៉ុន្តែពុំទាន់ដឹងលទ្ធផលនៅឡើយទេ ។ ដោយឡែកប្រតិបត្តិការឆែកឆេរក្នុងភូមិគ្រឹះខាងលើ សមត្ថកិច្ចសម្រេចដកហូតរថយន្ត២គ្រឿង មានម៉ាកធុនដ្រា មួយគ្រឿង និងរថយន្តប្រភេទទួរីសមួយគ្រឿង ។
នៅថ្ងៃទី២៦ សីហា ជន២នាក់ប្តីប្រពន្ធក៏ត្រូវបានចាប់ខ្លួនដែរ ដែលបុរសជាប្តីឈ្មោះឌៀប ស៊ុនឡាយ និងប្រពន្ធឈ្មោះញ៉ែម សុខា ជាអ្នកអ៊ុតសក់ មានអាសយដ្ឋានផ្ទះលេខ៤៥I៨ ផ្លូវចូលវត្តអង្គតាមិញ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ការចាប់ខ្លួន២នាក់ប្តីប្រពន្ធនេះក៏មានការនាំខ្លួនអតីតផ្កាយ២ទៅចង្អុលបង្ហាញផងដែរ។
តាមប្រភពព័ត៌មានចុងក្រោយនាវេលាម៉ោង៥ល្ងាចថ្ងៃទី២៨ សីហា បានឱ្យដឹងថា ក្រុមជនត្រូវចោទមិនទាន់ដឹងថា ត្រូវចោទប្រកាន់បែបណានៅឡើយទេ ព្រោះមិនទាន់សាកសួរចប់នៅឡើយ ហើយតុលាការបានប្រគល់ជនត្រូវចោទឱ្យសមត្ថកិច្ចនាំខ្លួនត្រឡប់ទៅវិញ ដោយកំណត់សាកសួរបន្តនៅថ្ងៃទី២៩ សីហា នេះទៀត ៕










ចែករំលែកព័តមាននេះ