ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលព្រហ្មទណ្ឌផ្នែកបង្កាបង្ក្រាបបទល្មើស និងកម្លាំងកងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋានខេត្តបានឆែកឆេររកឃើញដាវសាម៉ូរ៉ៃ និងកាំភ្លើងជ័រដែលក្រុមក្មេងស្ទាវលាក់ទុកជាប់ខ្លួន ក្នុងគ្រាដែលកម្លាំងនេះចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ កាលពីយប់ថ្ងៃទី២៧ សីហា ២០១២ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង ដែលគេសង្ស័យថា ពួកគេលាក់ទុកអាវុធទាំងនេះក្នុងបំណងអ្វីមួយ។
លោកជេត វណ្ណនី ស្នងការរងខេត្តដែលដឹកនាំកិច្ចប្រតិបត្តិការនេះមានប្រសាសន៍ថា កម្លាំងរបស់លោកបានឆែកឆេររកឃើញដាវសាម៉ូរ៉ៃ១ដើម និងរបាំងមុខជ័រ១ពីឈ្មោះខៀវ ភក្តីឧត្តម ហៅភក្តី អាយុ១៦ឆ្នាំ មានទីលំនៅភូមិវត្តគ សង្កាត់វត្តគ ក្រុងបាត់ដំបង ដែលលាក់ទុកក្រោមកែបម៉ូតូម៉ាកអ៊ែប្លែក។ រីឯជនម្នាក់ទៀតឈ្មោះសួស សុភ័ក្រ អាយុ១៨ឆ្នាំ មានទីលំនៅភូមិហៃសាន្ត ឃុំជ្រៃ ស្រុកថ្មគោល បានសៀតកាំភ្លើងខ្លីជ័រមួយដើមនៅចង្កេះ ។ លោកបន្តថា យើងមិនទាន់ដឹងថា តើពួកគេលាក់ទុកអាវុធទាំងនេះជាប់ និងខ្លួនពេលយប់ក្នុងបំណងអ្វីទេ តែយើងបាននាំពួកគេទៅសួរនាំនៅស្នងការដ្ឋានខេត្ត ដើម្បីចង់ដឹងពីគោលបំណងរបស់ពួកគេ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ