ពួកបះបោរជាច្រើនរយនាក់ បានដុតកម្ទេចរថយន្តទាំងឡាយ ហើយប៉ុនប៉ងដុតព្រះវិហារគ្រឹស្ត២នៅទីក្រុងបុមបាសា ប្រទេសកេនយ៉ា ក្រោយពីពួកជនប្រដាប់អាវុធបានសម្លាប់ប្រមុខសាសនាអ៊ិស្លាមម្នាក់ដែលសហរដ្ឋអាេមរិកចោទប្រកាន់ថា រួមសហការជាមួយពួកសកម្មប្រយុទ្ធអ៊ិស្លាមនៅសូម៉ាលី ។
បាតុករម្នាក់ត្រូវស្លាប់ក្នុងអំពើហិង្សាទាំងនេះ ដែលកើតមានក្រោយការស្លាប់របស់លោកអាប៊ូដ រ៉ូហ្គោម៉ូហាម៉េដ ដែលត្រូវបាញ់ប្រហារក្នុងទីក្រុងកំពង់ផែដ៏សំខាន់នេះ ដែលមានសហគមន៍អ៊ិស្លាមភាគច្រើន ។ មេប៉ូលិសក្រុងបុមបាសា ម្នាក់បញ្ជាក់ថា លោករ៉ូហ្គោ ត្រូវសម្លាប់ពេលលោកកំពុងបើករថយន្តឯកជនមួយគ្រឿង ។ ពួកជនប្រដាប់អាវុធបានវាយប្រហារលើរថយន្តរបស់លោក ហើយលោកត្រូវគ្រាប់ស្លាប់នៅនឹងកន្លែង ។ ក្នុងការវាយប្រហារនេះ ប្រពន្ធលោករ៉ូហ្គោត្រូវរបួស ។
ពួកបាតុករដែលភាគច្រើនជាយុវជនក្រោយទទួលព័ត៌មានពីការស្លាប់របស់លោករ៉ូហ្គោ បានលើកគ្នាលុកចូលព្រះវិហារគ្រឹស្ត២ដុតជណ្តើរមុនពេលត្រូវពន្លត់ ។ ពួកគេក៏លុកចូលបំផ្លាញព្រះវិហារ៤កន្លែងទៀតដែរ ដោយកម្ទេចតុ កៅអី ហើយបំផ្លាញនៅទីតាំងវប្បធម៌នានា។ ពួកបាតុករក៏ដុតកម្ទេចរថយន្តរដ្ឋ១គ្រឿង ហើយ គប់ដុំថ្មលើបណ្តារថយន្តដែលបើកតាមផ្លូវរវាងក្រុមបុមបាសា និងប្រទេសម៉ាលី ។ ប៉ូលិសប៉ុនប៉ងបំបែកពួកបះបោរដោយការបាញ់បង្អើល និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ។ បាតុករម្នាក់ស្លាប់ដោយត្រូវគប់ដុំថ្មចំក្បាល ៕
ចែករំលែកព័តមាននេះ