ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណា​ក្លាយជា​ម្ចាស់​​​ជើង​ឯក​ខ្សែ​ក្រវាត់​​ MANSON’S WHISKY ទម្ងន់​67​គីឡូ​ក្រាម

13 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​ ៖​​ ​ព្រឹត្ត​​ិ​ការណ៍​ប្រកួត​ប្រដាល់​​ក្បាច់គុន​បុរាណ​​ខ្មែរ​ជា​លក្ខណៈ​អន្ត​រ​ជាតិ​​ដណ្តើម​​ខ្សែ​ក្រវាត់​​ MANSON’S WHISKY ទម្ងន់​៦៧​គីឡូ​ក្រាម បាន​ឈាន​ចូល​ដល់​វគ្គ​​​​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ និង​ផ្តាច់​​ព្រ័ត្រ​​ហើយ ដែល​ការ​ប្រកួត​​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​​តែ​មួយ​​តាម​រយៈ​ការ​ចាប់​​គ្រាប់​ប៉េង​ប៉ុង​​រើស​​គូ​ប្រកួត​ដូច​​ជា​លើក​មុន​​ៗ​​នៅ​លើ​សង្វៀន​​ស្ថានីយ​ទូរ​ទស្សន៍​​ប៉ុស្តិ៍​លេខ​៣​​ នា​ថ្ងៃ​​សៅរ៍​ទី​១ កញ្ញា ​ខាង​មុខ​នេះ ។

ក្នុង​ចំណោម​​កីឡា​ករ​​ជើង​ខ្លាំង​​ទាំង​៤​​រូប​ដែល​ត្រូវ​ឡើង​​មក​ប្រកួត​ជម្រុះ​​ក្នុង​ជុំ​ទី​២ ជា​បន្ត​ទៀត​​ដើម្បី​​ស្វែង​រក​តំណែង​​ជា​ម្ចាស់​ខ្សែ​ក្រវាត់​នោះ​​មាន​កីឡា​ករ​ពេជ្រ សីហា មក​ពី​សមា​គម​​កីឡា​​​ប្រដាល់​​ក្រសួង​ការ​ពារ​ជាតិ កីឡា​ករ​ Aday ton ជន​ជាតិ​ប្រេស៊ីល កីឡា​ករ​​ Simon Cec Chini ជន​ជាតិ​អីុតាល​ី​ និង​កីឡា​ករ​​ Pong Thong Jetsada ជន​ជាតិ​ថៃ ។ កីឡា​ករ​​ទាំង​៤​រូប​នេះ​សុទ្ធ​តែ​​បាន​ឆ្លង​​​​ផុត​​ពី​វគ្គ​​ប្រកួត​ជម្រុះ​ជុំ​​ទី​១​​ទាំង​អស់ ។

មុន​នឹង​ឡើង​មក​ប្រកួត​នៅ​វគ្គ​នេះ កីឡា​ករ​​ Pong Thong Jetsada បាន​ផ្តួល​​កីឡា​ករ​ឡៅ ស៊ីណាត មក​ពី​ក្លិប​​កងពល​តូច​​​ឆត្រ​យោង​៩១១ ឱ្យ​សន្លប់​​ក្នុង​ទឹក​ទី​៤ ខណៈ​កីឡា​ករ​​ Aday ton  ប្រកួត​​ក្នុង​​ថ្ងៃ​តែ​មួយ​​(ថ្ងៃទី​៤​​ សីហា) បាន​ផ្តួល​​កីឡា​ករឡុង សុវណ្ណឌឿន មក​ពី​ក្លិប​​សាល​វ័ន្ត​កីឡា ឱ្យ​សន្លប់​​នៅ​ត្រឹម​ទឹក​ទី​១ ។ ដោយ​ឡែក​​កីឡា​ករ​ពេជ្រ សីហា ប្រកួត​ឈ្នះ​​ពិនុ្ទុ​​កីឡាករ​​ភេឌី ម៉ឺនសុភា មក​ពី​ក្លិប​យុវ​ជន​អង្គរ​​នៅ​ថ្ងៃទី​១៨ សីហា ខណៈ​កីឡា​​ករ​ Sinmon Cec Chini ជន​ជាតិ​អីុតាលី ប្រកួត​ឈ្នះ​កីឡា​ករ​​ SHHE Jain Kia ជន​​ជាតិ​ម៉ាឡេ​ស៊ី ដោយ​ពិន្ទុ ។

ប៉ុន្តែ​​សម្រាប់​ការ​ជួប​គ្នា​នៅ​ក្នុង​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​​ និង​​ផ្តាច់​ព្រ័ត្រ​​​ជា​បន្ត​ទៀត​​នោះ មិន​ទាន់​ដឹង​ថា អ្នក​ណា​​មាន​​សំណាង​នោះ​ទេ ។ ​​​សម្រាប់​​ Aday ton និង Pong Thong Jetsada សុទ្ធ​តែ​ជា​ជើង​ខ្លាំង​​ធ្លាប់​មក​​ប្រកួត​​ជា​មួយ​កីឡា​​ករ​ខ្មែរជា​​​ច្រើន​លើក​​រួច​មក​ហើយ ​​​មិន​​ដែល​ធ្លាប់​ស្គាល់​​រស​ជាតិ​នៃ​ការ​បរាជ័យ​​ម្តង​ណា​ឡើយ ។ កីឡា​ករ​ Pong Thong Jetsada ធ្លាប់​​មក​​​ប្រកួត​​នៅ​​​ស្រុក​​ខ្មែរ​​៦​លើក​ឈ្នះ​ទាំង​៦​លើក រី​ឯ​​ Aday ton វិញ មក​ស្រុក​ខ្មែរ​​២​លើក ឈ្នះ​ទាំង២​លើកដែរ ។ ប៉ុន្តែ​សម្រាប់​​កីឡា​ករ​ពេជ្រ សីហា វិញ ធ្លាប់​​ចាញ់​ក្រោម​ស្នៀត​កណ្តាប់​ដៃ​​ Pong Thong Jetsada នៅ​​ទឹក​ទី​៣​រួចម្តង​​មក​ហើយ ។ លើក​នេះ​​ក្តី​សង្ឃឹម​​របស់​គេ​មាន​តែ​​ចាប់​ឆ្នោត​​ប៉ះ​ Simon Cec Chini ទេ ទើបអាច​​គេច​​ផុត​​ពី​វគ្គ​​​​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​​បាន​ បើ​​សិន​ជា​ជួប Pong Thong Jetsada និង Adayton វិញ គឺ​ចប់​​ហើយ ។

ឯ​គូ​ប្រកួត​មិត្ត​ភាព​វិញ ជន់ ជំនិត មក​ពី​ក្លិប​​ស៊ីម៉ាក់​​ ជួប​ប្រកួត​ជា​មួយ​វ៉ាន់ ចាន់​វៃ មក​ពី​ក្លិប​​សិង្ហ​កីឡា និង​សេង កំសត់ មក​ពី​ក្លិប​​ខេមរិន្ទ​​មាន​ឫទ្ធិ ជួប​ប្រកួត​ជា​មួយ​​ប៊ុន ឈុនហេង មក​ពី​ក្លិប​​សម្រែក​រាជ​សីហ៍​​បង្ក្រាប​គ្រឿង​ញៀន ៕