រាជធានីភ្នំពេញ ៖ កិច្ចប្រជុំពិភាក្សាស្តីពីការបន្តការសិក្សារបស់ក្រុមយុវជនស្ម័គ្រចិត្តបានធ្វើឡើងនៅសាលប្រជុំទីស្តីការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី២៧ សីហា ២០១២ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី អឹុម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដោយមានការចូលរួមពីលោកជំទាវ អស់លោក តំណាងក្រសួងអប់រំ យុវជន និងកីឡាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រុមយុវជនកុលបុត្រខ្មែរ និងគ្រឹះស្ថានឧត្តមសិក្សាពាក់ព័ន្ធចំនួន២១សាកលវិទ្យាល័យ។
ថ្លែងក្នុងពិធីនោះលោកទេសរដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំអំពីសារសំខាន់នៃការចូលរួមក្នុងយុទ្ធនាការពីក្រុមយុវជនស្ម័គ្រចិត្តដោយសហការជាមួយក្រុមការងារបច្ចេកទេស ដើម្បីជំរុញឱ្យមានល្បឿនក្នុងការចុះបញ្ជីីដីផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា យុវជនស្ម័គ្រចិត្តមិនត្រឹមតែទទួលបានបទពិសោធន៍លើការងារដីធ្លីប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងធំធេងក្នុងការជួយដល់ប្រជាពលរដ្ឋដើម្បីទទួលបាននូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ហើយប្រជាពលរដ្ឋមានការពេញចិត្តចំពោះសកម្មភាពរបស់ក្រុមយុវជនស្ម័គ្រចិត្ត ។ រហូតមកដល់ពេលនេះមានយុវជនស្ម័គ្រចិត្តចំនួន១.៦៧០នាក់ កំពុងចុះវាស់វែងដីធ្លីនៅតាមបណ្តាខេត្តគោលដៅចំនួន២១ខេត្ត ។
ក្រោយពីបានពិភាក្សាគ្នារួចមកអង្គប្រជុំបានសម្តែងការប្តេជ្ញាគាំទ្រពេញទំហឹងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយចាស់ សកម្មភាពថ្មី ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានអនុញ្ញាតឱ្យយុវជនបន្តចូលរួមចំណែកនៅក្នុងសកម្មភាព ហើយគ្រប់គ្រឹះស្ថានឧត្តមសិក្សាបានប្តេជ្ញាគាំទ្រធានាពីពេលវេលា និងគុណភាពសិក្សារបស់និស្សិតដែលជាយុវជនស្ម័គ្រចិត្ត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ