ខេត្តបន្ទាយមានជ័យ ៖ កាលពីល្ងាចថ្ងៃទី២៥ សីហា ២០១២ កន្លងមក ប្រតិភូស្រុកអូរជ្រៅ ចំនួនជាង៣០នាក់ដែលដឹកនាំដោយលោកកែវ សែន អភិបាលស្រុកតបានទៅទស្សនកិច្ចនៅប្រាសាទស្តុកកក់ធំ ដែលជាកេរដំណែលរបស់ខ្មែរ តែសព្វថ្ងៃនៅក្នុងទឹកដីថៃទល់មុខភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
លោកវុឌ្ឍី ដាណៃ សាវ៉ាតឌីណាត់រីណាត អភិបាលស្រុកគោកធ្យូង ប្រទេសថៃ និងមន្ត្រីស៊ីវិលកងកម្លាំងប្រដាប់អាវុធបានមកទទួលប្រតិភូកម្ពុជា ក្នុងក្បួនរថយន្តផ្ទាល់ខ្លួនត្រង់ចំណុចទីតាំងដែលគ្រោងបើកច្រកព្រំដែនតំបន់ថ្មី ណូនម៉ាក់មុនបឹងស្នោរដោយធ្វើដំណើរកាត់តាមផ្លូវកៅស៊ូក្រវាត់ព្រំដែនថៃ និងផ្លូវលំដីក្រហមកាត់ចម្ការដំណាំចូលពីក្រោយរួចឡើងផ្លូវកៅស៊ូធំចំពីមុខប្រាសាទវិញ ។ ប្រាសាទដ៏ធំមួយនេះសាងសង់អំពីថ្មភក់ដែលជាកេរដំណែលរបស់ដូនតាខ្មែរ តែឥឡូវនេះគួរឱ្យសោកស្តាយណាស់បែរជាស្ថិតក្នុងទឹកដី និងការគ្រប់គ្រងដោយថៃទៅវិញ ។
មគ្គុទ្ទេសក៍ទេសចរណ៍ថៃម្នាក់បានរៀបរាប់ប្រាប់សមត្ថកិច្ចកម្ពុជាថា ប្រាសាទនេះសាងសង់ក្បែរព្រៃកក់ដ៏ធំមួយ និងព័ទ្ធដោយព្រៃឈើដ៏មានម្លប់ត្រជាក់ត្រឈឹងត្រឈៃ តែពេលនេះព្រៃក្រាស់ជុំវិញនោះត្រូវបាត់បង់ ក្លាយទៅជាដីចម្ការ និងស្រែរបស់អ្នកភូមិ ហើយជនជាតិថៃនៅទីនោះមួយចំនួនធំដើមកំណើតខ្មែរ ។ ប្រាសាទស្តុកកក់ធំសាងសង់អំពីថ្មភក់មានកំពូលកណ្តាលខ្ពស់សន្លឹមក្នុងនោះមានតម្កល់យោនីនាងឧមា មានសភាពបាក់បែកមួយ ប៉ុន្តែគេនៅតែគោរពសក្ការជាខ្លាំង ។ ប្រាសាទនេះកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ័ន្មទី៤ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕





ចែករំលែកព័តមាននេះ