ម៉ាស៊ីនឃោសនាផ្លូវការភូមារាយការណ៍កាលពីយប់ថ្ងៃទី២៧ សីហា ពីការរុះរើគណៈរដ្ឋមន្ត្រីដែលតាមរយៈការរុះរើនោះលោកប្រធានាធិបតីថេនសេន ដែលបង្កើនការកែទម្រង់ចាប់តាំងពីលោកចូលកាន់អំណាចពីដំណាច់ខែមីនា ឆ្នាំ២០១១មក បានជ្រើសតាំងមនុស្សទាំងឡាយរបស់លោកជាពួកអ្នកកែទម្រង់និយមប្រឈមមុខនឹងពួកអភិរក្សនិយម។
រដ្ឋមន្ត្រីគន្លឹះ៤រូបរដ្ឋាភិបាលរបស់លោកត្រូវជ្រើសតាំងឱ្យកាន់តំណែងរដ្ឋមន្ត្រីអមវិមានប្រធានាធិបតីក្នុងនោះមានរដ្ឋមន្ត្រីផ្លូវដែកលោកអួ៊ង មីនជាតួអង្គសំខាន់នៃការចរចាសន្តិភាពជាមួយបណ្តាពួកឧទ្ទាមជនជាតិភាគតិច ។ រដ្ឋមន្ត្រីឧស្សាហកម្មលោក SOE THEIN រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក HLA TUN និងរដ្ឋមន្ត្រីផែនការនិងការអភិវឌ្ឍន៍ជាតិ លោកទីនណាំងថេន សុទ្ធតែត្រូវជ្រើសតាំងឱ្យមកនៅអែបជាមួយប្រមុខរដ្ឋហើយអ្នកទាំងនោះត្រូវជ្រើសរើសមនុស្សជំនួស ។
ផ្ទុយទៅវិញ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក KYAW HSANN ជាអ្នកអភិរក្សនិយម ត្រូវដកដំណែងហើយជំនួសដោយលោកAUNG KYI អតីតរដ្ឋមន្ត្រីការងារ ជាអ្នកធ្លាប់ជួបជាមួយមេដឹកនាំប្រឆាំងលោកស្រី អ៊ួង សាន់ ស៊ូជី ជាច្រើនលើកពេលលោកស្រីជាប់ឃុំឃាំងក្នុងផ្ទះ ហើយធ្លាប់ប្រាស្រ័យទាក់ទងជាបន្តបន្ទាប់រវាងលោកស្រីស៊ូជីនិងរបបយោធា ។
ក្នុងការរុះរើរដ្ឋាភិបាលនោះអតីតរដ្ឋមន្ត្រីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលោក AYE MYINI ត្រូវបានតែងតាំងជារដ្ឋមន្ត្រីឧស្សាហកម្មជំនួសលោក SOE THEIN ។ អតីតរដ្ឋមន្ត្រីសណ្ឋាគារនិងទេសចរណ៍និងជាអតីតរដ្ឋមន្ត្រីកីឡាលោក U HSAN កាន់រដ្ឋមន្ត្រីក្រសួងកីឡា ៕
ចែករំលែកព័តមាននេះ