ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២ថ្ងៃ​លង់​​ទឹក​ស្លាប់​៣​នាក់ ​​នៅ​​ខេត្ត​ពោធិ៍​សាត់ មិន​ទាន់​រក​សព​ឃើញ​

13 ឆ្នាំ មុន

​ខេត្ត​ពោធិ៍​​សាត់ ៖ យ៉ាង​ហោច​ណាស់​ក្នុង​រយៈ​ពេល​២​ថ្ងៃ​មាន​មនុស្ស​៣​នាក់ បាន​លង់​ទឹក​ស្លាប់​នៅ​កន្លែង​​ផ្សេង​​គ្នា​ហើយ​​មក​ដល់​ពេល​នេះ​រក​​​សព​​មិនទាន់​ឃើញ​នៅឡើយ​ទេ ។

ប៉ូលិស​​ឱ្យ​ដឹងថា កាល​ពី​ថ្ងៃ​ទី​២៦ សីហា ២០១២ ​វេលា​ម៉ោង​​៤​និង​៣០​នាទី​រសៀលបុរស​ម្នាក់​បាន​លង់​ទឹក​ស្លាប់​​នៅ​រមណីយ​ដ្ឋាន​​កោះ​ថាស ​ស្ថិត​ក្នុង​ឃុំ​​បាក់​ចិញ្ចៀន ស្រុក​ភ្នំ​​ក្រវាញ ។ ជ​ន​រងគ្រោះ​ឈ្មោះ​ញ៉ក់ ញឿន ​ភេទប្រុស អាយុ​​៣០​ឆ្នាំ ​រស់​នៅ​​ស្រុក​​កំរៀង ខេត្ត​​បាត់​ដំបង ​បាន​នាំ​ក្រុម​គ្រួសារ និង​បង​ប្អូន​​មក​លេង​កោះ​ថាស ។ ​ខណៈ​​ពេល​ក្រុម​គ្រួសារ​​កំពុង​ហូប​​ចុក​​នៅ​លើ​គោក​ជន​រងគ្រោះ​បាន​ចុះ​ងូត​​ទឹក​លេង​ម្នាក់​ឯង​ក៏​បាត់​រហូត​តែ​ម្តង ។

ដោយ​ឡែក​កាលពី​ថ្ងៃទី​២៧ សីហា ​វេលា​ម៉ោង​​៤​រសៀល​​ក្មេង​ស្រី​ម្នាក់​ឈ្មោះ​​អៀង ស្រីណា អាយុ​៣​ឆ្នាំ ​នៅភូមិ​​ក្បាល​​ហុង ​សង្កាត់​​បន្ទាយ​ដី ​ក្រុង​ពោធិ៍​សាត់ បាន​ចុះ​លេង​ទឹក​ស្ទឹង​​លង់​ស្លាប់ ​ខណៈ​ពេល​ឪពុក​​ម្តាយ​ជាប់​រវល់​​ការងារ​ពុំ​បាន​ដឹង ។ នៅថ្ងៃដដែល​​វេលា​ម៉ោង​៥​ល្ងាចបុរស​ម្នាក់​បាន​ធ្លាក់​​ចូល​ក្នុង​ស្ទឹង​ទាំង​រថយន្ត​ទាំង​មនុស្ស​លិច​ក្នុង​ទឹក​​ជា​ច្រើន​ម៉ោង លុះ​​ពេល​ស្ទូច​​រថយន្ត​ចេញ​​មក​មិន​ឃើញ​​​សព​ទេ ប៉ុន្តែ​​បែក​កញ្ចក់​រថយន្ត​​មុខ​ក្រោយ​ដែល​ធ្វើ​​ឱ្យ​​អ្នក​ខ្លះ​ថា ស្លាប់​ និង​អ្នក​​ខ្លះ​ទៀត​ថា អាច​នៅ​រស់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕