ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​មេ​ដាយ​មាស​អូ​ឡាំ​ពិក​ទី​ក្រុង​ឡុង​ម៉ូ ហ្វា​រ៉ា​ឈ្នះ​ជើង​ឯក​រត់​ប្រណាំង ​Diamond​ League​លើ​ទឹក​ដី​កំណើត

13 ឆ្នាំ មុន

ម៉ូ ហ្វា​​រ៉ា​​បាន​​បង្ហាញ​​ឱ្យ​ឃើញ​​នូវ​​សមត្ថ​​ភាព​  រ​បស់​​ខ្លួន​​សា​ជា​​ថ្មី​ក្នុង​​នាម​​ជា​ម្ចាស់​មេដាយ​មាស​អូ​ឡាំ​ពិក​ទី​ក្រុង​ឡុង​ឆ្នាំ ២០១២​លើ​វិញ្ញាសា​រត់​ចម្ងាយ​៥ពាន់​ម៉ែត្រ​និង​១​ម៉ឺន​ម៉ែត្រ​ដោយ​បាន​យក​ឈ្នះ​ជើង​ឯក​កម្ម​វិធី Diamond League​នៅ​ទី​ក្រុង​ Birmingham​ប្រ​ទេស​អង់​គ្លេស​កាល​ពី​ថ្ងៃ​ចន្ទ​ទី​២៧​សី​ហា ។​

ជ័យ​ជម្នះ​​ក្នុង​កម្ម​វិធី​ដែល​មាន​ចម្ងាយ​​ប្រ​ហែល​ជា​៣​គីឡូ​ម៉ែត្រ​ខាង​លើ​បាន​ផ្តល់​នូវ​ការ​លើក​ទឹក​ចិត្ត​និង​ក្តី​រីក​រាយ​ជា​ខ្លាំង​ដល់​អត្ត​ពលិក​វ័យ​២៩​ឆ្នាំ​ ម៉ូ​ ហ្វា​រ៉ាខណៈ​កាល​ពី​ថ្ងៃ​សុក្រ​ ភរិ​យា​របស់​គេ​ទើប​តែ​ប្រ​សូត្រ​បាន​កូន​ស្រី​ភ្លោះ​ពី២​នាក់ ។

​គេ​បាន​ថ្លែង​ថា ៖«នេះ​ជា​ឆ្នាំ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ខ្ញុំ ។ វា​ប្រ​ហែល​ជា​មិន​អាច​កើត​មាន​ជា​ថ្មី​បាន​ទេ​ ។ ដណ្តើម​បាន​មេដាយ​មាស​២​គ្រឿង​រួម​ជា​មួយ​និង​កូន​ស្រី​២​នាក់ ។ វា​ពិត​ជា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ខណៈកូន​ស្រី​២នាក់​ទើប​តែ​កើត​ហើយ​ខ្ញុំ​បន្ត​ការ​ប្រ​កួត​ក្នុង​កម្ម​វិធី​នានា​ ។ មុន​ការ​ចាប់​ផ្តើម​រត់ ខ្ញុំ​ហាក់​បា​រម្ភ​បន្តិច​ដែរ ដ្បិត​ខ្ញុំ​មិន​បាន​ហ្វឹក​ហាត់​ច្រើននោះ​ទេ​ ។ ដូច្នេះ​ជ័យ​ជម្នះ​នេះ​គឺ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់ »។

លើ​វិញ្ញាសា​រត់​ចម្ងាយ​១០០​ម៉ែត្រ​ផ្នែក​នា​រី​វិញ ម្ចាស់​មេដាយ​ប្រាក់​អូ​ឡាំ​ពិក​ក្រុង​ឡុង​ Carmelita Jeter​បំ​បាក់​ម្ចាស់​មេដាយ​មាស​នាង  Shelly-Ann Fraser-Pryce។ សម្រាប់​អ្នក​ទាំង​២​ នេះ​គឺ​ជា​លើក​ទី​២​ហើយ​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ដែល​ពួក​គេ​បាន​ចូល​រួម​រត់​ចម្ងាយ​១០០​ម៉ែត្រ ។ Carmelita Jeter​បាន​ឆ្លង​កាត់​​គំ​នូស​ខ្សែ​ព្រ័ត្រ​ក្នុង​ថិរវេលា ​១០.៨១​វិ​នា​ទី​ដូច​គ្នា​នឹង​ថិរវេលា​ដែល​នាង​ធ្វើ​បាន​នៅ​ទី​ក្រុង Lussane​ប្រ​ទេស​ស្វ៊ីស​ដើម​សប្តាហ៍​នេះ ។​

លើ​វិញ្ញាសា​លោត​កំ​ពស់​វិញ  អត្ត​ពលិក Robbie Grabarzដណ្តើម​បាន​ជ័យ​ជម្នះ​បន្ទាប់​ពី​លោត​បាន​កំ​ពស់​ ២.៣២​ម៉ែត្រ​ ។ ម្ចាស់​មេដាយ​សំ​រឹទ្ធិ​អូ​ឡាំ​ពិក​ក្រុង​ឡុង​រូបនេះ​បាននិយាយ​ថា​៖«ឆ្នាំ​ទៅ​មិញ​ ខ្ញុំ​បាន​យក​ឈ្នះ​ជើង​ខ្លាំង​​ជាច្រើន​នាក់​ទើប​មាន​ឱកាស​ចូល​រួម​ក្នុង​ព្រឹត្តិការ​ណ៍​អូឡាំ​ពិក​ ។ ពេល​នេះ​ ការ​ប្រ​កួត​ខ្ញុំ​មាន​ការរីក​ចំ​រើន​ច្រើនខ្លាំង​​ »៕