ខេត្តសៀមរាប ៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏គួររន្ធត់មួយបានកើតឡើងដែលបង្កឡើងដោយរថយន្តឈ្នួលម៉ាកកាមរី ស៊េរី១៩៩៥ ពណ៌សំបកឪឡឹក មួយគ្រឿង ដែលមានផ្ទុកអ្នកដំណើរជនជាតិបរទេស និងខ្មែរផងសរុបចំនួន៧នាក់ពីប៉ោយប៉ែតសំដៅចូលក្រុងសៀមរាប ក្នុងល្បឿនលឿនបានរេចង្កូតទៅបុកដើមគគីរមួយដើមក្បែរចិញ្ចើមថ្នល់ បណ្តាលឱ្យស្លាប់មនុស្ស២នាក់ម្តាយ និងកូនប្រុសអាយុ២ឆ្នាំ ព្រមទាំងរបួសធ្ងន់ និងស្រាល៤នាក់ ។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិថ្នល់សង្កាត់ស្រង៉ែ ក្រុងសៀមរាប កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៥ សីហា ២១០១២ ។
សមត្ថកិច្ចនគរបាលចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់បង្កដោយខ្លួនឯងនេះ បានកើតឡើងខណៈពេលដែលរថយន្តឈ្នួលម៉ាកកាមរីស៊េរី១៩៩៥ ពណ៌សំបកឪឡឹក ចាស់មួយគ្រឿងនោះ បើកដោយបុរសឈ្មោះពឿត អាយុប្រមាណជាង៤០ឆ្នាំ ផ្ទុកអ្នកដំណើរសរុបចំនួន៧នាក់ ចេញមកពីតំបន់ក្រុងប៉ោយប៉ែត ក្នុងល្បឿនលឿនទំនងអ្នកបើកបរងងុយដេកផង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅបុកផ្ទប់ដើមគគីរពេញទំហឹងរួញជាប់តែម្តង ។ បន្ទាប់ពីកើតហេតុគេឃើញបុរសអ្នកបើកបររថយន្តបានចេញពីក្នុងរថយន្តហើយគេចខ្លួនបាត់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕







ចែករំលែកព័តមាននេះ