ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ែន​ឌី មូរ៉េ សារ៉ា​ប៉ូវ៉ា​និង​នាង​លី​ណា​ឈ្នះ​ជុំ​បើក​ឆាក​ប្រកួត​វាយ​កូន​បាល់​ក្រប​ខណ្ឌ​ U.S​Open​នៅ​អា​មេ​រិក

13 ឆ្នាំ មុន

ម្ចាស់​​មេ​ដាយ​​មាស​​អូ​​ឡាំ​​ពិ​ក​​ក្រុង​​ឡុង​​ឆ្នាំ​​២០១២​​អ៊ែន​​ឌី មូ​រ៉េ​បាន​​បង្ហាញ​​ឱ្យ​​ឃើញ​​នូវ​ភាព​ខ្លាំង​របស់​ខ្លួន​ជា​ថ្មី​ម្តង​ទៀត​បន្ទាប់​ពី​បាន​ឆ្លង​ផុត​ជុំ​ទី​១​ក្រប​ខណ្ឌធំ U.S Openនៅ​ទី​លាន USTA Billie Jean King National Tennis Center​ក្រុង​ញូវ​យ៉ក​សរដ្ឋ​អា​មេរិក​កាល​ពី​ថ្ងៃ​ចន្ទទី​២៧​សី​ហា ។ ក្នុង​ពេល​ដំ​ណាលគ្នា​នោះ​​​​ កីឡា​ការិនី​រុស្ស៊ី​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​ដែល​ជា​ម្ចាស់​មេ​ដាយ​​​ប្រាក់​អូ​ឡាំ​ពិក​ក្រុង​ឡុង​និង​កីឡាការិនី​ចិន​លី​ណា​ក៏​បាន​ឆ្លង​ផុត​ជុំ​ទី​១​នោះ​ផង​ដែរ ។​

នៅ​ក្នុង​ការ​ប្រ​កួត​ដែល​មាន​រយៈ​ពេលជាង​​២​ម៉ោង មូ​រ៉េ​បាន​យក​ឈ្នះ​កីឡាករ​រុស្ស៊ី Alex Bogomolov​ក្នុង​លទ្ធផល ៦-២, ៦-៤​និង​៦-១ ។​ គេ​បាន​ថ្លែង​ថា​៖« ការ​ប្រ​កួត​របស់​ខ្ញុំ​បាន​ល្អ​គួរ​សម​ ។ ចាប់​ផ្តើម​ដំ​បូង​ ពួក​យើង​បាន​វាយ​សម្រុក​លើ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ខ្លាំង ។ ខ្ញុំ​ពិត​ជា​ដឹងថា​ ការ​វាយ​សឺ​វីស​ពេល​ចាប់​ផ្តើម​ដំ​បូង​របស់​ខ្ញុំ​មិន​ល្អ​ទេ​ ប៉ុន្តែខ្ញុំ​បាន​ប្រឹង​ប្រែង​រហូត​អាច​យក​ឈ្នះ​៣​សិត​ផ្ទួន​ៗ​គ្នា »។​

មូ​រ៉េ​ដែល​កំពុង​ព្យាយាម​ដណ្តើម​យក​ពាន​ក្រប​ខណ្ឌធំ​ឱ្យ​ខាង​តែ​បាន​ជា​លើក​ទី​១​ក្នុង​អា​ជីព​នៅ​ជុំ​ទី​២​នឹង​ប៉ះ​ជា​មួយ​កីឡាករ​ក្រូ​អា​ស៊ី Ivan Dodigឬកីឡាករ​ជប៉ុន​ Hiroki Moriya ។ ​ចំណែក​នាង​ម៉ារី​យ៉ា សា​រ៉ា​ប៉ូ​វ៉ា​មិន​ដូច​ជា​ឆ្នាំ​មុន​ទេ​គឺ​បាន​ឡើង​ទៅ​ជុំ​បន្ត​យ៉ាង​ងាយ​ស្រួល​ខណៈ​បាន​បំ​បាក់​គូ​ប្រ​កួត​មក​ពី​ប្រ​ទេស​ហុង​គ្រី​Melinda Czinkក្នុង​លទ្ធផល​២​សិត​ទល់​នឹង​សូន្យគឺ ៦-២​និង​ ៦-២​ ។ គេ​នៅ​ចាំ​បាន​ថា កាល​ពី​ឆ្នាំ​ទៅ​មិញ​ក្នុង​ក្រប​ខណ្ឌនេះ​ សារ៉ា​ប៉ូ​វ៉ា​​ឆ្លង​ផុតជុំ​ទី​១​ទាំង​ប្រ​វេ​ប្រ​វា​ដោយ​​ឈ្នះ​កីឡាការិនី​លំ​ដាប់​ទី​១០២​របស់​អង់​គ្លេស​ហេឌ័រ វ៉ត​សុន​ក្នុង​លទ្ធផល​៣-៦,៧-៥​និង​៦-៣ ​​។

ដោយ​ឡែក​នៅ​ជុំ​ទី​១​ឆ្នាំ​នេះ​ នាង​សារ៉ា​ប៉ូ​វ៉ា​ដែល​ធ្លាប់​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​ចំនួន​៣លើក​និង​ជា​ម្ចាស់​ពាន​នេះ​​កាល​ពី​ឆ្នាំ ២០០៦​ធ្វើ​បាន​ល្អ​គួរ​សម​ដោយ​នាង​អាច​យក​ឈ្នះ​កីឡា​ការិ​នី​​​លំ​ដាប់​ទី​៨៨​ពិភពលោក Melinda Czink តែ​ក្នុង​៦៧​នា​ទី​ប៉ុណ្ណោះ ។​
ថ្លែង​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​​ ​នាង​បាន​បញ្ជាក់​ថា ៖«នាង Melinda Czink​ពិត​ជា​ខ្លាំង​មែន​ ។ ការ​ប្រកួត​របស់​នាង​ក្នុង​សិតទី​១ពិត​ជា​ល្អ​ខ្លាំង​ណាស់​។ ចំណែ​ក​ខ្ញុំ​វិញ​ធ្វើ​​ឱ្យ​មាន​កំ​ហុស​​ច្រើន​»។​​ នាង​​បាន​បន្ត​ថា​៖«ការ​ព្យាយាម​ដោយ​អំណត់​់​ទី​បំ​ផុត​​ខ្ញុំ​អាច​យក​ឈ្នះ​ការ​ប្រកួត​បាន​»។

នាង​ Melinda Czinkវិញ​បាននិយាយ​ថា​៖«ការ​ប្រកួត​ក្នុង​ថ្ងៃ​នេះ​សម្រាប់​ខ្ញុំ​គឺ​ពោរ​ពេញ​ទៅ​ដោយ​ភាព​រីក​រាយ​។ ខ្ញុំ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ច្រើន​ពី​សំ​ណាក់​អ្នក​ទស្ស​នា ​។ ខ្ញុំ​ឮគេ​ស្រែក​ហៅ​ខ្ញុំ​ថា ស៊ីន​ដេរី​ឡា​។ ​ខ្ញុំ​ពិត​ជា​ ភ្ញាក់​ផ្អើល​ខ្លាំង​ដែល​ពួក​គេ​បាន​ប្តូរ​ឈ្មោះ​ខ្ញុំ​ដូច្នេះ​។ ផ្ទុយ​ពី​ការ​គិត​របស់​ខ្ញុំ​នៅ​មុន​ការ​ប្រកួត​ដែល​ថា​ នឹង​មាន​ការ​គាំ​ទ្រ​លើ​នាង​សារ៉ា​ប៉ូ​វ៉ា​ច្រើន​ជាមិន​ខាន​»។
នៅ​ជុំ​បន្ទាប់​សា​រ៉ា​ប៉ូ​វ៉ា​នឹង​ជួប​ប្រកួត​ជា​មួយ​កីឡាការិនី​អេស្ប៉ាញ​ Lourdes Dominguez  Lino​ ។

នាង​លី​ណា​ដែល​ដណ្តើម​បាន​ពាន​ជើង​ឯក​ក្រប​ខណ្ឌ French Openកាល​ពី​ឆ្នាំ​​២០១១​ក៏​បាន​ឈាន​ចូល​ដល់​ជុំ​ទី​២ផងដែរ​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី​អង់​គ្លេស​​ហេឌ័រ វ៉ត​សុន​ក្នុង​លទ្ធផល​៦-២និង​៦-៣ ។ នាង​បាន​និយាយ​ថា ៖«ពេល​នេះ​ ខ្ញុំ​មាន​ជំ​នឿ​ចិត្ត​លើ​ខ្លួន​ឯង​កាន់​តែ​ច្រើន​ឡើង​ ។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ដែល​បាន​ឈ្នះ​ការ​ប្រ​កួត​ជុំ​ទី​១ ។ ២-៣ឆ្នាំ​មុន ខ្ញុំ​តែ​ង​តែ​បរា​ជ័យ​នៅ​ក្នុង​ជុំ​នេះ​ ​» ។

​លី​ណានៅ​ក្នុង​ការ​ប្រ​កួត​លើក​នេះ​ដែល​បាន​ប្រើ​ពេល​អស់​១​ម៉ោង​និង​២១នា​ទី​បាន​យក​ឈ្នះ​ពិន្ទុ​សឺ​វីស​ទី​១​ចំ​នួន ៧៥​ភាគ​រយ​ហើយ​គ្មាន​កំ​ហុស Double fault​ឡើយ ។​ នៅ​ជុំ​បន្ទាប់​ នាង​នឹង​ប៉ះ​ជា​មួយ​កីឡាការិនី​អូ​ស្ត្រា​លី Casey Dellacqua ។ រវាង​ពួក​គេ​ទាំង​ពីរ​គឺ​ធ្លាប់​ជួប​គ្នា​ចំ​នួន​៣​លើក​រួច​មក​ហើយ​ដែល​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ ២០០៨ ។ នៅ​ក្នុង​ការ​ជួប​គ្នា​ចំនួន​៣លើក​នោះ លី​ណា​ឈ្នះ​ទាំង​អស់ ៕