ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

TUNDRA ពន្លះ​ម៉ូតូ​ស្មាស់​​ពី​ក្រោយ​​រួច​បោល​ទៅ​បុក​ហាង​គុយ​ទាវ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​ TUNDRA ពណ៌​ឈាម​ជ្រូក ​មួយ​គ្រឿង បើក​​​ដោយ​បុរស​ម្នាក់​​ក្នុង​ស្ថាន​ភាព​ស្រវឹង​ស្រា​បាន​ពន្លះ​​ម៉ូតូ​ស្មាស់​ពីក្រោយ​ ខណៈ​ឈប់​​ម៉ូតូ​ចាំ​ដឹក​ប្អូន​​ស្រី​នៅ​ចំណុច​មុខ​ហាង​មួយ​ តាម​បណ្តោយ​ផ្លូវ​លេខ​១៩៨៦ និង​ប៉ើង​​ប្រមាណ​១០​ម៉ែត្រ ​បណ្តាល​​ឱ្យ​រង​របួស​ឃើញ​បែប​នេះ​​អ្នក​បើក​បរ​រថយន្ត​ ​ស្មាន​តែ​អ្នក​បើក​​​ម៉ូតូ​ស្លាប់​​ក៏​បន្ថែម​ល្បឿន​​យ៉ាង​លឿន​ក្នុង​បំណង​រត់​គេច​​ខ្លួន ប៉ុន្តែ​បាន​ប្រមាណ​​១​គីឡូ​ម៉ែត្រ​​ពី​កន្លែង​​កើតហេតុ​រថយន្ត​ក៏​បាន​បោល​ទៅ​បុក​ផ្ទះ​ល្វែង​សង់​អំពី​ឈើ​ជា​ហាង​គុយ​ទាវ​នៅ​ចំណុច​​ខាង​លិច​​ស្តុប​ផ្សារ​ដីហុយ ផ្លូវ​ភ្នំពេញ-ហាណូយ រហូត​បុក​ចូល​ពី មុខ​​ប្រមាណ​៣​ម៉ែត្រ បណ្តាល​ឱ្យ​ខូច​ខាត​សម្ភារ​ក្នុង​ផ្ទះ រួម​ទាំង​​ម៉ូតូ​១​គ្រឿង​​ធ្វើ​ឱ្យ​ម្ចាស់​​ផ្ទះព្រលឹង​ចុង​សក់​ ។

ទោះ​បី​ជា​យ៉ាងណា​ម្ចាស់​ផ្ទះ​មិន​មាន​រង​របួស​នោះទេ ។ ​ហេតុការណ៍​នេះ​​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង១១​និង​១០​នាទី​យប់​​ថ្ងៃទី​២៧ សីហា ២០១២ ​នៅ​ក្នុងភូមិ​រោង​ចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ចំពោះ​​ម្ចាស់​ផ្ទះ​ដែល​រងការ​ខូចខាត​​ដោយ​រថយន្ត​ខាងលើ​​បុក​នោះ​ឈ្មោះ​សាត ប៉ូល័ក្ខ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ​ស្នាក់​នៅ​ភូមិ-សង្កាត់​​កើតហេតុ​ខាង​លើ។  ចំណែក​​​ជន​រងគ្រោះ​ជាអ្នក​បើក​​​ម៉ូតូស្មាស់​​មិន​បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ ព្រោះ​ត្រូវបាន​បញ្ជូន​​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ។

ប្រភព​​ព័ត៌​មាន​នៅ​កន្លែង​កើតហេតុ​​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្តបង្ក​ខាងលើ​​បើក​​ដោយ​បុរស​ម្នាក់​ ក្នុង​ស្ថាន​ភាព​​ស្រវឹង​ស្រា​ជោក​ជាំ​បោះពួ​យតាម​បណ្តោយ​ផ្លូវ​​១៩៨៦ ពី​កើត​​ទៅ​លិច​​ស្រាប់​តែ​​មក​ដល់​ចំណុច​ហាង​រាត្រី​ភ្នំពេញ ក៏​បាន​បុក​ចំពី​ក្រោយ​ម៉ូតូ​ស្មាស់​​ដែល​បុរស​ម្នាក់​កំពុង​ឈប់​​ចាំ​ដឹក​ប្អូនស្រី​ចេញពី​ធ្វើការ​ក្នុងហាង​ ហើយ​បុរស​ជិះ​ម៉ូតូ​បាន​ខ្ទាត​ចម្ងាយ​ប្រមាណ​​១០​ម៉ែត្រ ​ដោយ​អ្នក​បើក​​បរ​រថយន្តបង្ក​ស្មាន​តែ​ស្លាប់​ក៏ព្យា​យាម​​បើក​រត់​ឆ្ពោះ​​ទៅ​ទិស​ខាងលិច​ចម្ងាយ​១​គីឡូ​​ដី​ក៏​ទៅ​បុក​ចូលក្នុង​​ផ្ទះ​ហាង​គុយ​ទាវ​តែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕