កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅ ប្រាក់ដុល្លារអាមេរិកបានទទួលរងនូវសម្ពាធយ៉ាងខ្លាំង បន្ទាប់ពីធនាគារកណ្តាលចេញវិធានការជំរុញរូបិយវត្ថុឱ្យបានឆាប់បំផុត បើទុកណាជា សេដ្ឋកិច្ចកំពុងរឹងមាំឡើងវិញបណ្តើរៗក៏ដោយ ។សន្ទស្សន៍ប្រាក់ដុល្លារធៀបនឹងបណ្តារូបិយប័ណ្ណនានាបានធ្លាក់ចុះដល់កម្រិតមួយទាបបំផុតនៅក្នុងរយៈពេលជិត២ខែកន្លងមកនេះគឺរហូតដល់៨១,៤៣៤ ។
បើនិយាយនៅក្នុងសញ្ញានៃការធ្លាក់ចុះផ្នែកបច្ចេកទេសវិញ សន្ទស្សន៍ប្រាក់ដុល្លារស្ថិតនៅខាងក្រោមបាតតារាងនៅក្នុងតារាងស្ថិតិ Ichimoku (ជាតារាងស្ថិតិដែលបង្ហាញពីការព្យាករតម្លៃឡើងចុះនៃរូបិយប័ណ្ណ ) ។ នៅពេលដែលប្រាក់ដុល្លារធ្លាក់ចុះ ប្រាក់អឺរ៉ូកើនឡើងដល់ទៅ៧សប្តាហ៍ដោយក្នុង១អឺរ៉ូស្មើនឹង១,២៥៤៤ ដុល្លារ ។
ធៀបនឹងប្រាក់យ៉េនជប៉ុន ប្រាក់ដុល្លារធ្លាក់ចុះដល់៧៨,២៧៣ យ៉េនក្នុង១ដុល្លារ ។ ផ្ទុយទៅវិញ ប្រាក់ដុល្លារទំនងជានឹងឡើងវិញពី៧៧,៥០ ទៅ៧៨,០០យ៉េនក្នុង១ដុល្លារ ដោយសារមានការប្រុងប្រយ័ត្នពីការអន្តរាគមន៍ពីសំណាក់អាជ្ញាធរជប៉ុន ។ និយាយពីការបន្ធូរបន្ថយរបស់ធនាគារកណ្តាលអាមេរិកវិញ អាចញ៉ាំងឱ្យធនាគារកណ្តាលជប៉ុនពិចារណាបន្ធូរបន្ថយដែរ ។
លោកស៊ូមីតូមូ មីស៊ូអីុ សេដ្ឋវិទូជាន់ខ្ពស់ប្រចាំធនាគារ Trust Sera បានថ្លែងថា នៅពេលដែលធនាគារកណ្តាលបន្ធូរបន្ថយគោលនយោបាយរបស់ខ្លួន ប្រាក់ដុល្លារអាចធ្លាក់ចុះក្រោម៧៨យ៉េន ។ ប៉ុន្តែលោកមិនគិតថា ប្រាក់ដុល្លារនឹងធ្លាក់ដល់ក្រោម៧៨យ៉េននៅមុនពេលការកាត់បន្ថយពិតប្រាកដរបស់ធនាគារកណ្តាលអាមេរិកនោះទេ ។ នៅពេលដែលអ្នកលេងទីផ្សាររំពឹងថា ការបន្ធូរបន្ថយរបស់ធនាគារកណ្តាលជិតមកដល់ក្នុងទម្រង់ជាការទិញសញ្ញាប័ណ្ណជុំទី៣នេះ ពោលគឺការបន្ធូរបន្ថយបរិមាណ ស្រាប់តែបណ្តាក្រុមអ្នកវិភាគបានក្រើនរំលឹកថា ធនាគារកណ្តាលអាមេរិកទំនងជាចាត់វិធានការមួយដែលធូរស្រាលជាងមុន ដូចជាបន្ថែមរយៈពេលដែលខ្លួនគ្រោងនឹងរក្សាអត្រាការប្រាក់ឱ្យទាបជំនួសវិញ ។
ធនាគារកណ្តាលបានសន្យារក្សាអត្រាការប្រាក់ឱ្យទាបយ៉ាងហោចណាស់ឱ្យដល់ចុងឆ្នាំ២០១៤ ។ រហូតមកដល់ពេលនេះ បណ្តាទីផ្សារនានាកំពុងរង់ចាំមើលសុន្ទរកថារបស់លោកទេសាភិបាលធនាគារកណ្តាល Ben Bernanke នៅក្នុងសន្និសីទក្រៅផ្លូវការប្រចាំឆ្នាំនៃបណ្តាអ្នកធនាគារកណ្តាលទាំងអស់និងក្រុមសេដ្ឋកិច្ចវិទូនៅទីក្រុងជែក សាន់ហូល រដ្ឋវ៉ាយអូមីង នៅដំណាច់ខែនេះ ។
* ប្រេងឆៅឡើងថ្លៃ៣ថ្ងៃក្រោយមានវិធានការជំរុញរូបិយវត្ថុ
ក្រោយពីធនាគារកណ្តាលអាមេរិកចេញវិធានការជំរុញរូបិយវត្ថុ តម្លៃប្រេងឆៅនៅអាមេរិកបានឡើងថ្លៃ រយៈពេល៣ថ្ងៃ ។ តាមទិន្នន័យកាលពីថ្ងៃអង្គារនិងថ្ងៃពុធសប្តាហ៍មុនបង្ហាញថា មានការធ្លាក់ចុះនៅក្នុងកន្លែងស្តុកប្រេងរបស់អាមេរិកកាលពីពាក់កណ្តាលខែសីហា ។តម្លៃប្រេងឆៅនៅអាេមរិក កើន១១សេន គឺឡើងដល់៩៧,៣៧ ដុល្លារក្នុង១បារ៉ែល ខណៈដែលតម្លៃប្រេងក្រុមហ៊ុន Brent របស់អង់គ្លេសកើន២១សេនគឺឡើងដល់១១៥,១២ដុល្លារក្នុងបារ៉ែល ។
កាលពីសប្តាហ៍មុន កន្លែងស្តុកប្រេងឆៅបម្រុង របស់អាមេរិក បានធ្លាក់ចុះយ៉ាងឆាប់រហ័សចំពេលដែលមានធ្លាក់ចុះការនាំចូលប្រេងឆៅដែរ ។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោកបានគីមូន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនៅប្រទេសអឺុរ៉ង់ នៅសប្តាហ៍ក្រោយ ជាការផ្គើនទៅនឹងការស្នើសុំពីសំណាក់អាមេរិកនិងអុីស្រាអែល ដើម្បីធ្វើពហិការមិនចូលរួមនៅក្នុងព្រឹត្តការណ៍នោះ ហើយវានឹងបង្កនូវក្តីបារម្ភចំពោះកម្មវិធីនុយក្លេអ៊ែររបស់អីុរ៉ង់ជាមួយមេដឹកនាំរបស់ខ្លួន ។
ក្រុមហ៊ុនរុករករ៉ែ ឧស្ម័ន និងប្រេងដែលចុះបញ្ជីនៅអាមេរិកទាំងអស់ នឹងត្រូវទាមទារឱ្យធ្វើការទូទាត់ដល់រដ្ឋាភិបាលបរទេស ដោយរួមទាំងក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណខួងនិងរុករកប្រេង ស្ថិតក្រោមការគ្រប់គ្រងរបស់និយតករអាមេរិកផងដែរ ។ គោលបំណងគឺដើម្បីកាត់បន្ថយការស៊ីសំណូកនិងហានិយភ័យ អំពើពុករលួយ ។ កាលពីថ្ងៃពុធសប្តាហ៍កន្លងទៅ អាមេរិក អស់គ្លេស និងបារាំងបានជួបពិភាក្សាគ្នាដើម្បីរិះរកមធ្យោបាយគាំទ្រគណបក្សប្រឆាំងស៊ិរី ដែលបានប្រយុទ្ធគ្នាជាមួយកងទ័ពរដ្ឋាភិបាលអស់រយៈពេល១៧ខែកន្លងមកនេះ ប្រឆាំងនឹងរបបគ្រប់គ្រងរបស់លោកប្រធានាធិបតីបាសាអាល់ អាសាដ៕
ចែករំលែកព័តមាននេះ