ខេត្តបន្ទាយមានជ័យ ៖ ទំនិញហូបចុក និងបន្លែផ្លែឈើដែលឈ្មួញតែងនាំចូលពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានការថយចុះ ខណៈពេលដែលប្រជាពលរដ្ឋក្នុងស្រុកដាំបានមួយចំណែក និងឈ្មួញនាំចូលពីប្រទេសវៀតណាមក៏មានតម្លៃថោកសមរម្យ ។
អាជីវកររកស៊ីទិញ និងនាំទំនិញបន្លែផ្លែឈើពីប្រទេសថៃចូលមកកម្ពុជាបានប្រាប់ថា បន្លែផ្លែឈើដែលឈ្មួញទិញពីថៃនាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅក្នុងអំឡុងឆ្នាំ២០១២នេះគឺមានការថយចុះនៅសល់ប្រមាណតែ៥០ទៅ៦០ភាគរយប៉ុណ្ណោះ ខណៈពេលដែលទំនិញនាំចូលពីប្រទេសវៀតណាម វាយលុកក្នុងទីផ្សារកម្ពុជារហូតដល់ទីផ្សារក្នុងខេត្តជាប់ជាយដែនថៃ និងមានតម្លៃថោកសមរម្យជាងទំនិញនាំចូលពីប្រទេសថៃ ។
អាជីវកររូបនោះបានប្រាប់បន្តថា មូលហេតុដែលទំនិញថៃនាំចូលស្រុកខ្មែរមានការថយចុះ ព្រោះតែប្រជាកសិករក្នុងស្រុកអាចដាំបាន ហើយមានគុណភាពនិងបានចែកចាយនៅទីផ្សារកម្ពុជា មិនតែប៉ុណ្ណោះត្រូវបាននាំចេញទៅប្រទេសជិតខាងទៀតផង ព្រោះថា បន្លែផ្លែឈើរបស់កម្ពុជាគឺដាំមិនប្រើជីគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពឡើយ ។
លោក ថោង ធីណា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានបញ្ជាក់ប្រាប់ផងដែរថា បន្លែផ្លែឈើ និងទំនិញហូបចុកមួយចំនួនដែលនាំចូលពីប្រទេសថៃ គឺមានការថយចុះនៅក្នុងរយៈពេល២ឆ្នាំនេះ ព្រោះថាប្រទេសកម្ពុជាជាប្រទេសមួយដែលកំពុងអភិវឌ្ឍន៍រីកចម្រើនស្ទើរគ្រប់វិស័យ ហើយមានអ្នកវិនិយោគទុនមកដាក់ទុនរកស៊ីច្រើនផ្នែក ដូចជាផលិតគ្រឿងបរិភោគជាដើម។
មិនតែប៉ុណ្ណោះប្រជាកសិករមានការយល់ដឹងច្រើន បាននាំគ្នាដាំបន្លែផែ្លឈើ មានដូចជាផ្លែមៀន សាវម៉ាវ ទុរ៉េន និងបន្លែផ្លែឈើជាច្រើនមុខទៀតសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស និងបាននាំចេញទៅលក់នៅប្រទេសជិតខាងទៀតផង ព្រោះទំនិញរបស់កម្ពុជាមានគុណភាពល្អ និងទំនិញនាំចូលពីប្រទេសវៀតណាមមានតម្លៃថោកសមរម្យទើបទំនិញថៃមានការថយចុះ នៅក្នុងទីផ្សារកម្ពុជា ។ នេះគឺជាការ កត់សម្គាល់មួយច្រកតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ