ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​2​នាក់​បង​ប្អូន​ជីដូន​មួយ​ឆក់​ឱកាស​នាង​ស្រវឹង​ស្រា​រំលោភ​នាង​ក្រមុំ​បណ្តា​ក់គ្នា​

13 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖​​ ​យុវ​ជន​២​នាក់​​ដែល​ត្រូវ​​ជា​បង​ប្អូន​ជា​ជីដូន​មួយនឹង​គ្នា​​ បាន​​ត្រូវ​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​​កាល​ពី​វេលា​ម៉ោង​​១២​ថ្ងៃ​ត្រង់​ថ្ងៃទី​២៧ សីហា នៅ​នឹង​ផ្ទះ​​របស់​ពួក​គេ​ ស្ថិត​​ក្នុង​​ភូមិ​​ចំការ​សំរោង​២ សង្កាត់​​​ចំការ​សំរោង​ ក្រុង​​បាត់​ដំបង ក្រោយ​ពី​​សង្ស័យ​ថា ពួក​គេ​​បាន​ព្រួត​គ្នា​ចាប់​រំ​លោភ​នាង​​ក្រមុំ​ម្នាក់​នៅ​ផ្ទះ​ជួល​មួយ​កន្លែង​​កាល​ពី​យប់​ថ្ងៃ​​សៅរ៍​សប្តាហ៍​​មុន ក្នុង​គ្រា​ដែល​នាង​​ស្រវឹង​ស្រា​ក្នុង​​កម្ម​វិធី​​ខួប​កំណើត​​មិត្តភក្តិ ។

ជន​សង្ស័យ​​ដែល​ត្រូវ​ឃាត់​ខ្លួន​​នេះ ម្នាក់​ឈ្មោះ​​លិញ ប៊ុន​​ថង អាយុ​២១​ឆ្នាំ ជា​កូន​ប្រុស​លោក​មេ​ភូមិ​ចំការ​សំរោង និង​ម្នាក់​ទៀត​​ឈ្មោះ​រឿម ចន្នី ហៅ​ភ័ក្ត្រ អាយុ​២០​ឆ្នាំ ​។ មន្ត្រី​​នគរ​បាល​​ការិ​យាល​័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​​​​​ឱ្យ​ដឹង​ថា ពួកគេទាំង​​២​នាក់​​ត្រូវ​នារី​​រង​គ្រោះ​​ចោទ​ប្រកាន់​​ថា បាន​ចាប់​នាង​រំ​លោភ​​ម្តង​ម្នាក់​ក្នុង​បន្ទប់​ផ្ទះ​ជួល​​​មួយ​កន្លែង​​ ក្នុង​ក្រុង​​បាត់​ដំបង កាល​ពី​​វេលា​ម៉ោង​​៧ និង​៣០​នាទី​យប់​​ថ្ងៃ​ទី​២៥ សីហា ខណៈ​​​នាង​ស្នាក់​នៅ​​​២​នាក់​មិត្ត​ភក្តិ​​ស្រី​​​ដែល​​គ្រា​នោះ​ពួក​នាង​ស្រវឹង​ស្រា ។

នារ​ីរង​គ្រោះ​​បាន​ប្រាប់​សមត្ថ​កិច្ច​​ថា​ នាង​បាន​​ធ្វើ​​ពិធី​​ខួប​កំណើត​ ហើយ​​បាន​ហៅ​មិត្ត​ភក្តិ​ប្រុស ស្រី​ចូល​រួម​ប្រហែល​​ជិត​១០​នាក់ ក្នុង​នោះ​​ឈ្មោះ​ថង និង​ឈ្មោះ​ភ័ក្ត្រ​​ ក៏​បាន​​ចូល​រួម​​ដែរ ។ ​កម្ម​វិធី​បាន​ចាប់​ផ្តើម​​ពី​ម៉ោង​៣​រសៀល​នា​ថ្ងៃ​នោះ​ រហូត​ដល់​ម៉ោង​៦​​ល្ងាច​ទើប​ចប់​ ​ឯមិត្ត​ភក្តិ​​​​ផ្សេង​ទៀត​ក៏​​​​នាំ​គ្នា​ចេញ​ទៅ​​ផ្ទះ​រៀង​ៗ​ខ្លួន​អស់​ ហើយ​នាង​​ និង​មិត្ត​ភក្តិ​ម្នាក់​នោះ​ក៏​បាន​​​​ដេក​ ព្រោះ​ស្ររឹង​​ខ្លាំង​ពេក ។ នាង​បន្ត​ថា លុះ​ទៅ​​ម៉ោង​៧​​ និង​៣០​​នាទី​យប់​ថ្ងៃ​ដដែល​នោះ​ ​​ពេល​ពួក​នាង​កំពុង​​ដេក​ស្រាប់​តែ​​ឈ្មោះ​ថង និង​ឈ្មោះ​ភ័ក្ត្រ បានជិះ​ម៉ូតូ​​មកដាស់​​ពួក​នាង​​ដោយ​ប្រាប់​​ថា​ ពួក​គេ​​ភ្លេច​​កាបូប​លុយ​ ហើយ​នាង​ក៏​បើក​​ទ្វារ​​​​​ ប៉ុន្តែ​​ពួក​គេ​បែរ​ជា​​មក​ចាប់​​ឱប​ថើប​​ពួក​នាង​ទៅ​វិញ ។ លុះពេល​នាង​​ចូល​ក្នុង​​បន្ទប់​ស្រាប់​តែ​ឈ្មោះ​​ថង ​​ចូល​ទៅ​ចាប់​​នាង​រំ​លោភ​​ទាំង​​កំរោល​​​ហើយ​​ដោយ​​នាង​​ស្រវឹង​​ខ្លាំង​ពេក​​មិន​អាច​រើរួចឡើយ ។ រី​ឯ​ឈ្មោះ​ភ័ក្ត្រ នៅ​ខាង​ក្រៅ​បន្ទប់​​បាន​ចាប់​ឱប​​មិត្ត​ភក្តិ​របស់​នាង​​ដែរ ប៉ុន្តែ​​​ក្រោយ​ពេល​ឈ្មោះ​​ថង ​រំ​លោភ​​នាង​រួច​ភ្លាម​ ឈ្មោះ​​ភ័ក្ត្រ ​​ក៏បាន​ចូល​មកចាប់​​នាង​រំ​លោភ​ម្តង ហើយ​ឈ្មោះ​​ថង​បាន​ចេញ​មក​​ឱប​ថើប​មិត្ត​​ភក្តិ​​​វិញ​ដែរ ។

ក្រោយ​​ពី​រំ​លោភ​​នាងរួច​ពួក​គេ​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​វិញ​​បាត់​ លុះ​​នៅ​ថ្ងៃទី​២៦ សីហា ពួក​នាង​ក៏​​​បាន​នាំ​គ្នា​​ទៅ​ប្តឹងសមត្ថ​កិច្ច​​តែ​ម្តង ។ នាង​បញ្ជាក់​​ដែរថា នាង​ និង​ឈ្មោះ​​ថង ឈ្មោះ​ភ័ក្ត្រ នេះ​មិន​ធ្លាប់​ស្រឡាញ់​​គ្នា​ទេ រី​ឯ​​នារី​​ជា​មិត្ត​​ភក្តិ​​​​​​នាង​និយាយ​ដែរ​ថា ពេល​នោះ​​ពួក​នាង​​ស្រវឹង​ខ្លាំងដូច​គ្នា​​ ។ នាង​ប្រាប់​ថា ឈ្មោះ​​ថង និង​​ឈ្មោះ​​ភ័ក្ត្រ​ ពិត​ជា​បាន​រំ​លោភ​​មិត្ត​ភក្តិ​​របស់​នាង​​នៅ​ក្នុង​បន្ទប់​មែន ឯ​រូប​នាង​ដេកនៅ​​ខាង​ក្រៅ​ពួក​គេ​មិន​​បាន​រំ​លោភ​ទេ ដោយ​សារ​នាង​អង្វរ​​ពួកគេ​​​ តែ​ពួក​​គេ​បាន​ចាប់​ឱប​ថើប​​នាង​គ្មាន​ប្រណី​​ដែរ ។ នាង​​បន្ថែម​ថា ពេល​ឈ្មោះ​ថង កំពុង​​រំ​លោភ​​មិត្ត​ភក្តិ​​ក្នុង​បន្ទប់​​នាង​បម្រុង​ចូល​ទៅ​ជួយ​ដែរ តែ​ត្រូវ​​ឈ្មោះ​​ភ័ក្ត្រ ចាប់​នាង​ជាប់​​មិន​​ឱ្យ​ជួយ​ទេ ។ ក្រោយ​ពី​​​​ធ្វើ​សកម្ម​ភាព​លើ​ពួក​នាង​​អស់​ចិត្ត​ ពួក​គេ​ក៏​ជិះ​ម៉ូតូ​​ចេញ​ទៅ​​​​បាត់​ទៅ ។

នៅ​ពេល​​សាក​សួរ​​ ជន​ត្រូវ​ចោទ​​ទាំង​២​នាក់​​សារ​ភាព​ថា ពួក​គេ​ពិត​ជា​បាន​ប្រព្រឹត្ត​​ដូច្នេះ​មែន ។ ឈ្មោះ​​លិញ ប៊ុ​​ន​ថង ​​សារ​ភាព​ថា ខ្លួន​បាន​​ប្រើ​ល្បិច​ប្រាប់នាង​ថា ​​​មក​ដូរ​ស្បែក​ជើង​ព្រោះ​ច្រឡំ លុះ​ពេល​នាង​បើក​ទ្វារ​​ពួក​ខ្លួន​​ចូល​ទៅ​ឃើញ​នាង​ក្អួត​ ខ្លួន​ក៏​ជួយ​​គ្រាហ៍​​នាង​​ម្នាក់​ទៅ​បន្ទប់​ទឹក ហើយ​​ពេល​ចូល​​បន្ទប់​ដេក​វិញ​​ខ្លួន​ក៏ចាប់​រំ​លោភ​​​នាង​តែម្តង ។ រី​ឯ​ឈ្មោះ​​រឿម ចន្នី ហៅ​ភ័ក្ត្រ ​វិញ​បាន​សារ​ភាព​ដែរ​ថា ខ្លួន​ពិត​ជា​បាន​រំ​លោភ​​នាង​មែន ក្រោយ​ពី​ឈ្មោះ​ថង​រំ​លោភ​រួច​​ ។ ជន​នេះ​ថា ពេល​ទៅ​ដល់​បន្ទប់​នាង​ខ្លួន​​បាន​ប្រើ​ល្បិច​​ថា ភ្លេច​កា​បូប​លុយ​​ នាង​ក៏​បើក​ទ្វារ​​ឱ្យពួក​គេ​ចូល​​ហើយ​ក៏​​​ធ្វើ​សកម្ម​ភាព​​ទៅ​លើ​នាង​តែ​ម្តង ។

លោក​ជេត វណ្ណនី ស្នង​ការ​រងនគរ​បាល​​​ខេត្ត​​​បាន​​ឱ្យ​ដឹង​ដែរ​ថា តាម​ការ​បំ​​ភ្លឺ​ពី​នាង​​រង​គ្រោះ​​ និង​ចម្លើយ​របស់​​ជន​​សង្ស័យ​​​ទាំង​២​នាក់ គឺ​ជន​​ទាំង​​២​នាក់​នេះ​មាន​គំនិត​ទុច្ច​រិត​រួច​ស្រេច​ទៅ​​ហើយ ដើម្បី​ប្រព្រឹត្ត​​ទៅ​លើ​ពួក​នាង​​ ​ដែល​ពួក​​គេ​ឆក់​​ឱ​កាស​​ពេល​ឃើញ​​ពួក​នាង​ស្រវឹង​ខ្លាំង ។ តាម​សាក្សី​​ខ្លះនិយាយ​​ថា ជន​ទាំង​២​នាក់​នេះ​មាន​គម្រោង​ចង់​​ធ្វើ​​បាប​ពួក​នាង​តាំង​ពី​ព្រលប់​​ តែ​មិន​មាន​​ឱកាស​​ លុះ​ពេល​អ្នក​ចូល​រួម​កម្ម​វិធី​​ចេញ​ស្ងាត់​​ពី​​ផ្ទះ​ជួល​​អស់​ក៏នាំ​គ្នា​ប្រើ​ល្បិច​ធ្វើបាប​ពួក​នាង​តែ​ម្តង ៕