ខេត្តក្រចេះ ៖ លោកចិន ហុងស្រ៊ី អាយុជាង៦០ឆ្នាំ អតីតនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត ហើយបច្ចុប្បន្នមានមុខងារជាតំណាងក្រុមហ៊ុនវិនិយោគដីសម្បទានស៊ី អាយ វី បានត្រូវនគរបាលចាប់ឃាត់ខ្លួនក្នុងរឿងវិវាទដីធ្លី ជាមួយប្រជាពលរដ្ឋក្នុងឃុំ២ធ្នូ និងឃុំស្រែចារ ស្រុកស្នួល ។ ការចាប់ខ្លួនអតីតនាយកទីចាត់ការរដ្ឋបាលសាលាខេត្តក្រចេះរូបនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី ២៦ សីហា នៅលំនៅឋានមួយកន្លែងក្នុងឃុំពង្រ ស្រុកឆ្លូង ខណៈពេលដែលលោករត់ទៅសំងំលាក់ខ្លួនគេចពីសមត្ថកិច្ច ។
តាមប្រភពព័ត៌មាននិយាយថា ការចាប់ខ្លួនអតីតមន្ត្រីជានាយកទីចាត់ការរដ្ឋបាលសាលាខេត្តរូបនេះ ដោយសារក្រោយពេលចូលនិវត្តន៍អតីតមន្ត្រីរូបនេះបានធ្វើជាតំណាងឱ្យក្រុមហ៊ុនវិនិយោគដីសម្បទានស៊ីអាយវី (C.I.V) ដែលវិនិយោគនៅលើដីសម្បទានសេដ្ឋកិច្ចនៅស្រុកស្នួល លើផ្ទៃដី១ពាន់ហិកតា និងបានវាស់វែងកាត់ឱ្យប្រជាពលរដ្ឋនៅក្នុងឃុំស្រែចារ និងឃុំ២ធ្នូ ហើយនៅសេសសល់តែជាង១រយហិកតាតែប៉ុណ្ណោះ ។ ក្រោយពីពលរដ្ឋក្នុងឃុំទាំង២ទៅត្រួតពិនិត្យក្បាលដី និងបញ្ជីទិន្នន័យដែលបិទផ្សាយរួចមក កាលពីថ្ងៃទី២២ សីហា លោកចិន ហុងស្រីុ ក៏បានយកឯកសារដីធ្លីរបស់ក្រុមហ៊ុន មកធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងក្រុមការងារយុវជនស្ម័គ្រចិត្តសម្តេចតេជោ មានចំនួន២ក្រុមគឺក្រុមទី៥ និងក្រុមទី៦ ដែលកំពុងបិទផ្សាយទិន្នន័យក្បាលដីនិងបញ្ជីឈ្មោះរបស់ប្រជាពលរដ្ឋនៅលើក្តារខៀន ក្នុងឃុំស្រែចារ និងឃុំ២ធ្នូ ស្រុកស្នួល ។
តាមប្រភពព័ត៌មានឱ្យដឹងថា បន្ទាប់ពីបានផ្ទៀងផ្ទាត់បញ្ជីឈ្មោះក្បាលដីរួចមក កាលពីថ្ងៃទី២៣ សីហា តំណាងក្រុមហ៊ុនរូបនេះបានធ្វើលិខិតប្តឹងជំទាស់មួយទៅអភិបាលខេត្តក្រចេះ តាមរយៈក្រុមយុវជនស្ម័គ្រចិត្តនៅក្រុមទី៥ ក្នុងឃុំ២ធ្នូ ស្រុកស្នួល ។ ក្នុងលិខិតប្តឹងជំទាស់នោះ បានសុំបញ្ជូនតារាងក្បាលដីវាស់វែងលើទីតាំងដាំដុះ និងអភិវឌ្ឍន៍រួចហើយនៅតំបន់សម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ស៊ីអាយវី អភិវឌ្ឍន៍កសិ-ឧស្សាហកម្ម នៅឃុំ២ធ្នូ មានចំនួន៧៦ក្បាលដី ។ ក្នុងលិខិតជំទាស់លើចំនួនក្បាលដី ទាំង៧៦ក្បាលដីនេះគឺត្រូវបានកាន់កាប់ដោយប្រជាពលរដ្ឋចំនួន៨៧គ្រួសារ ក្នុងឃុំ២ធ្នូ និងឃុំស្រែចារ ស្រុកស្នួល ដែលដីនៅចំណុចឃុំទាំង២នេះកន្លងមកគឺតែងមានភាពចម្រូងចម្រាសយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋ និងក្រុមហ៊ុន ក្នុងរឿងវិវាទដីធ្លី ដ៏រាំុរ៉ៃមួយនេះ តែបានធូរស្រាលចប់សព្វគ្រប់វិញបន្ទាប់ពីក្រុមយុវជនស្ម័គ្រចិត្តបានចុះវាស់វែងរួចមក ។
លោកមែន វណ្ណា អភិបាលស្តីទីស្រុកស្នួលមានប្រសាសន៍ថា ក្រុមនិស្សិតដែលបានចុះបំពេញបេសកកម្មវាស់វែងដីធ្លីនៅចំណុចនេះ មានចំនួន២ក្រុមគឺក្រុមទី៥និងក្រុមទី៦ និងកំពុងវាស់វែងដីធ្លីជូនប្រជាពលរដ្ឋក្នុងឃុំស្រែចារ និងឃុំ២ធ្នូ ដែលរហូតមកទល់នឹងពេលនេះ ទទួលបានលទ្ធផលជិត៩០ភាគរយហើយ ។ បច្ចុប្បន្ន ក្រុមនិស្សិតទាំង២ក្រុមក៏កំពុងបិទផ្សាយឈ្មោះ និងបញ្ជីក្បាលដីហើយប្រជាពលរដ្ឋក៏បានមកផ្តិតមេដៃបញ្ជាក់និងបញ្ជូលទិន្នន័យដែរ ។
បុរសវ័យចំណាស់ម្នាក់ ជាពលរដ្ឋរស់នៅឃុំ២ធ្នូ លើដីដែលមានទំនាស់ជាមួយក្រុមហ៊ុននិយាយថា ក្រោយពីពួកគាត់ទៅចុះឈ្មោះ បញ្ជូនទិន្នន័យលើដីដែលទទួលយករួចមកតំណាងក្រុមហ៊ុនឈ្មោះ ចិន ហុងស្រ៊ី បានគំរាមកំហែងនិងប្តឹងជំទាស់លើដីកម្មសិទ្ធិរបស់ពួកគាត់និងបង្កឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចសាជាថ្មីម្តងទៀត ។ បុរសរូបនេះនិយាយថា កន្លងមកក្រុមហ៊ុនធ្លាប់បានហៅប្រជាពលរដ្ឋដែលមានដីទំនាស់ជាមួយក្រុមហ៊ុនឱ្យធ្វើការសម្របសម្រួលគ្នា ដោយក្រុមហ៊ុនបានផ្តល់ថវិការម្នាក់៤០ម៉ឺនរៀលក្នុងមួយហិកតាហើយក្នុងមួយគ្រួសារគឺមានដីចាប់ពី១ហិកតាដល់៥ហិកតាដែលដីទាំងនេះបច្ចុប្បន្នគឺពួកគាត់កំពុងបង្កបង្កើនផលកសិកម្មជាបណ្តើរៗទៅហើយ ។
ចំណែកបុរសឈ្មោះ សារ៉ែន កែត និយាយថា ចំពោះការសម្របសម្រួលពីសំណាក់ក្រុមហ៊ុននោះគឺប្រជាពលរដ្ឋមិនបានទទួលយកលុយពីក្រុមហ៊ុនទេ ដោយពួកគាត់សម្រេចចិត្តទុកដីទាំងនេះសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិតវិញ ហើយបានធ្វើលិខិតម្នាក់មួយដាក់ទៅឱ្យអាជ្ញាធរដោយបានបញ្ជាក់ថា ពួកគាត់មិនបានទទួលយកការសម្របសម្រួលពីសំណាក់ក្រុមហ៊ុន លើប្រការណាមួយនោះទេ គឺពួកគាត់ទុកដីបង្កបង្កើនផលវិញ ។ ក្រោយពីមានការគំរាមពីតំណាងក្រុមហ៊ុន លើការប្តឹងជំទាស់ដើម្បីយកដីដែលរាជរដ្ឋាភិបាលបានកាត់វាស់វែងឱ្យប្រជាពលរដ្ឋនេះទៅក្រុមហ៊ុនវិញនោះ ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋក្នុងឃុំស្រែចារ និងឃុំ២ធ្នូ បានកើតមានម្តងទៀត ដោយពួកគាត់ទាំងអស់គ្នាបានធ្វើជាលិខិតម្នាក់មួយច្បាប់ទៅអាជ្ញាធរថា ពួកគាត់មិនបានទទួលថវិកាណាមួយពីក្រុមហ៊ុនជាថ្នូរនឹងការដោះដូរដីធ្លីរបស់ពួកគាត់ទេ ។
ជុំវិញការព្រួយបារម្ភរបស់ពលរដ្ឋក្នុងឃុំស្រែចារ និងឃុំ២ធ្នូ ដែលបានកើតឡើងសាជាថ្មីទៀតនោះ កាលពីព្រឹកថ្ងៃទី២៦ សីហា លោកឧត្តមសេនីយ៍ត្រី ជួង ស៊ាងហាក់ ស្នងការនគរបាលខេត្ត បានចុះទៅធ្វើការសម្របសម្រួលជាមួយពលរដ្ឋទាំង២ឃុំនេះឱ្យពួកគាត់ដែលទទួលបានដីធ្លីដែលរដ្ឋាភិបាលបានវាស់ជូនត្រូវយកទៅបង្កបង្កើនផលតាមធម្មតាគឺមិនមានអ្នកណាទាមទារយកទៅវិញនោះទេ ។ លោកឧត្តមសេនីយ៍ត្រីជួង ស៊ាងហាក់ មានប្រសាសន៍ថា តំណាងក្រុមហ៊ុនវិនិយោគមួយនេះជាប់ពិរុទ្ធភាពតាមមាត្រា៦១០ នៃក្រមព្រហ្មទណ្ឌ ។ បន្ទាប់ពីការចាប់ឃាត់ខ្លួនរួចមក បុរសជាតំណាងក្រុមហ៊ុនរូបនេះត្រូវបាននាំខ្លួនមកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តទៅតាមនីតិវិធី ៕



ចែករំលែកព័តមាននេះ