ខេត្តកំពត ៖ ស្ត្រីម្នាក់បានទិញប្រេងសាំង១លីត្រ ចាក់ស្រោចដុតសម្លាប់ខ្លួនកាលពីចន្លោះពីម៉ោង៩ទៅម៉ោង១១ព្រឹកថ្ងៃទី២៦ សីហា នៅជ្រុងខាងលិចផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងភូមិគាថាវង្សលើ ឃុំត្រពាំងសាលាលិច ស្រុកបន្ទាយមាស ។
បើតាមមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងសាលាខាងលិចឱ្យដឹងថា ស្ត្រីរូបនេះឈ្មោះលឹម យី អាយុ៦៣ឆ្នាំ មានប្តីឈ្មោះអ៊ុង ម៉ៃ និងមានកូនប្រុស៣នាក់ តែសព្វថ្ងៃនេះកូននិងប្តីមិនបាននៅជាមួយទេ គឺបានទៅឃ្វាលគោនៅព្រំដែនជាប់ប្រទេសវៀតណាម រីឯស្ត្រីរងគ្រោះនៅម្នាក់ឯង ។ នៅមុនពេលកើតហេតុ គេឃើញស្ត្រីរូបនេះទៅទិញប្រេងសាំងចំនួន១លីត្រ ហើយពេលអ្នកលក់ប្រេងសាំងសួរបានប្រាប់ថា ទិញយកទៅបូមទឹក ។ ទោះបីជាបែបណា ក្នុងហេតុការណ៍ស្ត្រីមានជំងឺសរសៃប្រសាទរូបនេះចាក់ប្រេងសាំងដុតខ្លួនគ្មានអ្នកណាម្នាក់បានឃើញផ្ទាល់ភ្នែកទេ រហូតដល់ម៉ោង៥ល្ងាច ទើបក្មេងប្រុសម្នាក់មកពីបេះផ្លែត្របែកនៅជាប់របងផ្ទះស្ត្រីរូបនេះឃើញក៏ឆោឡោឡើង ។
ចំណែកកូនប្រុសច្បងឈ្មោះឆែម មាន អាយុ៣៦ឆ្នាំ និយាយថា ម្តាយគាត់ពិតជាកើតជំងឺសរសៃប្រសាទមែន តែម្តាយគាត់នៅផ្ទះតែម្នាក់ឯងទេ ដោយសារគាត់ជាកូន និងឪពុកទៅឃ្វាលគោនៅឯព្រំដែនប្រទេសវៀតណាមដែលជារបររបស់គ្រួសារ ។ រីឯលោកទុយ វណ្ណៈ ដែលជាមន្ត្រីនគរបាលយុត្តិធម៌ស្រុកចុះទៅពិនិត្យសពនៅកន្លែងកើតហេតុនិយាយថា តាមការពិនិត្យ គឺស្ត្រីរូបនេះពិតជាបានទិញប្រេងសាំងចាក់ដុតសម្លាប់ខ្លួនមែន ព្រោះនៅកន្លែងកើតហេតុឃើញមានស្បែកជើង១គូ ដែកកេះ១ ដបប្រេងសាំងចំណុះ១លីត្រមួយ ។
មន្ត្រីនគរបាលនិយាយថា ស្ត្រីរងគ្រោះទំនងជាយកសាំងស្រោចលើខ្លួនរួចគូសដែកកេះដុតតែម្តង ។ ទោះជាបែបណាពេលដែលប្រេងសាំងឆេះសន្ធោសន្ធៅនោះ ស្ត្រីរងគ្រោះបានរត់មកទិសខាងលិចប្រហែល៤ទៅ៥ម៉ែត្រពីកន្លែងដប សាំង រួមនឹងសម្លៀកបំពាក់ដែលឆេះ ហើយបានជ្រុះរាយប៉ាយ និងដានជើងស្រ្តីរងគ្រោះប្រកាច់វក់វីនៅលើដី ៕


ចែករំលែកព័តមាននេះ