ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​ស្លាប់​ដោយ​ជំងឺ​គ្រុន​ឈាម​មាន​ការ​កើន​ឡើង​សម្រាប់​សប្តាហ៍​ទី30​ដល់​ទី32​នៅ​ក្នុង​ឆ្នាំ2​012នេះ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​បាន​​អះ​អាង​​ថា អត្រា​​ស្លាប់​ដោយ​​ជំងឺ​គ្រុន​ឈាម​ក្នុង​សប្តាហ៍​​ទី​៣០​ដល់​សប្តាហ៍​ទី​​៣២ ឆ្នាំ​២០១២ នេះ មាន​ការ​កើន​ឡើង​ខុស​​ធម្ម​តា​ក្នុង​​នោះ​សប្តាហ៍ទី​​៣០​​អត្រា​ស្លាប់​មាន​រហូត​ដល់​​២១​នាក់ សប្តាហ៍​ទី​៣១​​ស្លាប់​​៩​នាក់ និង​សប្តាហ៍​​ទី​៣២ មាន​ចំនួន​​៨​នាក់។

លោក ច ម៉េង​ចួ នាយក​មជ្ឈ​មណ្ឌល​​ជាតិ​ប្រយុទ្ធ​​នឹង​ជំងឺ​គ្រុន​ចាញ់ ​ប៉ារ៉ា​​ស៊ីត​សាស្ត្រ​​​ និង​បា​ណក​សាស្ត្រ​ បាន​បញ្ជាក់​ថា មូល​ហេតុ​​ដែល​អត្រា​​ស្លាប់​​មាន​ការ​កើន​ឡើង​​​ គឺ​ដោយ​​សារ​អ្នក​ជំងឺ​មាន​ករណី​​ធ្ងន់​ធ្ងរ​​ មានសញ្ញា​ហូរ​ឈាម​​តាម​ផ្លូវ​រំ​លាយ​អាហារ ហើយ​ភាគ​ច្រើន​​ចូល​ព្យា​បាល​​​នៅ​​តាម​សេវា​ឯក​ជនជា​​មុន ​ក្នុង​នោះ​ទឹក​ចូល​​សួត​ប្រមាណ​៣៥​ភាគ​រយ ដោយ​សារ​តែ​មន្ទីរ​ព្យា​បាល​ឯក​ជន​​បាន​បញ្ចូល​សេរ៉ូម​ហួស​កម្រិត​​នាំ​​ឱ្យ​ជំងឺ​កាន់​តែ​​ធ្ងន់​​មិន​អាច​ជួយ​សង្គ្រោះ​បាន​ ហើយ​ពេល​បញ្ជូន​​ទៅ​ព្យា​បាល​នៅ​តាម​​សេវា​សាធា​រណៈ ឬ​មន្ទីរ​​​ពេទ្យ​រដ្ឋ​​ក៏​​ស្លាប់​​តែ​ម្តង ។

លោក​ ច ម៉េង​ចួ ​​បាន​រំលឹក​​​ថា មក​​ដល់​សប្តាហ៍​​​ទី​៣៣ ឆ្នាំ​​២០១២ នេះ ករណី​​ជំងឺ​គ្រុន​​ឈាម​ចូល​សម្រាក​ព្យា​បាល​​តាម​​​សេវា​សាធា​រណៈ​​មាន​ចំនួន​២៧.៥៩២​នាក់ ក្នុង​នោះ​ស្លាប់​១១១​នាក់ ក្នុង​អត្រា​​០,៤​ភាគរ​យ ។ ករណី​ឈឺ​កើន​​​១៥០​ភាគរយ បើ​ប្រៀប​ធៀបនឹង​​​ឆ្នាំ​២០១១ ប៉ុន្តែ​​អត្រា​នេះ​ទាប​​ជាង​ឆ្នាំ​២០០៧ ដែល​ជា​ឆ្នាំ​​គោល​នៃ​ការ​ផ្ទុះ​ជំងឺ​គ្រុន​ឈាម​​ ។ ខេត្ត​ដែល​​មាន​អត្រា​ជំងឺ​គ្រុន​ឈា​ម​ខ្ពស់​ជាង​គេគឺ ​ខេត្ត​បន្ទាយ​មាន​ជ័យ សៀម​រាប ឧត្តរ​មាន​ជ័យ កណ្តាល កំពង់​ស្ពឺ កំពង់​ឆ្នាំង កំពង់​ធំ ព្រៃ​វែង កំពង់​ចាម និង​ព្រះវិហារ ។ ចំណែក​ខេត្ត​​ដែល​គ្មាន​ផ្ទុះ​ការ​​រាត​ត្បាត​ គឺ​ពោធិ៍សាត់​​ មណ្ឌល​គិរី ស្ទឹង​ត្រែង និង​រតន​គិរី ។

លោក​នាយក​មជ្ឈ​មណ្ឌល​​​បាន​អំពាវ​នាវ​​​ឱ្យ​ប្រជាពលរដ្ឋ​​ទូ​ទាំ​ង​ប្រទេ​ស​អនុវត្ត​​នូវ​ចំណុច​​ជា​គន្លឹះ​ចំនួន៤​ដើម្បី​ទប់​ស្កាត់​ និង​ការ​ពារ​​ការ​ឆ្លង​ជំងឺ​គ្រុន​ឈា​មក្នុង​នោះ​រួម​មាន ត្រូវ​កម្ចាត់​ដង្កូវ​​ទឹក​ដែល​ជា​កាតព្វ​កិច្ច​គ្រួសារ និង​សហ​គមន៍ ខណៈ​ដែល​សាកល​លោក​​ពុំ​ទាន់​​មាន​ប្រទេស​​ណា​មួយ​បាន​ចំណាយ​បុគ្គលិក​ចុះ​សម្អាត​​តាម​ផ្ទះ​ប្រជា​ជន​ទេ ប៉ុន្តែ​​បើ​មាន​ចុះ​​តាម​ផ្ទះ​​គឺ​ចុះ​​ផាក​ពិន័យ បើ​គេ​​ដឹង​ថា​មាន​ដង្កូវ​​​ទឹក​ ។ រដ្ឋ​​មាន​​កាតព្វកិច្ច​​ជូន​ព័ត៌​មាន​​ត្រឹម​ត្រូវ​ដល់​ប្រជា​​ជន ។ ត្រូវ​​យល់​ថាគ្រុន​ឈាម​​មិន​អាច​ព្យា​​បាល​​តាម​ផ្ទះ​​ ឬ​តាម​​ភូមិ​ដូច​​គ្រុន​ចាញ់​ទេ ហេតុ​នេះ​​មាតា​បិតា​​មាន​កាតព្វ​កិច្ច​បញ្ជូន​​​កុមារ​សង្ស័យ​ទៅ​មន្ទីរពេទ្យ ។ ទោះ​គ្រូ​ពេទ្យ​ឯក​ទេស​ចូល​​ក្នុង​ផ្ទះ​ប្រជា​ជន​​ក៏​គង់​តែ​បញ្ជូន​កុមារកើត​ជំងឺ​​គ្រុន​ឈាម​ទៅ​​កាន់​មន្ទីរ​ពេទ្យ​ដដែល​​ ។ ការ​ចូល​​រួម​​ចលនា​ដាក់ថ្នាំ​​អាបែត​​ជា​ផ្នែក​​មួយ​​ការពារ​មិន​​ឱ្យ​​មាន​ដង្កូវ​​ទឹក​ក្នុង​ពាង ​ប៉ុន្តែ​មិន​ការ​ពារ​​ដង្កូវ​ទឹក​​នៅ​​​ក្រៅ​ពាង​​ដូច​​ជា​​សម្បក​ដូង​ កង់​រថយន្ត​ កំប៉ុង ទឹក​ថ្លុក ភក់​ជ្រាំ​នេះ​ទេ ។ សូម​​​ឱ្យ​កុមារ​​ស្លៀក​ពាក់​​សម្លៀក​បំពាក់​វែងៗ​ពេល​រត់​​លេង ​​ហើយ​បើ​កុមារ​គេង​ទោះ​ពេល​​​ថ្ងៃ​​ ឬ​យប់​សូម​​គេង​ក្នុង​មុង ៕