ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាស់​គ្នា​រឿង​ចត​ម៉ូតូ​បាំង​ផ្លូវ ក្លាយ​ជា​ជម្លោះ​ហិង្សា​

13 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ ៖ អ្នក​មើល​ការបុរី​មួយ​កន្លែង​​ ២​នាក់​បង​ប្អូន​​ក្នុង​ចំណោម​​បក្ស​ពួក​ប្រមាណ​ជិត​​១០​នាក់​​ ត្រូវ​កម្លាំង​គណៈ​បញ្ជា​ការ​​ឯកភាព​ខណ្ឌ​ទួល​គោក ដឹក​នាំ​ដោយ​លោក​សាំង សុភៈ​វិចិត្រ អភិ​បាល​រងខណ្ឌ​​ សហ​ការ​ជា​មួយ​​សមត្ថ​កិច្ច​ខណ្ឌ​សែន​សុខ ចាប់​ខ្លួន​កាល​ពី​​វេលា​ម៉ោង​​១០ និង​​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ សីហា នៅ​ពេល​​ប្រើ​ហិង្សា​​ចូលទៅ​​កាប់​​​គូ​ទំនាស់​​របស់ខ្លួន​​​​ដល់​ក្នុង​ផ្ទះ​ បណ្តាល​​ឱ្យ​រង​របួស​ធ្ងន់​ម្នាក់​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ ហើយ​ជន​បង្ក​​រូប​នោះ​រត់​ចូល​​ក្នុង​បុរី​​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ការ​ចាប​់​ខ្លួន​​ត្រូវ​​បាន​​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ប្រមាណ​​ជិត​៣​ម៉ោង​ក្រោយ​ពី​កើត​មាន​​អំពើ​ហិង្សា​​កាល​ពី​វេលា​ម៉ោង​​៧ និង​២០​​នាទី​យប់​ថ្ងៃ​ទី​២៦ សីហា នៅ​ផ្ទះ​លេខ​​៤៨ ផ្លូវ​លេខ​​៥៩៨ សង្កាត់​​បឹង​កក់​ទី​២ ខណ្ឌ​ទួល​គោក​ ហើយ​​បង្ក​​ឱ្យ​មាន​ការភ្ញាក់​​ផ្អើល​យ៉ាង​ខ្លាំង​ផង​​ដែរ​​ពី​សំណាក់​ក្រុម​កម្ម​ករ​ និង​បាន​ធ្វើ​ការ​គំរាម​កំហែង​​មក​លើ​សមត្ថ​កិច្ច ។ នៅ​ក្នុង​ប្រតិ​បត្តិ​ការ​​បង្ក្រាប​ជន​បង្ក​​របួស​ស្នាម​នេះ សមត្ថ​កិច្ច​​បាន​ឃាត់​ខ្លួន​​ក្រុម​កម្ម​ករ​ទាំង​អស់​៦​នាក់​ ប៉ុន្តែ​ជាប់​ពាក់​ព័ន្ធ​តែ​២​នាក់​បង​ប្អូនទេ ។

ជន​ដៃ​ដល់​ដែល​ត្រូវ​ចាប់​ខ្លួន​​​នេះ ម្នាក់​​ឈ្មោះ​ទេព រី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​អាំ ពៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​ជាង​សំណង់ ។ អ្នក​ទាំង​ពីរនាក់​​​ជា​បង​ប្អូននឹង​​គ្នា មាន​ទី​លំ​នៅ​ភូមិ​ប្រសូត ឃុំ​ប្រសូត ស្រុកស្វាយ​ទាប ខេត្តស្វាយរៀង ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​គៀង ធី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​​បុគ្គលិក​​ក្រុម​ហ៊ុន​​មិត្ត​ហ្វូន មាន​ទី​លំ​នៅ​​ផ្ទះលេខ​៤៨ ផ្លូវ​លេខ​​៥៩៨ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួល​គោក បាន​រង​របួស​​ក្បាល​ពី​ក្រោយ ចិញ្ចើម និង​មាត់ធ្ងន់​ធ្ងរ ​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ។

ស្ត្រី​ឈ្មោះ​​ជា ដានី ត្រូវ​ជា​​ប្រពន្ធ​ជន​រង​គ្រោះ​​​​ឱ្យ​ដឹង​ថា ក្រុម​ជន​បង្ក​មាន​បក្ស​ពួក​​ប្រមាណ​​ជិត​១០​នាក់​បាន​ចូល​ទៅ​​វាយ​ និង​កាប់​​​​ប្តី​​​គាត់​នឹង​ពូ​ថៅ​ដល់​ក្នុង​ផ្ទះ​​ បន្ទាប់​ពី​​មាន​ទំនាស់​គ្នា​​រឿង​ជន​នោះ​​ចត​ម៉ូតូ​​បាំង​​ផ្លូវ ហើយ​ប្តី​របស់​គាត់​ទៅ​ប្រាប់ ។ តាម​ព័ត៌​មាន​​ឱ្យ​ដឹង​​ទៀត​ថា នៅ​វេលា​ម៉ោង​៧ និង​២០​នាទី​យប់​ថ្ងៃ​​ទី​២៦ សីហា ជន​ដៃ​ដល់​ឈ្មោះ​​អាំ ពៅ បាន​​ជិះ​ម៉ូតូ​​មួយ​គ្រឿង​​មក​ចត​នៅ​ច្រក​ផ្លូវ​​ចូល​ផ្ទះ​ដែល​មាន​ទទឹង​​ប្រមាណ​​ជាង​១​ម៉ែត្រ ។ ខណៈ​នោះ​​បុរស​ឈ្មោះ​គៀង ធី បាន​ទៅ​​ប្រាប់​​ឱ្យ​យកម៉ូតូ​​ចេញ​ ​ក៏​កើត​ជា​ទំនាស់​​ពាក្យ​សម្តី​​ និង​ឈាន​ទៅ​រក​ការ​ប្រវាយ​ប្រតប់​​គ្នា​ ហើយ​ត្រូវ​ក្រុម​​ជន​នោះ​បាន​ទៅ​ហៅ​បក្ស​ពួក​ដែល​ជា​កម្ម​​ករ​ប្រមាណ​​ជិត​១០​នាក់​ចូល​ទៅ​ក្នុង​ផ្ទះ​ជន​រង​គ្រោះ​​កាប់​នឹង​​ពូ​ថៅ​បណ្តាល​​ឱ្យ​រង​របួស​ធ្ងន់​ រួច​រត់​គេចខ្លួន​ឆ្លង​ផ្លូវ​លេខ​៥៩៨​ទៅ​ចូល​ក្នុង​បុរី​​​វិញ​ ។

បន្ទាប់​​ពី​កើត​មាន​រឿង​រ៉ាវ​​ខាង​លើ លោក​សាំង សុភៈ​វិចិត្រ អភិបាលរង​​​ខណ្ឌ និង​​សមត្ថ​កិច្ច​ក៏​បាន​ចុះ​ទៅ​អន្តរា​គមន៍​​​ ហើយ​​​រា​យ​ការណ៍​​ទៅ​លោក​ព្រះរាជ​អាជ្ញា​​ដើម្បី​​ចាប់​ខ្លួន​​ជនជាប់​ចោទ​​២​នាក់​​ដែល​បង្ក​របួស​ធ្ងន់​​ ៕