ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចចម្រុះបានធ្វើសកម្មភាពស្ទាក់ឃាត់ចាប់រថយន្តកែច្នៃបីគ្រឿងដែលដឹកឈើហុបធំៗតាមបណ្តោយផ្លូវ ជាតិលេខ៧៦A និងមានបំណងដឹកចូលទៅក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយឈ្មោះផេស៊ីហ្វីក ដែលការឃាត់នេះមានបំណងសាកសួររកលិខិតស្នាម ស្រាប់តែរយៈពេលប្រមាណ១០នាទីក្រោយមក ក៏មានអន្តរាគមន៍ពីមនុស្សមួយក្រុម ខ្លះស្លៀកពាក់ប៉ារ៉ា ខ្លះឈុតសន្តិសុខ មានគ្នាពី២០នាក់ ទៅ៣០នាក់ មកធ្វើអន្តរជាគមន៍រំដោះយករថយន្តដឹកឈើហុបទាំង៣គ្រឿងឱ្យបើកចេញទៅបាត់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៥ សីហា ។
មានការកត់សម្គាល់ថា ឧក្រិដ្ឋកម្មព្រៃឈើកំពុងកើតមានយ៉ាងពេញបន្ទុកនៅតាមបណ្តោយផ្លូវជាតិលេខ៧៨A ជាផ្លូវទើបកសាងថ្មីពីខេត្តស្ទឹងត្រែង ឆ្ពោះទៅខេត្តរតនគិរី៏ស្ថិតក្នុងភូមិសាស្រ្តឃុំរយ៉ ស្រុកកោះញែក ជាផ្លូវប្រសព្វគ្នាជាមួយឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង និងឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី ។ ឈើដែលគេអារឡាំងមានមុខកាត់ធំៗរាប់សិបកំណាត់ ត្រូវបានក្រុមឈ្មួញទុច្ចរិតដឹកតាមរថយន្តធុនយក្សជារៀងរាល់ថ្ងៃចូលទៅស្តុកទុកនៅក្នុងបរិវេណក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រឃុំរយ៉ ស្រុកកោះញែក ជាប់ព្រំប្រទល់រវាងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ។ ចំណុចនេះមានច្រកចេញឈើយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃយប់់់ ។
រាល់បទល្មើសដែលកើតមាននៅចំណុចខាងលើ ដោយសារពួកឈ្មួញប្រើប្រាស់សុទ្ធតែពួកស្លៀកពាក់ទាហាន និងខ្លះជាសន្តិសុខយាមក្រុមហ៊ុនដែលប្រដាប់ដោយអាវុធគ្រប់ដៃ ដើម្បីការពារបទល្មើសរបស់ខ្លួន និងបក្សពួកមួយក្រុមតូចរបស់ពួកគេ ។ សកម្មភាពទាំងនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលចាត់ទុកថា ជាបទឧក្រិដ្ឋព្រៃឈើដែលមិនអាចអត់ឱនឱ្យបាន ហើយគ្រប់សមត្ថកិច្ចដែលមានតួនាទីនៅក្នុងតំបន់ទាំងនោះត្រូវទទួលខុសត្រូវជាដាច់ខាត ក្នុងដែនគ្រប់គ្រងរបស់ខ្លួន ប៉ុន្តែជាការពិតណាស់ គេឃើញក្រុមជនល្មើសច្បាប់តែងមានអំណាចខ្លាំងជាងសមត្ថកិច្ច សូម្បីតែឈ្មោះឈ្មួញទាំងនោះក៏មិនហា៊នបង្ហើបប្រាប់អ្នកកាសែតដែរ ។
ប្រភពព័ត៌មានបានរាយការណ៍ថា ក្នុងមួយថ្ងៃៗយ៉ាងហោចណាស់ក៏មានរថយន្តប្រភេទកែច្នៃពីរទៅបីគ្រឿង ដឹកឈើចេញពីព្រៃ លើទឹកដីឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង យកមកទម្លាក់ទុកនៅក្នុងបរិវេណក្រុមហ៊ុនផេស៊ីហ្វីកនេះ ។ ឈើដែលក្រុមឈ្មួញដឹកជារៀងរាល់ថ្ងៃនោះ សុទ្ធតែមានមុខកាត់ធំៗ មានទំហំចាប់ពី២០សង្ទីម៉ែត្រ គុណ៤០សង្ទីម៉ែត្រ ប្រវែង៦ម៉ែត្រជាប្រភេទឈើហុប ហើយខ្លះទៀតជាប្រភេទឈើប្រណីត ធ្នង់ និងនាងនួន ។
ជាក់ស្តែងកាលពីយប់ថ្ងៃទី២៥ សីហា កន្លងទៅ សមត្ថកិច្ចចម្រុះដឹកនាំដោយលោកអនុប្រធានមន្ទីរបរិស្ថានខេត្ត ប៉ូលិសការពារព្រំដែនលេខ៣០៣ យោធាដឺបេអគ្គបញ្ជាការ បានចុះប្រតិបត្តិការតាមបណ្តោយផ្លូវជាតិលេខ៧៦A ប្រទះឃើញរថយន្តកែច្នៃបីគ្រឿងកំពុងចរាចរណ៍ដឹកឈើហុបធំៗ បំណងចូលទៅក្រុមហ៊ុនផេស៊ីហ្វីកនេះ ក៏ឃាត់ធ្វើការសួរនាំរកលិខិតអនុញ្ញាត ។ ស្រាប់តែប្រមាណជា១០នាទីក្រោយមកក្រុមឈ្មួញទាំងនោះបាននាំគ្នាជិះរថយន្តយីឌុប ខ្លះស្លៀកពាក់ប៉ារ៉ា ខ្លះឈុតសន្តិសុខ មានគ្នាប្រមាណ២០ទៅ៣០នាក់ ប្រដាប់ដោយអាវុធអាកាមករំដោះយករថយន្ត និងឈើចូលទៅក្នុងក្រុមហ៊ុនបាត់ស្រមោល ។
មន្ត្រីសមត្ថកិច្ចដែលស្ថិតនៅក្នុងហេតុការណ៍នោះបានឱ្យដឹងថា នៅពេលដែលក្រុមសមត្ថកិច្ចចាប់ឃាត់រថយន្តដឹកឈើខាងលើ មានបុរសម្នាក់ពាក់អាវស អុចៗក្រហម ស្លៀកក្រមាពុំស្គាល់អត្តសញ្ញាណ ទំនងមនុស្សម្នាក់មានអំណាចធំណាស់បានចេញមុខបញ្ជាឱ្យក្រុមរបស់ខ្លួន ធ្វើយ៉ាងណាត្រូវយករថយន្តដឹកឈើទាំងនោះចូលក្រុមហ៊ុនឱ្យបាន ហើយថែមទាំងប្រើពាក្យសម្តី គំរាមកំហែងមកលើសមត្ថកិច្ចទៀតផង ។
កោះសន្តិភាពបានទំនាក់ទំនងទៅលោកឡេ ថាញ់សា ជនជាតិវៀតណាម ជាប្រធានសន្តិសុខការពារក្រុមហ៊ុនខាងលើ លោកបានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកពុំមានទទួលទិញឈើពីខាងក្រៅក្រុមហ៊ុនទេ ហើយក៏ពុំអនុញ្ញាតឱ្យកម្លាំងសន្តិសុខរបស់ក្រុមហ៊ុនទៅកាងបទល្មើសព្រៃឈើដែរ ។ លោកបាននិយាយថា ប្រហែលឈើទាំងនោះគេដឹកចូលទៅក្រុមហ៊ុនផ្សេងៗទៀត ហើយបើកឆ្លងកាត់លើផ្លូវរបស់ក្រុមហ៊ុនលោក ។
ក្នុងហេតុការណ៍ខាងលើនេះ ក្រុមឈ្មួញបានគំរាមកំហែងខ្លាំងៗប្រមាថរកបុកកម្ទេចរថយន្តរបស់ក្រុមអ្នកយកព័ត៌មាននិងមន្ត្រីសមត្ថកិច្ចចម្រុះ ប្រសិនបើមិនបើកផ្លូវឱ្យពួកគេទេ ។ ពេលនេះ នៅមិនទាន់ដឹងថា គ្រប់សមត្ថកិច្ចជំនាញដែលមានការពាក់ព័ន្ធនឹងចាត់វិធានការបែបណា ចំពោះក្រុមជនល្មើសច្បាប់ទាំងនោះនៅឡើយទេ ប្រហែលជាចាញ់ឈ្មួញទុច្ចរឹតហើយមើលទៅ ៕






ចែករំលែកព័តមាននេះ