ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២៦ សីហា ២០១២ បុរសសង្ស័យម្នាក់ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់។ បន្ទាប់ពីជននេះត្រូវបាននគរបាលក្រុងសិរីសោភ័ណ ឃាត់ខ្លួនតាមពាក្យបណ្តឹងពីសំណាក់ឪពុកមារបស់គេបានប្តឹងចោទប្រកាន់ថា បុរសម្នាក់នេះ បានធ្វើសកម្មភាពបម្រុងចាក់ប្រេងកាតដុតផ្ទះគាត់ កាលពីយប់ថ្ងៃទី២៤ សីហា ២០១២ នៅក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
លោកអធិការរងនគរបាលក្រុងសិរីសោភ័ណគឺអនុសេនីយ៍ឯក នួន ចក់ ទទួលបន្ទុកការងារយុត្តិធម៌ឲ្យដឹងថា បុរសសង្ស័យចិត្តខ្លាំងបម្រុងដុតផ្ទះឪពុកមារបស់ខ្លួនឈ្មោះហួត ម៉េងហាក់ អាយុ២៨ឆ្នាំ ជាកម្មករសំណង់ រស់នៅក្នុងផ្ទះជាមួយឪពុកមាដែលជាម្ចាស់ផ្ទះស្ថិតនៅភូមិ-សង្កាត់ខាងលើ។
លោកអធិការរងបានបញ្ជាក់ឲ្យដឹងទៀតថា បុរសសង្ស័យរូបនេះត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន គឺធ្វើឡើងតាមពាក្យបណ្តឹងពីឳពុកមាដែលមានឈ្មោះ វ៉ា សុខណា អាយុ៣៧ឆ្នាំ ដែលរត់មកប្តឹងសមត្ថកិច្ចទាំងយប់ថា ក្មួយរបស់គាត់បម្រុងយកប្រេងកាតដុតផ្ទះគាត់ចោល ខណៈដែលរូបគាត់ស្តីបន្ទោសឲ្យបន្តិចបន្តួច។ លោកអធិការរងបានបញ្ជាក់បន្ថែមទៀតថា មុនពេលកើតហេតុក្មួយប្រុសគាត់នេះមិនដឹងមកពីផឹកស្រវឹងពីកន្លែងណាមក ស្រាប់តែដើរមកដល់ផ្ទះបាននោមដាក់មុខទ្វារផ្ទះ ពេលនោះឪពុកមាឃើញក៏ស្តីបន្ទោសឱ្យបន្តិចបន្តួច ស្រាប់តែគេខឹងច្រឡោតខ្លាំង រួចក៏ទៅទាញប៊ីដុងប្រេងកាតនៅក្បែរនោះបម្រុងចាក់ដុតផ្ទះចោលដែលខ្លួនរស់នៅក្នុងផ្ទះនោះដែរ ហើយបន្តិចក្រោយមកត្រូវចាប់ខ្លួន។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ