រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍បើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៤៤ នាព្រឹកថ្ងៃទី២៧ សីហា ឆ្នាំ២០១២ នៅសណ្ឋាគារអប្សរាអង្គរ ក្រុងសៀមរាបថា រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានមានតួនាទីយ៉ាងសំខាន់ក្នុងដំណើរការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន ជាពិសេសការដោះស្រាយបញ្ហាពាក់ព័ន្ធរបាំងពន្ធគយ និងរបាំងមិនមែនពន្ធគយ ក៏ដូចជាបញ្ហាថ្មីៗដែលកំពុងកើតមានពាក់ព័ន្ធនឹងគម្លាតនៃការអនុវត្តតំបន់ពាណិជ្ជកម្មសេរីអាស៊ាន និងតំបន់ពាណិជ្ជកម្មសេរីផ្សេងទៀត រួមជាមួយគូសន្ទនា ដើម្បីធ្វើឱ្យសមាហរណកម្មពាណិជ្ជកម្មតំបន់កាន់តែមានលក្ខណៈមុតស្រួច ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើដល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានផ្តោតការយកចិត្តទុកដាក់លើចំណុចអាទិភាពមួយចំនួនដូចខាងក្រោម ៖
ទី១- ការសម្រេចឱ្យបាននូវការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥ គឺជាអាទិភាពខ្ពស់បំផុតដើម្បីប្រែក្លាយអាស៊ានឱ្យទៅជាទីផ្សារ និងមូលដ្ឋានផលិតកម្មតែមួយ មានលំហូរដោយសេរីនូវទំនិញ សេវា ការវិនិយោគ ពលករជំនាញ និងលំហូរមូលធនកាន់តែស៊ីជម្រៅជាងមុន ។ ក្នុងន័យនេះយើងគួរធ្វើអាទិភាវូបនីយកម្ម សកម្មភាព និងវិធានការគន្លឹះជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាប្រឈម និងបន្ថយគម្លាតអភិវឌ្ឍន៍ដែលជាឧបសគ្គក្នុងការសម្រេចបាននូវសហគមន៍សេដ្ឋកិច្ចអាស៊ានតាមការគ្រោងទុក ។
ដូច្នេះសម្តេចជឿជាក់ថា របាយការណ៍នៃការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិនៃឯកសាររបស់សហគមន៍សេដ្ឋកិច្ចអាស៊ានដែលរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា អាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានពិនិត្យឡើងវិញ និងដាក់ចេញនូវវិធានការគោលនយោបាយជាក់លាក់ ដើម្បីដោះស្រាយគម្លាតនៃការអនុវត្តរវាងឆ្នាំបច្ចុប្បន្ននិងឆ្នាំ២០១៥ ដោយរួមទាំងមធ្យោបាយនានាដើម្បីជម្នះលើការគាំពារនិយមក្នុងការធ្វើពាណិជ្ជកម្មទំនិញ និងសេវាក្នុងអាស៊ាន ។
ទី២- ការរក្សា និងពង្រឹងមជ្ឈភាពរបស់អាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ដែលវិវត្តឥតឈប់ឈរ គឺមានសារសំខាន់ណាស់ ។ ជាការពិតការសម្រេចឱ្យបានសហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវប្រឈមនឹងបញ្ហាមួយចំនួន ដែលទាមទារឱ្យយើងត្រូវប្រកាន់យកកិច្ចសហប្រតិបត្តិការ និងអភិក្រមមួយគ្រប់ជ្រុងជ្រោយ ពិសេសតាមរយៈកិច្ចខិតខំថ្នាក់ជាតិ និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ។
ចំពោះមុខ សម្តេចតេជោ នាយករដ្ឋមន្ត្រី សូមលើកទឹកចិត្តឱ្យរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានពិនិត្យលើអភិក្រមដែលមានលក្ខណៈសមស្របមួយចំនួន ៖
ក/ ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ានដែលមានស្រាប់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានជាមួយដៃគូសន្ទនានានា ។
ខ/ ការបង្កើតឱ្យមានគោលការណ៍ណែនាំដែលមានការឯកភាពគ្នាក្នុងក្របខណ្ឌអាស៊ានក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងកម្រិតតំបន់ ដើម្បីអនុញ្ញាតឱ្យថ្នាក់ដឹកនាំអាស៊ានចាប់ផ្តើមចរចាលើក្របខណ្ឌនេះក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅខែវិច្ឆិកា ឆ្នាំ២០១២នេះ ។
គ/ ការបង្កើនកិច្ចខិតខំប្រឹងប្រែងថែមទៀត ដើម្បីពង្រីកក្របខណ្ឌសមាហរណកម្មនាពេលអនាគតជាមួយនឹងដៃគូសន្ទនាសំខាន់ៗរបស់អាស៊ានផ្សេងទៀត ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក រួមទាំងប្រទេសរុស្ស៊ី និងកាណាដា ផងដែរ ។ ក្នុងន័យនេះសម្តេចតេជោសូមស្វាគមន៍កិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដា ដោយរាប់ទាំងកិច្ចប្រជុំក្រុមប្រឹក្សាពាណិជ្ជកម្មកាណាដា-អាស៊ានលើកទី១នៅថ្ងៃខាងមុខ និងការអនុម័តផែនការការងារ(២០១២-២០១៥) ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួមអាស៊ាន-កាណាដាស្តីពីពាណិជ្ជកម្ម និងការវិនិយោគ ។
ទី៣- ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ គឺជាប្រការសំខាន់ណាស់ ។ កិច្ចការនេះមិនគ្រាន់តែជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការធានាភាពប្រកួតប្រជែងរបស់អាស៊ាន និងសម្រាប់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យអាស៊ានសម្រេចបាននូវសមាហរណកម្មតំបន់យ៉ាងពិតប្រាកដ និងដំឡើងមជ្ឈភាពរបស់អាស៊ានសម្រាប់សមាហរណកម្មចូលទៅក្នុងសេដ្ឋកិច្ចតំបន់ផ្សេងទៀត និងសេដ្ឋកិច្ចពិភពលោកទៀតផង ។
ដើម្បីសម្រេចការងារនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានសំណូមពរដល់រដ្ឋមន្ត្រីអាស៊ានទាំងអស់សូមបង្កើនល្បឿននៃការរៀបចំបង្កើតផែនការសកម្មភាពជាក់ស្តែងមួយដែលមានសមាសភាពចំនួន៣ គឺ១- ហិរញ្ញវត្ថុដែលមានលក្ខណៈអនុគ្រោះបំផុត ។ ២- ការតភ្ជាប់ច្រករបៀងសេដ្ឋកិច្ច និង៣- ការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមរួមទាំងគំនិតផ្តួចផ្តើមក្នុងការកសាងសមត្ថភាព ដោយមានការចូលរួមពីបណ្តាស្ថាប័នតាមវិស័យនានា ។
ទី៤- ការពង្រឹង ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងស្ថាប័នរបស់អាសា៊ន និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន គឺជាគន្លឹះសម្រាប់កាត់បន្ថយគម្លាតនៃការអភិវឌ្ឍ និងសម្រាប់ធានានូវភាពជោគជ័យនៃសមាហរណកម្មអាស៊ាន ។ ដូច្នេះចាំបាច់ត្រូវតែរួសរាន់ដាក់ឱ្យអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន ។ ក្នុងគោលដៅនេះ ត្រូវមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី យើងបានបង្កើតរួមគ្នានូវ«មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន» ដែលបច្ចុប្បន្នកំពុងតែដំណើរការ ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី យើងក៏ត្រូវទទួលស្គាល់ផងដែរមូលនិធិប្រមាណ៥០០លានដុល្លារនេះ គឺនៅមានកម្រិតតិចតួចនៅឡើយ ។ ដូច្នេះរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានចាំបាច់ត្រូវតែចាត់វិធានការ ដើម្បីទាក់ទាញដៃគូហិរញ្ញវត្ថុថែមទៀត សំដៅបង្កើនទំហំមូលនិធិ ជាពិសេសដៃគូអាស៊ានបូក៣ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងស្ថាប័នពហុភាគី ។
ទី៥- ការពង្រឹងកិច្ចសហការតំបន់ស្តីពីសន្តិសុខស្បៀង រួមទាំងម្ហូបអាហារអ៊ិស្លាម គឺមានសារសំខាន់ណាស់សម្រាប់ការពង្រីកទីផ្សារស្បៀង ។ ប្រការនេះមិនត្រឹមតែជួយឱ្យអាស៊ានធានាបាននូវការផ្គត់ផ្គង់ស្បៀងក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយឱ្យអាស៊ានក្លាយទៅជាអ្នកនាំចេញនូវស្បៀងអាហារនាំមុខគេនៅលើពិភពលោកទៀតផង ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តរដ្ឋមន្ត្រីអាស៊ានឱ្យខិតខំប្រឹងប្រែងរកកាលានុវត្តភាព ដើម្បីពង្រីកទីផ្សារស្បៀងរបស់យើងទៅកាន់បណ្តាប្រទេសផ្សេងទៀតលើពិភពលោក ។
ទី៦- ការពិចារណាលើសំណើរបស់ទីក្រុងហុងកុង ដើម្បីចូលរួមក្នុងកិច្ចប្រជុំពាណិកម្មសេរីអាស៊ាន-ចិន ។ ដើម្បីបានជាប្រយោជន៍នៃការចូលរួមក្នុងទីផ្សារហុងកុង ដែលជាដៃគូធំមួយក្នុងចំណោមដៃគូធំបំផុតទាំង១០របស់អាស៊ាន និងផ្អែកលើការសិក្សាប្រកបដោយភាពវិជ្ជមានស្តីពីផលប៉ះពាល់នៃការចូលរួមរបស់ទីក្រុងហុងកុងទៅក្នុងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើឱ្យរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានផ្តល់នូវអនុសាសន៍លើផ្លូវច្បាប់ ផលប៉ះពាល់ និងបញ្ហាប្រឈមនានាទាក់ទងនឹងការចូលជាសមាជិករបស់ហុងកុងដល់មេដឹកនាំអាស៊ាន ដើម្បីពិនិត្យសម្រេចក្នុងកិច្ចប្រជុំកំពូលអាសា៊នលើកទី២១ដែលនឹងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០១២ខាងមុខនេះ ។
លោកចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រធានរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០១២ បានថ្លែងថា ក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៤៤ និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នឹងពិភាក្សាអំពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ជាពិសេសក្នុងការអនុវត្តវិធានការនៃផែនការសហគមន៍សេដ្ឋកិច្ចអាស៊ាន ដើម្បីបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥ ។
លោកទេសរដ្ឋមន្ត្រីបានថ្លែងបន្តថា នៅក្នុងកិច្ចពិភាក្សានេះគឺជំរុញឱ្យរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ដៃគូពិភាក្សាអាស៊ានមកពីប្រទេសអូស្ត្រាលី កាណាដា ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ និងសហរដ្ឋអាមេរិក ពិភាក្សាគ្នាដើម្បីធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងអាស៊ាន និងដៃគូពិភាក្សារីកចម្រើន និងកាន់តែស៊ីជម្រៅ ។
លើសពីនេះទៅទៀត រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្ត្រីសេដ្ឋកិច្ចមកពីប្រទេសដៃគូពិភាក្សា ក៏នឹងធ្វើការពិភាក្សាជាមួយតំណាងធុរកិច្ចប្រកបដោយឥទ្ធិពលមួយចំនួនមកពីក្រុមប្រឹក្សាយោបល់ធុរកិច្ចអាស៊ាន ក្រុមប្រឹក្សាធុរកិច្ចអាស៊ានសហរដ្ឋអាមេរិក ក្រុមប្រឹក្សាធុរកិច្ចអាស៊ីបូព៌ា សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន-អាស៊ាន ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កាណាដា សហព័ន្ធឧស្សាហកម្មកាត់ដេរអាស៊ាន ព្រមទាំងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូពា៌ ដើម្បីសម្រួល និងជំរុញពាណិជ្ជកម្ម និងវិនិយោគនៅអាស៊ាននៅអាស៊ីបូព៌ា ព្រមទាំងនៅតំបន់ផ្សេងៗទៀតនៅលើពិភពលោក ៕







ចែករំលែកព័តមាននេះ