ខេត្តសៀមរាប ៖ ទីតាំងបុរីរដ្ឋបាលខេត្តសៀមរាប បើក្រឡេកមើលមួយភ្លែតពិតជាគួរឱ្យគយគន់ណាស់ ព្រោះកើតមានសុទ្ធតែអគាររឹងមាំថ្មីៗផុសឡើងដូចព្រះឥន្ទ្រជប់ ។ ប៉ុន្តែ គួរឱ្យសង្វេគនិងអាណោចអាធមទៅវិញទេ ព្រោះទីតាំងថ្មីនេះស្ថិតនៅកណ្តាលវាលរហោស្ថានស្ងប់ស្ងាត់ដូចវាលកប់ខ្មោចមិនជាទីពេញចិត្តរបស់មន្ត្រីរាជការទូទៅឡើយ ។
តាមការកត់សម្គាល់ជាទូទៅនៅវេលារសៀល ជាធម្មតាមន្ទីរអង្គភាពនានាជុំវិញខេត្ត ត្រូវបានគេចាក់សោបិទទ្វារអត់ធ្វើការ ។ ចំណែកអង្គភាពរដ្ឋផ្សេងៗទៀត ដោយរាប់បញ្ចូលទាំងសាលាខេត្ដសៀមរាបផងដែរនោះ បើមើលពីខាងក្រៅកំពុងស្ថិតក្នុងសភាពស្ងប់ស្ងាត់ គឺឃើញមានតែម៉ូតូ និងរថយន្តមិនលើសពី២គ្រឿងទេចតនៅពីមុខអគាររដ្ឋបាលនីមួយៗ។ ទិដ្ឋភាពស្ងប់ស្ងាត់នេះបានបញ្ជាក់យ៉ាងច្បាស់ថា មន្ដ្រីបម្រើការនៅតាមមន្ទីររដ្ឋនានារបស់ខេត្តបានខកខានធ្វើការងារមិនគ្រប់ម៉ោងទេ ។
ចំពោះសភាពស្ងប់ស្ងាត់នៅកន្លែងធ្វើការងាររដ្ឋទាំងនោះ ត្រូវបានមន្ដ្រីមួយរូបបម្រើការងារនៅក្នុងមន្ទីរមួយក្នុងចំណោមមន្ទីរអង្គភាពរដ្ឋសរុបចំនួន២៧ ដែលបានផ្លាស់មកកាន់ទីតាំងបុរីរដ្ឋបាលនោះបង្ហើបឱ្យដឹងថា វាបានកើតមានរាប់ខែមកហើយ ចាប់តាំងពីមានការផ្លាស់ប្ដូរទីតាំងអង្គភាពរដ្ឋទាំងអស់ពីទីប្រជុំជនក្រុងមកដាក់នៅក្នុងបុរីរដ្ឋបាលនេះ ។ អង្គភាពរដ្ឋស្ទើរទាំងអស់បើកទ្វារធ្វើការតែពេលព្រឹកប៉ុណ្ណោះ ចំណែកពេលរសៀលបានបិទទ្វារ ដោយមូលហេតុកន្លែងធ្វើការថ្មី«បុរីរដ្ឋបាល»ហ្នឹងវាឆ្ងាយពីទីប្រជុំជនក្រុងពេក គ្មានលទ្ធភាពចំណាយទៅលើថ្លៃសាំងម៉ូតូ រថយន្តមកធ្វើការទាំងព្រឹកទាំងល្ងាចបាន ។ ទីតាំងថ្មីនេះមានចម្ងាយរហូតដល់ជាង២០គីឡូម៉ែត្រ ពីក្រុងសៀមរាប បើទៅធ្វើការទាំងព្រឹកទាំងល្ងាចត្រូវការជិះម៉ូតូ ឬរថយន្ដចំនួនបួនត្រឡប់ក្នុងមួយថ្ងៃៗមានចម្ងាយសរុបរហូតដល់ជិត១០០គីឡូម៉ែត្រឯណោះ ។ ដូច្នេះការចំណាយប្រចាំថ្ងៃទៅលើប្រេងសាំងរថយន្តម៉ូតូ ឬបរិភោគអាហារផ្សេងៗវាលើសចំនួនប្រាក់ខែមន្ដ្រីរាជការ ដែលអ្នកខ្លះបាន១០ម៉ឺន ទៅ៧០ម៉ឺនរៀលនោះបាត់ទៅហើយ តើបានអីរស់តទៅទៀត ។
មន្ត្រីមួយរូបទៀតដែលបម្រើការងារក្នុងសាលាខេត្ដបានត្អូញត្អែរស្រដៀងគ្នាដែរថា ចាប់តាំងពីសាលាខេត្ដប្ដូរមកកន្លែងឆ្ងាយបែបហ្នឹង បុគ្គលិកមន្ដ្រីរាជការទាំងអស់មានការលំបាកខ្លាំងណាស់ មិនខុសអីពីដាក់ទណ្ឌកម្មសេដ្ឋកិច្ចមន្ត្រីម្នាក់ៗនោះទេ ប៉ុន្ដែម្នាក់ៗគ្មានអ្នកណាហ៊ានចេញមុខស្រែកប្រាប់គេឯងឱ្យដឹងអំពីទុក្ខលំបាកទាំងនោះទេ មានតែបង្ខំចិត្ដមកធ្វើការទាំងស៊ីអត់ស៊ីឃ្លានដោយអ្នកខ្លះខ្ចប់បាយម្ហូបពីផ្ទះយកមកហូប ហើយអ្នកខ្លះទៀតដែលមានធនធានធូរធារទៅ គេបានរៃលុយគ្នាធ្វើបាយម្ហូបហូបជុំគ្នានាវេលាថ្ងៃត្រង់ រង់ចាំម៉ោងប្រមាណ២រសៀលទើបនាំគ្នាត្រឡប់ទៅផ្ទះវិញ ។
មន្ដ្រីរូបនោះបានបន្ថែមថា«ពាក្យថាបុរីរដ្ឋបាល»បើគ្រាន់តែស្ដាប់ ហើយមិនបានមកឃើញជាក់ស្ដែង ប្រាកដជាគេគិតថាមានមន្ដ្រីរាជការ និងប្រជាពលរដ្ឋចេញចូលរត់ការច្បាប់មមាញឹកហើយ ប៉ុន្ដែជាក់ស្ដែងទីនោះវាដូចជាវាលដាច់ស្រយាលច្រើនជាង សូម្បីតែអាហារដ្ឋាន ឬក្មេងដើរលក់ស្ករគ្រាប់ម្នាក់ក៏គ្មានដែរ ជាពិសេសមន្ទីរនីមួយៗតូចចង្អៀតគ្មានរបងការពារសុវត្ថិភាពអ្វីទាំងអស់ ហើយពេលខ្លះមានចោរចូលគាស់ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនកុំព្យូទ័រធ្វើឱ្យបាត់បង់ឯកសារក៏មានដែរ ។
សូមបញ្ជាក់ថា បុរីរដ្ឋបាលខេត្ដសៀមរាបត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន G&R នៅលើផ្ទៃដីចំនួន៤២ហិកតា ស្ថិតនៅភូមិបង្កោង សង្កាត់អម្ពិល ក្រុងសៀមរាប មានចម្ងាយជាង២០គីឡូម៉ែត្រ ខាងកើតក្រុងសៀមរាប ដែលដីទីនោះមានតម្លៃទីផ្សារមួយម៉ែត្រការ៉េត្រឹមតែ២ដុល្លារប៉ុណ្ណោះ ជាថ្នូរទៅនឹងការដោះដូរទីតាំងអង្គភាពរដ្ឋយ៉ាងតិច២៧អង្គភាព ដែលស្ថិតនៅរាយប៉ាយពាសពេញក្រុងសៀមរាប មានចំនួនផ្ទៃដីសរុបជាង១០ ហិកតា មានតម្លៃចាប់ពី៥០០ដុល្លារ ទៅរាប់ពាន់ដុល្លារក្នុងមួយម៉ែត្រការ៉េ ព្រោះជាដីត្រូវប៉ាន់កណ្ដាលក្រុង។
អង្គភាពរដ្ឋដែលឃើញសាងសង់រួចហើយនៅក្នុងបរិវេណបូរីរដ្ឋបាលខេត្ដសៀមរាបនោះរួមមាន១-សាលាខេត្ដ ២-មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ៣-មន្ទីរធនធានទឹក និងឧតុនិយម ៤-មន្ទីរឧស្សាហ៍កម្មរែ៉ និងថាមពល ៥-មន្ទីរសាធារណៈការ និងដឹកជញ្ជូន ៦-មន្ទីរ ទេសចរណ៍ ៧-មន្ទីរសដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៨-មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុវិយោដី ៩-មន្ទីរអប់រំយុវជន និងកីឡា ១០-មន្ទីរសុខាភិបាល ១១-មន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនិតិសម្បទា ១២-មន្ទីរវប្បធម៍ និងវិចិត្រសិល្បៈ ១៣-មន្ទីរព័ត៌មាន ១៤-មន្ទីរកិច្ចការនារី ១៥-មន្ទីរធម្មការ និងសាសនា ១៦-មន្ទីរផែនការ ១៧-មន្ទីរអភិវឌ្ឍន៍ជនបទ ១៨-មន្ទីទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ១៩-មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០-មន្ទីរបរិស្ថាន ២១-មន្ទីរប្រៃសណីយ និងទូរគមនាគមន៍ ២២-មន្ទីរពាណិជ្ជកម្ម ២៣-សាខាពន្ធដារ ២៤-ខណ្ឌរដ្ឋបាលព្រៃឈើ ២៥-ខណ្ឌរដ្ឋបាលជលផល ២៦-រតនាគារ ។
តាមការកត់សំគាល់ឃើញថា អតីតទីតាំងអង្គភាពរដ្ឋទាំងអស់ដែលស្ថិតនៅកណ្ដាលក្រុងសៀមរាបមួយចំនួន ត្រូវបានប្រែក្លាយទៅជាសំណង់សណ្ឋាគារធំ ឬសំណង់ពាណិជ្ជកម្មផ្សេងៗ រួចទៅហើយក្រៅពីនោះត្រូវបានម្ចាស់ថ្មីគេវាយចោល និងហ៊ុំពទ្ធ័ដោយរបងស័ង្កសី រង់ចាំការសាងសង់សំណងថ្មីជំនួស ។ ក្រុមអ្នកវិភាគបាននិយាយរឿងដោះដូរបែបនេះយូរឆ្នាំមកហើយថា «គេយកឆ្នាំងដែក ឬឆ្នាំងស្ពាន់ដូរយកឆ្នាំងដី » ប្រហែលជាពាក្យពិតនេះមិនសូវខុសទេ មើលទៅ។
តាមការកត់សម្គាល់នៅក្នុងអំឡុងដើមឆ្នាំ២០១២នេះ ក្រៅពីមានការផ្លាស់ប្ដូរអគារធ្វើការរបស់មន្ទីររដ្ឋចេញពីក្រុង ក៏មានព័ត៌មានថាក្រុមហ៊ុនG&Rបានប្រឹងប្រែងរត់ការដោះដូរទីតាំងដីមជ្ឈមណ្ឌលយុវជនខេត្ដសៀមរាបដែលជា«សម្បត្តិដីមហាសាល»ព្រោះមានផ្ទៃដីទំហំជាងមួយហិកតានៅកណ្ដាលបេះដូងក្រុងទេសចរណ៍ដែលជាទីតាំងប្រវត្ដិសាស្ដ្រផ្ទះលោកដាប ឈួន ម្ចុលពេជ្រ និងបានធ្វើឱ្យផ្ទុះប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ក្រុមបញ្ញវន្តមានមគ្គុទ្ទេសក៍ទេសចរណ៍ សាស្ដ្រាចារ្យ គ្រូបង្រៀន គ្រូសិល្បៈ និងក្រុមយុវជនសិល្បៈជាដើម ។ ល ។ កាលដើមឆ្នាំ២០១២ មានដំណឹងថា គេមកដេញឱ្យរើចេញម្តងមកហើយ ប៉ុន្តែដោយមានប្រតិកម្មពីអ្នករស់នៅលើទីតាំងនេះ ក៏បានផ្អាកទៅវិញ ប្រៀបដូចមានបារមីមក ជួយការពារមិនទាន់ឱ្យដេញទៅវិញ ។ ចាំមើលទៀត តើពេលណាដល់ថ្ងៃត្រូវអស្តង្គតនោះ គង់តែបានដឹងតាមរយៈកោះសន្តិភាពមិនខាន ។
ជាមួយបុរីរដ្ឋបាលថ្មីនោះដែរ ក្រុមមន្ដ្រីសង្គមស៊ីវិលនិងប្រជាពលរដ្ឋបានលើកឡើងថា ការរៀបចំមន្ទីរអង្គភាពរដ្ឋឱ្យទៅនៅកន្លែងប្រមូលផ្ដុំបែបហ្នឹងពិតជាល្អប្រសើរសម្រាប់ការធ្វើបែបបទរដ្ឋបាល ក៏ប៉ុន្ដែទីតាំងបុរីរដ្ឋបាលថ្មីនោះវាហាក់ដូចជាឆ្ងាយណាស់សម្រាប់កាលៈទេសៈបច្ចុប្បន្ន ព្រោះមន្ដ្រីរាជការត្រូវប្រឈមនឹងផលលំបាកច្រើនយ៉ាងណាស់ ផ្តល់នូវទុក្ខវេទនា សោកសង្រេងពេក ។
ទន្ទឹមនឹងការត្អូញត្អែរជុំវិញការផ្លាស់ប្ដូរទីតាំងអង្គភាពរដ្ឋចេញពីកណ្ដាលក្រុងមកកាន់បុរីរដ្ឋបាលនោះ គេក៏ឃើញមានអង្គភាពរដ្ឋមួយចំនួនដែលមានអគារនៅក្នុងបុរីនោះដែរ នៅមិនទាន់បានរើទៅកាន់ទីនោះនៅឡើយទេ ដោយសុខចិត្ដរើចេញពីកន្លែងចាស់ដែលគេដេញទៅជួលផ្ទះល្វែងនៅក្នុងក្រុងដើម្បីបន្ដធ្វើការ ក្នុងនោះមាន ដូចជាមន្ទីរខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប និងសាខាពន្ធដារខេត្ដជាដើម សុខចិត្តជួលទីតាំងក្នុងទីក្រុងសម្ងំធ្វើការទាំងមុខស្ងួត ចង់អ្នកណាថាអី ថាទៅ ។
មិនអាចស្វែងរកជួបមន្ដ្រីជាន់ខ្ពស់សាលាខេត្ដសៀមរាបណាម្នាក់ និងតំណាងក្រុមហ៊ុន G&R ដើម្បីសុំការពន្យល់បន្ថែមជុំវិញបញ្ហាខាង លើនេះបានទេ នៅរសៀលថ្ងៃទី២៣ សីហា ៕




ចែករំលែកព័តមាននេះ