ខេត្តបាត់ដំបង ៖ យុវជន២នាក់ដែលត្រូវជាបងប្អូនជីដូនមួយត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ សីហា នៅនឹងផ្ទះរបស់ពួកគេ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ក្រោយពីសង្ស័យថា ពួកគេបានព្រួតគ្នាចាប់រំលោភនាងក្រមុំម្នាក់នៅក្នុងផ្ទះជួលមួយកន្លែង កាលពីយប់ថ្ងៃសៅរ៍សប្ដាហ៍មុន ក្នុងគ្រាដែលនាងស្រវឹងក្នុងកម្មវិធីខួបកំណើត។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន ១-ឈ្មោះលិញ ប៊ុនថង អាយុ២១ឆ្នាំ ជាកូនប្រុស លោកមេភូមិចំការសំរោង២ និង២-ឈ្មោះរឿម ចន្នី ហៅភ័ក្រ អាយុ២០ឆ្នាំ ជនទាំង២នាក់ត្រូវជាបងប្អូនជីដូនមួយ។ មន្រ្តីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានឲ្យដឹងថា ពួកគេទាំង២នាក់ត្រូវនារីក្រមុំអាយុ១ឆ្នាំប្ដឹងចោទប្រកាន់ថា បានចាប់នាងរំលោភសេពសន្ថវៈម្ដងម្នាក់ក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ក្នុងក្រុងបាត់ដំបង កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៥ សីហា ខណៈដែលនាងដេកជាមួយមិត្តភក្ដិស្រីម្នាក់ ដែលគ្រានោះពួកនាងស្រវឹងស្រា។
នារីរងគ្រោះបានប្រាប់សមត្ថកិច្ចថា នាងបានធ្វើខួបកំណើតនៅថ្ងៃកើតហេតុនោះ ហើយបានហៅមិត្តភក្ដិប្រុសស្រីចូលរួមប្រហែលជិត១០នាក់ ដែលមានឈ្មោះថង និងឈ្មោះភ័ក្រ ក៏បានចូលរួមផងដែរ។ នាងបន្តថា កម្មវិធីបានចាប់ផ្ដើមតាំងពីម៉ោង៣រសៀលរហូតដល់ម៉ោងជាង៦ល្ងាចទើបចប់។
គ្រានោះមិត្ដភក្ដិបាននាំគ្នាចេញទៅផ្ទះរៀងៗខ្លួនអស់ ហើយនាងនិងឈ្មោះលីដា បានគេង ព្រោះស្រវឹងខ្លាំងពេក។ នាងបន្តទៀតថា ខណៈពេលពួកនាងកំពុងដេក ស្រាប់តែឈ្មោះថង និងឈ្មោះភ័ក្រ បានជិះម៉ូតូមកដាស់ពួកនាងដោយប្រាប់ថា ពួកគេភ្លេចកាបូបលុយ ហើយនាងក៏បើកទ្វារឲ្យ ប៉ុន្តែពួកគេបែរជាមកចាប់អោបថើបពួកនាងទៅវិញ។
នាងបញ្ជាក់ថា ពេលនាងចូលក្នុងបន្ទប់ស្រាប់តែឈ្មោះថង បានចូលទៅចាប់នាងរំលោភទាំងកំរោលដោយនាងស្រវឹងខ្លាំងពេកមិនអាចរើបម្រាស់រួច។ រីឯឈ្មោះភ័ក្រ នៅខាងក្រៅបន្ទប់បានចាប់អោបនារីជាមិត្តភក្ដិរបស់នាងដែរ។ បន្ទាប់ពីឈ្មោះថង រំលោភនាងរួចភ្លាម ឈ្មោះភ័ក្រ បានចូលមកចាប់នាងរំលោភម្ដង ហើយឈ្មោះថង បានចេញមកអោបថើបនារីជាមិត្តភក្តិនាងវិញ។ ក្រោយពីរំលោភនាងរួចពួកគេបានជិះម៉ូតូចេញទៅវិញបាត់ស្រមោល លុះនៅថ្ងៃទី២៦ សីហា ពួកនាងក៏បាននាំគ្នាទៅប្ដឹងសមត្ថកិច្ចតែម្ដងទៅ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ