ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២៦ សីហា ២០១២ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត បានចាប់បញ្ជូនបុរសសង្ស័យម្នាក់ជាទាហានទៅតុលាការខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ដែលជាប់ចោទពីបទលបលួចចូលពួនក្រោមគ្រែ ក្នុងបន្ទប់ដេកប្រពន្ធគេ កាលពីយប់ថ្ងៃទី២៤ សីហា ២០១២ ត្រង់ចំណុចភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
ជនសង្ស័យមានឈ្មោះឈិន ផល្លា អាយុ២៨ឆ្នាំ ជាយោធាកងពលតូចលេខ៥១ រស់នៅភូមិខាងលើ បានលបលួចចូលផ្ទះស្ត្រីម្នាក់ឈ្មោះស្មឿន គឹមអន អាយុ៣១ឆ្នាំ រស់នៅភូមិ-សង្កាត់ជាមួយគ្នា ខណៈពេលប្តីនាងមិននៅផ្ទះ គឺនៅតែនាង និងកូនម្នាក់ ។បើតាមប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ និងស្ត្រីរងគ្រោះបានជួបជុំផឹកស៊ីច្រៀងខារ៉ាអូខេជាមួយគ្នា ដោយមានមនុស្ស៧ ទៅ៨នាក់ ដែលជាអ្នកជិតខាង ។
បន្ទាប់មកស្ត្រីរងគ្រោះទំនងជាស្រវឹង បានឱ្យគេជូនមកដេកនៅផ្ទះមុន ។ លុះមួយសន្ទុះក្រោយមក បុរសសង្ស័យបានជិះម៉ូតូមកឈប់ក្បែរផ្ទះនាងហើយលបបើកទ្វារចូលក្នុងបន្ទប់ ខណៈនោះប្អូនប្រុសនាងឃើញក៏ប្តឹងនគរបាលប៉ុស្តិ៍សង្កាត់កំពង់ស្វាយ ចុះមកឃាត់ខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ