ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ផ្កាយ​២ និង​ជន​សង្ស័យ​ជួញដូរ​គ្រឿង​​ដ៏​សកម្ម​​គ្រោង​បញ្ជូន​ទៅតុលា​ការថ្ងៃទី​២៨ សីហា

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​អ្នក​ជួញ​ដូរ​គ្រឿងញៀន​​ដ៏​សកម្ម​៣​នាក់​ និង​អ្នក​បើក​បរ​​ម្នាក់​មិន​ទាន់​​ត្រូវ​បាន​បញ្ជូន​ទៅកាន់​តុលា​ការ​​នៅឡើយ ​ព្រោះ​បន្ទាប់​ពី​ឃាត់​ខ្លួន​ពីរ​នាក់​ប្តី​-ប្រពន្ធ​​ក្រោយ​ការ​ចាប់​ខ្លួន​លោក​ផ្កាយ​២ ចាន់ ឫទ្ធី​ឌី នោះ សមត្ថ​កិច្ច​​សួរនាំ​​២​នាក់​ប្តី-ប្រពន្ធ​​នេះ​មិន​ទាន់​អស់​ និង​កំពុង​​កសាង​សំណុំ​​រឿង​យ៉ាង​ប្រុង​​ប្រយ័ត្ន… ហើយ​ការ​បញ្ជូន​ពួក​គេ​ទៅតុលា​​​ការ​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃទី​២៨ សីហា ២០១២ ។

សូម​បញ្ជាក់ថា យោង​តាម​​ចម្លើយ​សារ​ភាព​របស់​លោក​ឧត្តម​សេនីយ៍​​ទោ ចាន់ ឫទ្ធី​ឌី ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​​ការ​ជួញ​ដូរ​គ្រឿង​​ញៀន​នោះ​​ នៅវេលា​ម៉ោង​៤​និង​១៥​នាទី​​រសៀល​ថ្ងៃទី​២៦ សីហា ២០១២ ​ប៉ូលិស​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​​ក្រសួង​មហា​ផ្ទៃ​​បាន​បន្ត​ទៅ​ឆែក​ឆេរ​​នៅ​ហាង​សំអាង​ការ​​មួយ​កន្លែង​​ឈ្មោះ​ រតនា​ពេជ្រ​សំអាង​ការ​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កាកាប ​ខណ្ឌពោធិ៍​សែន​ជ័យ ​ដែល​ជាបក្ស​ពួក​ទទួល​យក​គ្រឿង​ញៀន​​ទៅ​ចែកចាយ​បន្ត ។

ជា​មួយ​នឹង​ការ​ឆែកឆេរ​​កន្លែង​ថ្មី​នេះ ប៉ូលិស​​បាន​ឃាត់​ខ្លួន​មនុស្ស​ប្រុស-​ស្រី​២​នាក់​ប្តី​-ប្រពន្ធ​​បន្ថែម​ទៀត​ ដែល​បុរស​​​ជា​ប្តី​ឈ្មោះ​ឌៀប ស៊ុនឡាយ អាយុ​៥១​ឆ្នាំ ប្រពន្ធ​ឈ្មោះ​ញ៉ម សុខា អាយុ​​៤៩ឆ្នាំ ។ ប៉ូលិស​​នៅ​បាន​ដក​ហូត​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​​មួយ​គ្រឿង, ថ្នាំ​ញៀន​​ម៉ា​ទឹកកក​៩៨៩,៩​ក្រាម​, យ៉ាម៉ា​​៣.៧១៩,៥​ក្រាម និង​រថយន្ត​កាមរី​​ស៊េរី​បាឡែន​ពណ៌ទឹក​ប្រាក់ ១​គ្រឿង ។ 

លោក​ខៀវ ​សាម៉ន ​ប្រធាន​មន្ទីរ​ប្រយុទ្ធ​ប្រឆាំង​​គ្រឿងញៀន​​នៃក្រសួងមហាផ្ទៃ​ដែល​ដឹក​នាំ​កម្លាំង​​ចុះ​បង្ក្រាប​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ដ៏ធំ​នេះ ​បាន​មាន​ប្រសាសន៍​​ថា សមត្ថ​កិច្ច​​នៅ​តែ​បន្ត​រុ​ករក​បក្ស​ពួក និង​កន្លែង​ផលិត​-ចែកចាយ​​គ្រឿង​ញៀន​​នេះជា​បន្ត​ទៀត ​រហូត​​មាន​ភស្តុ​តាង និង​ឯក​សារ​គ្រប់​គ្រាន់ ទើប​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​កាន់តុលាការ​ ។

គួរ​រំលឹក​ថា ឧត្ត​ម​សេនីយ៍​ទោ​យោធា​​​ម្នាក់ លោក​​ចាន់ ​ឫទ្ធី​ឌី​ ជា​​នាយ​រង​​កង​ទ័ព​ជើង​គោក​ត្រូវ​​បាន​សមត្ថកិច្ច​​នគ​រ​បាល​​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​​ស​ហការ​ជាមួយ​​អាជ្ញាធរ​​ខណ្ឌ​មានជ័យ​​ ​ព័ទ្ធ​ចាប់​​ខ្លួន​នៅ​​ក្នុង​បរិវេណភូមិ គ្រឹះ​​ដ៏​ស្កឹម​ស្កៃ​​មួយ​កន្លែង​គ្មាន​ពីរ​​​​ ស្ថិត​នៅ​​ភូមិ​​អូរ​​​អណ្តូង​​​ សង្កាត់​ព្រែក​ប្រា  ​ខណ្ឌ​មានជ័យ​ ​​កាលពី​វេលា​ម៉ោង​​៣​រសៀ​ល ​ថ្ងៃទី​​២៤ សីហា ​ឆ្នាំ​២០១២ ។​​​

តាម​​ប្រភព​ព័ត៌​មាន​​​ពីមន្ត្រី​​សមត្ថកិច្ច​​​ចម្រុះ​​ក្នុង​​ប្រតិបត្តិការ​​ខាងលើ ​បាន​​ឱ្យ​​ថា​ មុន​​​ពេល​ឈាន​​ដល់ការ​​​ឃាត់​ខ្លួន​​​ឈ្មោះ ​​ចាន់​ ឫទ្ធីឌី ​ គឺ​​នគរបាល​​​ជំនាញ​​​បានធ្វើការ​​ស្រាវ​ជ្រាវ​អស់​រយៈ​ពេល​ជាង​​មួយ​ខែ​កន្លង​មក​ហើយ​ ​ទើប​កំណត់​​បាន​មុខ​សញ្ញា​​ដ៏​ធំ​ម្នាក់នេះ ។​​

មុន​ការ​ចាប់​ខ្លួន​​ គឺ​សមត្ថកិច្ច​​បាន​ប្រើ​ប្រាស់​​កម្លាំង​​ជំនាញ​​​អន្ទង​ទិញ​​ថ្នាំ​​ញៀន​​ពីឈ្មោះ ​ចាន់ ឫទ្ធីឌី ​​​ចំនួន​​​​ពីរ​ខាំ​ ។ ​​ពេលនោះ​​ឈ្មោះ​ ចាន់ ឫទ្ធីឌី  ​ក៏​បាន​​យក​ថ្នាំ​​ញៀន​​ប្រភេទ​​​ម្សៅ​​មក​លក់ឱ្យ​​​​ម៉ូយ​​តាម​​ទី​តាំង​ដែល​បានណាត់​ជួប​គ្នា ​។ ពេល​គាត់​​យក​ថ្នាំ​ញៀន​មក​ដល់​ក៏ត្រូវ​​ក្រុម​​​សមត្ថកិច្ច​​​ព័ទ្ធ​​​​ចាប់​​​​តាម​​​ដង​ផ្លូវ ​ប៉ុន្តែ​​ត្រូវ​​ឈ្មោះ​ចាន់ ឫទ្ធីឌី  ​​ជិះ​​​​​រថយន្ត​​​ម៉ាក​​ធុន​ដ្រា​​​ មួយ​គ្រឿង​ ​បើក​រត់​សំដៅទៅ​​ចូល​​ភូមិគ្រឹះ​​របស់​ខ្លួន​​​ ជា​ហេតុ​ធ្វើ​ឱ្យ​​​​សមត្ថកិច្ច​​​ជំនាញ​​បង្ខំ​ចិត្ត​​​​ធ្វើ​ការ​ឡោម​ព័ទ្ធ​​​ចាប់​ខ្លួន​​​​ឈ្មោះ​ចាន់ ឫទ្ធីឌី ​នៅ​ក្នុង​ភូមិ​គ្រឹះ​តែម្តង ​និង​ធ្វើ​ការ​​ឆែក​ឆេរ​​​លំនៅ​ឋាន​​ភ្លាមៗបាន​​រក​ឃើញ​ ថ្នាំ​ញៀន​​​​គ្រាប់​​ប្រមាណ​​២​មឺុន​គ្រាប់​ និង​ប្រភេទ​​​ម្សៅ​​​ប្រមាណ​​ជាង​​២០កញ្ចប់​​ធំ ។ ​

ក្រោយ​​ពេល​​ចូល​ឆែក​ឆេរ​​​ដល់​ក្នុង​លំនៅ​ឋាន​​​ដ៏ស្កឹម​ស្កៃ​​​របស់​​ឈ្មោះចាន់ ឫទ្ធីឌី  ​សមត្ថ​កិច្ច​​​ក៏​បាន​​​​ឱ្យ​ដឹង​ថា ​​ឈ្មោះ​ចាន់ ឫទ្ធីឌី គឺ​ជា​មុខ​សញ្ញា​រក​ស៊ី​ជួញ​ដូរ​​ថ្នាំ​ញៀន​​ដ៏​ធំ​មួយ​អស់​រយៈ​ពេល​ជា​យូរ​​មក​ហើយ និង​ពុំ​ធ្លាប់​ត្រូវ​​បាន​ចាប់​ខ្លួន​​ឡើយ ដោយ​​សារ​​ឈ្មោះ​​ចាន់ ឫទ្ធីឌី ប្រកប​​មុខ​របរ​រក​ស៊ី​​បើក​ហាង​​​បៀរ​ហ្គាឌិន ​​ផឹក​ស៊ី​​មួយ​កន្លែង​​យី​ហោ​​រស្មី​​បឹង​កេង​កង បន្លំ​ភ្នែក​​អ្នក​​ដទៃ​​ដើម្បី​​បិទ​បាំង​​មុខ​របរ​​ជួញ​ដូរ​​ថ្នាំញៀន​​របស់​ខ្លួន ។

ចំពោះ​ហាង​​រស្មី​បឹង​កេង​កង​​នៅ​វេលា​ល្ងាច​ថ្ងៃ​​ដដែល ​ក្រុម​សមត្ថ​កិច្ច​​បាន​ចុះ​ឆែក​ឆេរ​​រុក​រក​ថ្នាំ​ញៀន​​បន្ត​ ប៉ុន្តែ​ពុំ​ទាន់​ដឹង​លទ្ធ​ផល​​នៅ​ឡើយ​​ទេ ។ ដោយ​ឡែក​ប្រតិ​បត្តិ​ការ​​ឆែក​ឆេរ​ក្នុង​ភូមិ​គ្រឹះ​ខាង​លើ​ សមត្ថ​កិច្ច​​សម្រេច​​ដក​ហូតបាន​រថយន្ត​​ចំនួន​៤​គ្រឿង មាន​ម៉ាកធុន​ដ្រា មួយ​គ្រឿង ​ឡិច​ស៊ីស៤៧០ ​មួយ​គ្រឿង មែរសឺដេស មួយ​គ្រឿង ​និង​រថយន្ត​ប្រភេទ​​ទួរីស​មួ​យគ្រឿង។ នៅ​ក្នុង​ភូម​ិ​គ្រឹះ​​ដ៏​ស្កឹម​ស្កៃ​​នេះ​​មិន​មែន​ជា​ភូមិ​គ្រឹះ​ធម្ម​តា​​ឡើយ ដែល​ខាង​​ក្នុង​ភូមិ​គ្រឹះ​​នេះ​បំពាក់​​ដោយ​គ្រឿ​ងសង្ហារឹម​យ៉ាង​ប្រណីត​​បំផុតដែល​មាន​តម្លៃ​​រាប់​លាន​ដុល្លារ ៕