រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយច្រើនមុខ និងម្យ៉ាងជីវភាពខ្វះខាតផង ពិបាកចិត្តពេកក៏បានលេបថ្នាំអស់២០គ្រាប់ ដើម្បីសម្លាប់ខ្លួន កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៦ មីនា នៅភូមិត្រពាំងសំព័រ សង្កាត់គោករកា ខណ្ឌដង្កោ ។ ស្ត្រីម្នាក់នេះឈ្មោះវ៉ន សាវឿន អាយុ២៩ឆ្នាំ មុខរបរលក់បង្អែម ប្តីឈ្មោះជិន ណុំ អាយុ៤០ឆ្នាំ មានកូន២នាក់ និងមានស្រុកកំណើតនៅភូមិលង្វែក ឃុំឧកញ៉ាប៉ាង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
តាមសាច់ញាតិរបស់ស្ត្រីរូបនេះបានឱ្យដឹងថា កាលនៅស្រុកកំណើតនាងធ្វើការនៅរោងចក្រកាត់ដេរ តែដោយសារមានជំងឺក៏ឈប់ធ្វើការទៅ ចំណែកប្តីដើរលក់ការ៉េម តែប្រាក់ចំណូលដែលរកបានមិនអាចទ្រទ្រង់ចិញ្ចឹមគ្រួសារបាន ក៏មកសុំស្នាក់នៅផ្ទះបងស្រីឈ្មោះជិន ថន អាយុ៤៥ឆ្នាំ នៅភូមិត្រពាំងសំព័រ សង្កាត់គោករកា ខណ្ឌ ដង្កោ ។ ការមករស់នៅជាមួយបងស្រីនេះ ស្ត្រីរងគ្រោះលក់បង្អែម រីឯប្តីដើរទិញអេតចាយ ។
ប្រភពព័ត៌មានពីបងស្រីឈ្មោះជិន ថន បានឱ្យដឹងថា នាងវ៉ន សាវឿន មកស្នាក់នៅជាមួយគាត់នេះលក់បានលុយបន្តិចបន្តួចគ្រាន់តែផ្គត់ផ្គង់គ្រួសារមិនចង់គ្រប់ផង ហើយខ្លួននាងមានជំងឺប្រចាំកាយច្រើនមុខទៀត ដូចជា ឈឺក្រពះ និងដុះសាច់ច្រមុះ ។ ថ្មីៗនេះនាងបានទៅមើលអេកូនៅមន្ទីរពេទ្យជិតវត្តភ្នំ គ្រូពេទ្យប្រាប់ថា នាងមានគីសនៅដៃស្បូន ត្រូវវះកាត់ចេញ ហើយគ្រូពេទ្យបានឱ្យថ្នាំផ្សះមួយចំនួនមកនាងទុកលេបចំនួនជាង២០គ្រាប់ លុះពេលមកដល់ផ្ទះវិញ នាងពិបាកចិត្តពេកក៏គិតខ្លីបែបនេះទៅ ។
ការដឹងថានាងលេបថ្នាំ ដោយសារបាត់ប្រពន្ធយូរពេក មិនឃើញចុះពីលើផ្ទះ ប្តីក៏ឡើងទៅលើផ្ទះមើលប្រពន្ធ ស្រាប់តែឃើញប្រពន្ធបែកពពុះមាត់ស្កុល ហើយរកមើលថ្នាំដែលគ្រូពេទ្យឱ្យនាងលេបរាល់ថ្ងៃនោះមិនឃើញ ក៏ប្រញាប់ប្រញាល់ស្រែកហៅឱ្យគេជួយ ដោយធ្វើទឹកស្ករលាយជាមួយក្រូចឆ្មារឱ្យនាងផឹកនៅតែមិនបាត់ទៀត ក៏បញ្ជូននាងទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ៕
ចែករំលែកព័តមាននេះ