ទីភ្នាក់ងារព័ត៌មានបរទេស កាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ សីហាផ្សាយឱ្យដឹងថា មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តក្រុងដឹកអ្នកដំណើរកម្ពស់២ជាន់បុកជាមួយរថយន្តផ្ទុកឧស្ម័ន នៅទីក្រុងយ៉ាណាន តំបន់សានស៊ី ភាគខាងជើងប្រទេសចិន បណ្តាលឱ្យផ្ទុះឆេះបង្កឱ្យមានមនុស្សយ៉ាងតិច៣៦នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែនៅមិនទាន់មានរបាយការណ៍បញ្ជាក់ពីស្ថានភាពរបួសរបស់អ្នកទាំងនោះនៅឡើយទេ ។
ប្រភពព័ត៌មានបន្តថា មុនពេលកើតហេតុរថយន្តក្រុងខាងលើបានធ្វើដំណើរចាកចេញពីក្រុងហូហត ក្នុងប្រទេសម៉ុងហ្គោលីនៅល្ងាចថ្ងៃសៅរ៍ទី២៥ សីហា កន្លងមកតាមបណ្តោយផ្លូវប៉ាវថូវ-ម៉ៅម៉ីង លុះនៅវេលារំលងអធ្រាត្រថ្ងៃអាទិត្យទី២៦ សីហា ខណៈពេលអ្នកដំណើរភាគច្រើនកំពុងសម្រាន្តលង់លក់ក្នុងដំណេកពេលនោះមានរថយន្តផ្ទុកឧស្ម័នមួយគ្រឿងបើកចេញពីប្រទេសចិនតាមបណ្តោយផ្លូវខាងលើក្នុងទិសដៅបញ្ច្រាសគ្នាក៏បុកជាមួយរថយន្តដឹកភ្ញៀវទេសចរយ៉ាងពេញទំហឹង បណ្តាលឱ្យមនុស្សក្នុងរថយន្តក្រុងដែលកំពុងលង់លក់ស្រួលនោះបោកក្រឡុកស្លាប់៣៦នាក់ និងរងរបួសធ្ងន់ស្រាលជាច្រើននាក់ទៀត ។
មូលហេតុដែលបណ្តាលឱ្យរថយន្តទាំង២គ្រឿងបុកគ្នានេះគេពុំទាន់ដឹងថា ភាគីខាងណាជាអ្នកបង្ក និងបណ្តាលមកពីមូលហេតុអ្វីហើយសមត្ថកិច្ចកំពុងស្រាវជ្រាវពីករណីនេះយ៉ាងសកម្ម ។ ប៉ុន្តែតាមការសន្និដ្ឋានអាចបង្កឡើងដោយការធ្វេសប្រហែសរបស់អ្នកបើកបរច្រើនជាង ដោយអាងថាពេលយប់មិនមានអ្នកបើកបរធ្វើដំណើរក៏ចេះតែបោះពួយទៅមុខខ្វះការប្រុងប្រយ័ត្នរួមនឹងអ្នកបើកបរងងុយដេកផង ពេលវាក់ជាមួយរថយន្តខាងមុខជាន់ហ្វ្រាំងមិនទាន់ក៏បុកគ្នាពេញទំហឹងតែម្តង ។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវក្នុងប្រទេសចិនចាត់ទុកថាជាបញ្ហាចម្បងគួរឱ្យបារម្ភព្រោះមានកង្វះខាតលើបទដ្ឋានសុវត្ថិភាព និងទង្វើនៃការបើកបររបស់មនុស្សនៅក្នុងប្រទេសមានការធ្វេសប្រហែស។ តាមទីភ្នាក់ងារព័ត៌មានស៊ីនហួ របស់ចិនផ្សាយឱ្យដឹងថា មានកើតឧបទ្ទវហេតុរថយន្តជាញឹកញាប់ដោយមានអ្នកស្លាប់ប្រហែល៧០.០០០នាក់ និងរងរបួសជាង៣០០.០០០នាក់ ក្នុងមួយឆ្នាំ ៕
ចែករំលែកព័តមាននេះ