រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មនុស្សជំនិត៣នាក់របស់អតីតប្រធានាធិបតីកូតឌីវ័រ លោកឡូរ៉ង់ ហ្សេបាបូ ដែលសង្ស័យថាមានទាក់ទិនដល់អំពើហិង្សានាពេលថ្មីៗនេះ ក្នុងប្រទេសបានត្រូវចាប់ខ្លួន ។អគ្គលេខាធិការគណបក្សរណសិរ្ស ប្រជាជនកូតឌីវ័រ FPI របស់លោកហ្សេបាបូ គឺលោកឡូរ៉ង់ អាគូន បានត្រូវចាប់ខ្លួន កាលពីថ្ងៃទី២៦ សីហា នៅក្រុងអាដហ្សូ បេ ភាគខាងត្បូងប្រទេសដោយកងកម្លាំងសន្តិសុខ ពេលលោកវិលមកពីធ្វើមិទ្ទីងនយោបាយមួយ ។
បណ្តាអ្នកទទួលខុសត្រូវរបស់គណបក្សនេះគូសបញ្ជាក់ថា លោកអាគូន ពុំអាចរកឃើញឡើយ ក្រោយការចាប់ខ្លួនលោក ខណៈប្រភពដទៃៗទៀតនិយាយថា លោកស្ថិតក្នុងទីតាំងរបស់ផ្នែកស្រាវជ្រាវនៃកងតម្រួតជាតិ ។កាលពីថ្ងៃទី២៥ សីហា កន្លងមកនេះ ប្រទេសហ្គាណា បានប្រកាសពីការចាប់ខ្លួនអ្នកនាំពាក្យ និងជាអតីតរដ្ឋមន្ត្រីថិវការបស់លោកហ្សេបាបូ គឺលោកកូណេកាទីណាន ។ ជននេះជាមនុស្សជំនិតរបស់លោកហ្សេបាបូ បាននិរទេសទៅកាន់ប្រទេសហ្គាណា ចាប់តាំងពីឆ្នាំ២០១១ មក ដោយលោកជាកម្មវត្ថុនៃដីកាចាប់ខ្លួនអន្តរជាតិ ចេញដោយតុលាការកូតឌីវ័រ ដែលចោទប្រកាន់ពីបទឧក្រិដ្ឋសេដ្ឋកិច្ច ។
អាជ្ញាធរកូតឌីវ័ររង់ចាំការធ្វើបត្យាប័នជននេះ ដែលទទួលលក្ខន្តិកៈជាជនភៀសខ្លួន ។ចំណែកអ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់ទៀត របស់គណបក្ស FPI គឺអតីតរដ្ឋមន្ត្រីលោក ALPHONSE DOUATI ក៏ត្រូវចាប់ខ្លួនដោយកងកម្លាំងសន្តិសុខដែរ ចាប់តាំងពីថ្ងៃទី១៨ សីហា មក ៕
ចែករំលែកព័តមាននេះ