ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ែន ជីវ៉ុង រង​ការ​ព្រមាន​​ពី​អាជ្ញា​កណ្តាល​​ដែល​ចង់​ឈ្នះ​ដោយ​​ការ​ស៊ី​ឡាក

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​​ ​កីឡា​ករ​​វ៉ែន ជីវ៉ុង មក​ពី​ក្លិប​កង​កេង​​មាន​ឫទ្ធិខេត្ត​​បាត់​ដំបង រង​ការ​​រិះ​គន់​​ និង​ព្រមាន​​ពី​លោក​អាជ្ញា​កណ្តាល​​​ដោយ​សារ​ចង់​​ស៊ី​ឡាក​ បន្ទាប់​ពី​ត្រូវ​​កីឡា​ករ​​អីុ ប៊ុនថា មក​ពី​ក្លិប​អេភូថង​កីឡា អុក​​​មួយ​ជង្គង់​​ត្រូវ​ចំ​ប្រដាប់​​ការ​​ពារ​នៅ​ក្នុង​ទឹក​ទី​៣ កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​​ទី​២៦ សីហា នៅ​លើ​សង្វៀន​ស្ថានីយ​ទូរ​ទស្សន៍ CTN តែ​ការ​​អុក​ត្រូវ​នោះ​ត្រូវ​គេ​មើល​ឃើញ​ថា​ មិន​ធ្ងន់​ធ្ងរ​រហូត​ដល់​​ថ្នាក់​មិន​អាច​ប្រកួត​​បន្ត​ទៀត​​បាន​នោះ​ទេ ។ ការ​ចង់​ស៊ី​ឡាក​​នេះ ត្រូវ​លោក​អាជ្ញា​កណ្តាល​​សុខ វិជ័យ ព្រមាន​ថា បើ​សិន​ជា​​គេ​មិន​ព្រម​​ប្រកួត​បន្ត​ទៀត​​ទេ លោក​នឹង​រាប់​៨​ហើយ​បញ្ឈប់​​ការ​ប្រកួត​តែ​ម្តង ទើប​គេ​សុខ​​ចិត្ត​ប្រកួត​​ទាំង​​អារម្មណ៍​​មិន​សូវ​ល្អ ។
នៅ​ទឹក​ទី​១ និង​ទី​២ ជីវ៉ុង បាន​ប្រើ​ស្នៀត​​

ពិសេសៗ​​ដូច​ជា ស្នៀត​កែង ​និង​ជង្គង់​​ជា​ដើម​វាយ​ប្រហារ​​ទៅ​លើ​ប៊ុន​ថា យ៉ាង​ចាស់​​ដៃ​​ ​ ប៉ុន្តែ​​ត្រូវ​ប៊ុន​ថា ទាត់​សង​​វិញ​យ៉ាង​រហ័ស​​ទៅ​លើ​​ល្វែង​ខាង​ក្រោម​​​​ពេញៗ​​តែ​ម្តង ធ្វើ​​ឱ្យ​​ជីវ៉ុង ចាប់​​ផ្តើម​​​ទ្រុឌ​ទ្រោម​​យ៉ាង​ខ្លាំង​​ ។ លុះ​ចូល​ដល់​ទឹក​ទី​៣ ប៊ុន​ថា បាន​ជ្រុល​ជង្គង់​​បុក​ត្រូវ​​ចំ​ប្រដាប់​​ការ​ពារ​​ជីវ៉ុង​​ដោយ​អចេតនា​បណ្តាល​​ឱ្យ​គេ​ឈឺ​ចុកចាប់​យ៉ា​ង​ខ្លាំង និង​បង្ហាញ​ចេតនា​​មិន​ចង់​ប្រកួត​បន្ត​​​ទៀត​ឡើយ បុ៉ន្តែ​​លោក​សុខ​ វិជ័យ បាន​ព្រមាន​ថា បើ​សិន​ជា​គេ​មិន​ព្រម​​ប្រកួត​បន្ត​ទេ​នោះ​នឹង​ត្រូវ​​ប្រកាស​​ឱ្យ​​ចាញ់​មិន​ខាន​ឡើយ ទើប​ជីវ៉ុង​​យល់​ព្រម​ប្រកួត​​បន្ត​រហូត​​បញ្ចប់​​ទឹក​​ទី​៥​ហើយ​ត្រូវ​​ចាញ់​ពិន្ទុ​អីុ ប៊ុន​ថា ។

កីឡា​ករ​​សុខ វាសនា មក​ពី​ក្លិប​​ឃ្លាំង​មឿង​​កីឡា ត្រូវ​​អាជ្ញា​កណ្តាល​​លោក​ងួន និត ប្រកាស​​ឱ្យ​ចាញ់​កីឡា​ករ​​ឆាន់ ជឿន មក​ពី​ក្លិប​​រស្មី​​កុមារ​កំព្រា​​នៅ​ត្រឹម​ទឹក​ទី៣ ។ រវាង​គូ​នេះ​​បើ​ទោះ​ជា​ពួក​​គេ​មិន​សូវ​​មាន​បច្ចេក​ទេស​​វាយ​លុក​ដូច​​ជើង​ចាស់​​​មែន ប៉ុន្តែ​​បាន​ធ្វើ​​ឱ្យ​​អ្នក​ទស្សនា​​​មាន​ការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​​ជា​មួយ​នឹង​ការ​បញ្ចេញ​ស្នៀត​ពិសេសៗ​​វាយ​​សម្រុក​​គ្នា​តាំង​ពី​ទឹក​ទី​១​មក​ម៉្លេះ ។ ក្នុង​ទឹក​ទី​២​ទាំង​សង​ខាង​​នៅ​តែ​បង្កើន​ការ​វាយ​​គ្នា​ទៅ​វិញ​ទៅ​មក​​មិន​ដក​ថយ​​ឡើយ ប៉ុន្តែ​កម្លាំង​​របស់​​វាសនា​​បាន​ស្រុត​ចុះ​​បន្តិច​​ធ្វើ​​ឱ្យ​​ឆាន់ ជឿន មាន​ឱកាស​​វាយ​សម្រុក​តាម​អំពើ​ចិត្ត ។ ចូល​ដល់​ទឹក​ទី​៣ វាសនា ត្រូវ​ឆាន់ ជឿន ជ្រុល​​ជើង​ទាត់​​ត្រូវ​​ខ្នង ខណៈ​​រូប​គេ​បាន​ដួល​​ទាំង​​ជំហរ​​ទៅ​ហើយ​នោះ ក្នុង​ស្ថាន​ភាព​​បែបនេះ​វាសនា មាន​បំណង​​ចង់​ឈ្នះ​ដោយ​ការ​ស៊ីឡាក​យ៉ាង​ពិត​ប្រាកដ​ ប៉ុន្តែ​​ក្រោយ​ពី​អាជ្ញា​កណ្តាល​​រាប់​៨​រួច​ គេ​​​នៅ​តែ​មិន​​ក្រោក​ទៀត​​ ទើប​​អាជ្ញា​កណ្តាល​​ប្រកាស​​ឱ្យ​ចាញ់​​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ត្រឹម​ទឹក​ទី​៣ ។

នៅ​​លើ​សង្វៀន​​ដដែល​​កីឡា​ករ​​ធា រិទ្ធី មក​ពី​ក្លិប​​អេភូ​ថង​កីឡា ប្រកួត​ឈ្នះ​​​ពិន្ទុ​​កីឡា​ករ​​លាភ សំណាង មក​ពី​ក្លិប​​កង​ពល​តូច​លេខ​៧០​ ។ កីឡា​ករ​​វ៉ាន់ ចាន់​វ៉េត មក​ពី​ក្លិប​សិង្ហ​កីឡា ប្រកួត​ឈ្នះ​​រឿម វណ្ណៈ មក​ពី​សមា​គម​កីឡា​ប្រដាល់​ក្រសួង​​ការ​​ពារ​ជាតិ​​ដោយ​ពិន្ទុ ។ កីឡា​ករ​​យឹម សាវុធ មក​​ពី​ក្លិប​ភ្នំ​ពេជ្រ​កីឡា​​ ប្រកួត​​លក្ខណៈសាកល​​ឈ្នះ​កីឡា​ករ​​ម៉ៃ ថៃប៊ិប មក​ពី​សមា​គម​កីឡា​ប្រដាល់​ក្រសួង​​ការ​ពារ​​ជាតិ ដោយ​ពិន្ទុ ៕