ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ ភូថង​ ពង្រីក​កេរ្តិ៍​ឈ្មោះ​​លើ​មាគ៌ា ប្រដាល់ដោយ​ការ​ចាប់​អាជីព​ជាគ្រូ​បង្វឹក​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ រហូតមកដល់​ពេល​នេះ​​លោក​អេ ភូថង អតីត​កីឡា​​ករ​ល្បី​ឈ្មោះវ័យ​​៤១​ឆ្នាំ បាន​ដក​​ខ្លួន​​ទាំង​ស្រុង​​ពី​សង្វៀន​ប្រដាល់ ។​ទោះ​យ៉ាងណា​​លោកនៅតែ​សកម្ម​​ក្នុង​វិស័យ​មួយ​នេះ​​ដូចមុន បើ​ទោះ​ជា​ម្នាក់​ៗ​​ស្មាន​ថា លោ​ក​បាន​លា​ឈប់​​ពីអាជីព​ប្រដាល់​​បាត់​ទៅ​ហើយ​ក្តី​ ។ អ្វី​​ដែលសំខាន់​ជាង​នេះ​គឺ​លោក​កាន់​តែ​បង្កើន​​​កេរ្តិ៍​ឈ្មោះ​​របស់​ខ្លួន​​មិនចាញ់​កាល​នៅឡើង​​រេញ​​ប៉ុន្មាន​ទេ តាមរយៈ​​មុខ​ងារ​​ជាគ្រូ​បង្វឹក​​នៅក្នុង​ក្លិប​​ផ្ទាល់ខ្លួន​មួយ​ដែល​​លោក​បាន​បង្កើត​ឡើង​ ។

ដ្បិត​ថាអតីត​កីឡា​​ករ​ជើង​ខ្លាំង​​លោក​អេ ភូ​ថង​​ បាន​បញ្ឈប់​​ការ​ឡើង​រេញ​ទាំង​ស្រុង​​​តាំង​ពី​ឆ្នាំ​២០០៨ ប៉ុន្តែ​លោក​នៅតែ​រស់​ក្រោម​នឹម​វិស័យ​​​កីឡា​ប្រដាល់​​​ដដែលទេ ក្នុង​រយៈ​ពេល​ចុង​​ក្រោយ​នេះ ។ ជាមួយ​នឹង​​មាគា​៌​​មិនធ្វើឱ្យ​កេរ្តិ៍​ឈ្មោះ​សាប​សូន្យ​​លោក​បែរ​ជាកាន់​តែ​រក្សា​​បាន​នូវ​​​ភាព​ល្បី​ល្បាញ​តាម​រយៈ​​ការ​បណ្តុះ​កីឡា​ករ​ស្រករ​ក្រោយ ឱ្យមាន​ស្នាដៃនៅលើ​ពិភព​​ប្រដាល់​ ។ ចាប់​តាំង​ពីបាន​បង្កើត​​ក្លិប​ប្រដាល់​ផ្ទាល់​ខ្លួន​កាល​ពី​ឆ្នាំ​២០០៤ ​លោក​បាន​​​បណ្តុះ​បណ្តាល​​កីឡា​ករ​ក្មេង​ៗ​​ឱ្យ​មាន​ឈ្មោះ​​ជាជើង​ខ្លាំ​ង​បាន​​ជា​ច្រើន​រូប​ដើម្បី​ស្នង​តំណែង​​ដ៏​ខ្លាំង​ក្លា​​របស់​លោក​នា​អតីត​​កាល​ផងដែរ ។ បច្ចុប្បន្ន​​ក្លិប​​«អេភូថង​កីឡា»របស់ លោក​​បាន​បណ្តុះ​បណ្តាល​​កីឡាករ​​ប្រមាណ​ជាង​១០០នាក់​ ក្នុងនោះ​កីឡាករ​ដែល​កំពុង​​មាន​ឈ្មោះបោះ​សំឡេង​លើ​រេញ​ប្រដាល់​ជួយ​លើក​មុខ​មាត់​​​របស់​លោក​​ឱ្យនៅ​ស្ថិត​ស្ថេរ​ក្នុងវិស័យ​នេះ​រួម​មាន​​កីឡាករ​ អេ តារា , អេ អីុ​តាលី , អេ សុវត្ថិឌី ,អេ ស៊ី​ថា ,ឌុន រដ្ឋា​ និង​កីឡា​ករ​ឈ្លើង​​ទាម​ឆ្លាមជាដើម ។ លោក​និយាយ​ថា«​ខ្ញុំ​ដកខ្លួន​​​តែការ​ឡើង​​រេញ​ប៉ុណ្ណោះ ប៉ុន្តែ​បើនិយាយ​​ពីការងារ​​ប្រដាល់​វិញគឺ​ខ្ញុំ​កាន់​តែ​យក​ចិត្ត​ទុកដាក់​​​ ព្រោះ​​ទីមួយ​​ត្រូវ​បង្ហាត់​​​សិស្ស​នៅក្នុង​ក្លិប​​​ និងទី​២​ត្រូវ​ដឹក​នាំ​ពួកគេ​ឡើង​ប្រកួត​​ស្ទើរ​តែរាល​់​អាទិត្យ​នៅលើ​រេញ ដើម្បី​លើក​ទឹក​ចិត្ត​​​ពួកគេកុំ​ឱ្យ​ភ័យ ធ្វើ​ឱ្យ​ពួកគេ​​កាន់​តែ​មាន​​​សេចក្តី​ក្លាហាន​» ។

លោក​អះអាង​ថា ស្រឡាញ់​​អាជីព​​ប្រដាល់មិនសាប​សូន្យឡើយ​ ទើប​នៅតែ​​ប្រឹង​បន្ត​​ដោយមិនធ្លាប់​​គិត​ចង់​​បើក​ជំនួញ​​ ឬធ្វើកិច្ច​​ការ​ងារ​ផ្សេង​ជំនួសទេ ។ បន្ថែម​ពី​លើ​នោះ​លោកក៏​បាន​​បង្វឹក​ភរិយា​ឱ្យ​ចេះ​បង្ហាត់​ប្រដាល់​ដល់​សិស្ស​ស្រី​ៗ​ក្នុង​ក្លិប​​ និង​ឱ្យ​ភរិយា​​ចាប់​អាជីព​​ជាអាជ្ញាកណ្តាល​ផងដែរ ។ សូម្បី​តែ​​កូន​ស្រី​​របស់លោកគឺនាង អេ យ៉ានុត អាយុ​១៤​ឆ្នាំ ក៏​កំពុង​បោះ​ជំហាន​ឈាន​ទៅ​ចាប់​អាជីព​ជា​កីឡា​ការិនី​ជម្រើស​ជាតិផ្នែក​​​វ៉ូវៀត​ណាម ក្នុង​ន័យ​​លើក​កម្ពស់​​វិស័យ​កីឡា​ផងដែរ ។ អតី​ត​ខ្លា​ចាស់​​ដែល​ល្បី​​ល្បាញ​ខាង​កែង​ឆេះ​ជង្គង់​ហោះ​នៅគ្រប់​​ការ​ប្រកួត​រូប​នេះថ្លែង​បញ្ជាក់ថា ដោយ​សារ​​មាន​​ចិត្ត​ស្រឡាញ់​​វិស័យ​កីឡា​ទើប​លោក​បាន​​​​បណ្តុះ​​បណ្តាលភរិយា​​ និងកូនស្រី​​ឱ្យ​ប្រឡូក​​ក្នុង​​អាជីព​​ប្រដាល់ ហើយ​ក្នុង​ពេល​​ដ៏​ខ្លី​ខាងមុខ​នេះ​កូន​ប្រុស​របស់​លោក​ក៏​នឹង​ក្លាយ​ជា​កីឡា​​ករ​ប្រដាល់តាម​លំនាំ​របស់លោកផង​ដែរ​ ។

ការ​ងារ​​ប្រដាល់​​គឺ​ស្មុគ​ស្មាញ​ ប៉ុន្តែ​មក​ពី​លោក​មាន​​ចំណូល​​ចិត្ត​ ទើប​សម្រេច​​​ចិត្ត​បណ្តុះ​បណ្តាល​សិស្ស​​គុន ដើម្បី​រក្សា​​ស្នាដៃ​ និង​កេរ្តិ៍​ឈ្មោះរបស់​ខ្លួន​គឺ​អេ ភូថង​ កុំ​ឱ្យ​បាត់​​បង់​​​ ។ លោក​បញ្ជាក់ថា ការ​​បង្កើត​ក្លិប​មិន​មែន​​គ្រាន់តែ​​បង្ហាត់​ឱ្យ​រួច​ពីដៃ​នោះ​​ទេ គឺ​ត្រូវ​​យក​ចិត្ត​ទុកដាក់​​​គ្រប់​កាលៈ​ទេស​ៈ​​​ចំពោះ​សិស្ស​​ទើប​សិស្ស​គុន​ដែល​ចេញ​ពីក្លិប​របស់​​លោក ត្រូវ​គេ​កត់​សម្គាល់ថា ច្រើនតែមាន​ស្នាដៃ​នាពេល​ចុង​ក្រោយនេះ ។

អេ​ ភូថង​ ជាកីឡាករ​​ដែលចាប់​អាជីព​ប្រដាល់​​ក្នុង​ឆ្នាំ​​១៩៩៣ នៅខេត្ត​​កោះកុង​ ។ លោក​​ល្បី​ឈ្មោះ​នៅទឹក​ដី​​​កំណើត​​ប្រមាណ​​១០​ឆ្នាំ​ ទើប​មាន​ឱកាស​​​​ឡើង​មក​ប្រកួត​​​លើសង្វៀន​នៅភ្នំពេញ​ ។ លោក​ប្រកួត​ទាំង​សេរី​ និង​សាកល​បាន​សរុប​ជាង​​​១៩០​ដង​ ក្នុង​នោះ​ចាញ់​តែ​៧​ដង​ប៉ុណ្ណោះ ទើប​រុញឱ្យ​លោក​ក្លាយ​ជា​កីឡា​ករ​ល្បី​ល្បាញ​តែក្នុង​រយៈ​ពេល​ខ្លី ។ លោក​​ដក​ខ្លួន​ទន្ទឹម​គ្នានឹង​​វ័យ​កាន់​តែ​ជ្រេ ហើយ​គ្មាន​ដៃ​គូ​ប្រកួត​​ក្នុង​ស្រុក ។

ក្នុងពេល​ប្រឡូកវិស័យ​ប្រដាល់​ លោ​ក​ទទួល​បាន​ខ្សែក្រវាត់ ពាន​ និង​មេដាយ​ស្ទើរ​រាប់​មិនអស់ ពិសេស​ពីការ​​​​ប្រកួត​​​​នៅ​អូស្ត្រាលី​២០០៣ បារាំង​​២០០៦ និង​នៅ​ប្រទេស​ជិត​ខាង​មួយ​​ចំនួនទៀត​ ។ លោកមាន​​គម្រោង​​​បន្ត​អាជីព​​ជាគ្រូ​បង្វឹក​អស់​មួយ​ជីវិត​ ដោយមិន​ងាក​​ទៅ​ប្រកប​​អាជីព​ផ្សេងទៀត​ទេ​ ដើម្បី​លើក​ស្ទួយ​​វិស័យ​ប្រដាល់​ដល់​ក្មេង​ជំនាន់​ក្រោយ ៕