ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមា​គម​​សិល្ប​ករ​ខ្មែរ​បើក​​បង្រៀន​ច្រៀង និង​សម្តែង​​ឥត​គិត​ថ្លៃ​ដល់​អ្នក​ចង់​ក្លាយ​ជា​អ្នក​សិល្បៈ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រោយ​ពី​ទទួល​បាន​អំណោយ​​ជា​សម្ភារ​ខារ៉ាអូខេ​មួយ​ឈុតពី​​សប្បុរស​ជន​នានា​នោះ សមា​គម​សិល្ប​ករ​ខ្មែរ​​បាន​ប្រកាស​​បើក​​បង្រៀន​​ច្រៀង និង​សម្តែង​ដោយ​ឥត​គិតថ្លៃ​ចំពោះ​​យុវ​វ័យ​ជំនាន់​​ក្រោយ​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​សិល្បៈ​ ។ ពិធី​​ទទួល​សម្ភារ​សម្រាប់​បង្រៀន​ចម្រៀង​នេះ​បាន​ធ្វើ​ឡើង​កាល​ពីថ្ងៃទី​២៥​ សីហា ២០១២ ​នៅក្នុង​បរិវេណ​​របស់​សមា​គម​សិល្ប​ករ​​ខ្មែរ ។

ថ្លែង​ប្រាប់​​អ្នក​សារ​ព័ត៌​មាន​នា​ឱកាស​នោះ​លោក​សុះ ​ម៉ាច ​ប្រធាន​សមា​គម​សិល្ប​ករ​ខ្មែរ​បាន​​ឱ្យ​ដឹងថា នេះជា​ជំហាន​ថ្មី​មួយ​ទៀត​របស់​សមា​គម​ក្នុង​ការ​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​​សិល្បៈ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​កាន់​​តែ​មាន​ភាព​រីក​ចម្រើន ។ លោក​បន្ត​ថា ​ការ​បណ្តុះ​បណ្តាល​នេះ នឹង​ផ្តល់​ឱកាស​ដល់​ប្អូនៗ​​​ជំនាន់ក្រោយ​​ដែល​មា​ន​បំណង​​ចង់​ចាប់​​យក​អាជីព​​ជា​អ្នក​​ចម្រៀង និង​សម្តែងនោះ ។ ការ​ចុះ​ឈ្មោះ​​ចូលរៀន​ ​គឺ​មិន​តម្រូវ​​ឱ្យ​មាន​ការ​បង់​ប្រាក់​ឡើយ គឺ​​​គ្រា​ន់​តែ​មក​ចុះ​ឈ្មោះ​​ចូល​​ជា​សមា​ជិក​របស់​សមា​គម​ និង​បង់​​ជា​វិភាគ​ទាន​បន្តិច​​បន្តួច​ប្រចាំ​​ឆ្នាំ គឺ​អាច​មាន​សិទ្ធិ​ចូលរៀន​បាន ។

លោក​បញ្ជាក់ថា ​ក្នុងនាម​ជាប្រធាន​សមា​គម​លោក​សូម​អំពាវ​នាវ​ដល់​ប្អូនៗ​​ដែល​មាន​បំណង​ចង់​​ចូល​រួម​ជា​​សមា​ជិក​របស់​សមា​គម​​សូម​ប្រញាប់​​រួស​រាន់​មក​ចុះ​ឈ្មោះ​ដើម្បី​​មាន​ឱកាស​ទទួល​​បាន​ការ​បណ្តុះ​បណ្តា​​ល​ឱ្យ​ក្លាយ​ជា​អ្នក​សិល្បៈ​ទៅ​ថ្ងៃ​អនាគត ។ លោក​​ និង​តារា​​សម្តែង​ជើង​ចាស់​មួយ​ចំនួន​​ទៀត​បាន​​និង​​កំពុង​​តែ​ត្រៀម​ខ្លួន​​ផ្តល់​ចំណេះ​ដឹង និង​បទ​ពិសោធន៍​​ដល់​ប្អូន​ៗ​ជំនាន់​ក្រោយ​​ដើម្បី​​ចាប់​អាជីព​សិល្បៈ​​មួយ​​ដែល​​ច្បាស់​លាស់​ ។ លោក​សុះ ម៉ាច ​បាន​​អះអាង​បន្ថែម​ថា ទៅ​ថ្ងៃ​មុខ​ប្រសិន​បើ​​មាន​​សម្ភារ​​​គ្រប់​​គ្រាន់​​​នោះ សមា​គម​ក៏​​មាន​​បំណង​បើក​​ការ​បង្ហាត់​បង្រៀន​​ខាងផ្នែក​តន្ត្រី​​ និង​ការ​តែង​​និពន្ធ​​​បទ​ចម្រៀង​​ផង​ដែរ ​​ព្រោះ​បច្ចុ​ប្បន្ន​​យើង​មាន​សិល្ប​ករ​ចាស់​ៗ​​រង់ចាំ​​ជួយ​ដល់​សមា​គម​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕