ខេត្តបាត់ដំបង ៖ រថយន្តយក្សប្រភេទយីឌុបមួយគ្រឿងដែលផ្ទុកអង្កររាប់សិបតោន បានរអិលធ្លាក់ចេញពីផ្លូវជាតិលេខ៥ ក្រឡាប់ចូលទឹកប្រឡាយកាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ សីហា ២០១២ នៅចំណុចភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ដោយគេសង្ស័យថា បណ្តាលមកពីអ្នកបើកបរដេកលក់មួយភាំង តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ តែខូចខាតអង្ករស្ទើរទាំងស្រុង ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា រថយន្តនោះប្រភេទយីឌុប (ភ្លៅ៥) តែគេនៅមិនទាន់ស្គាល់ឈ្មោះអ្នកបើកបរ និងព្រូម្នាក់នោះទេ ។ រថយន្តដឹកអង្ករពេញដែលគេសង្ស័យថា មិនតិចជាង៤០តោននោះឡើយបានធ្វើដំណើរមកពីទិសខាងកើតឆ្ពោះទៅទិសខាងលិច ។ សមត្ថកិច្ចនិយាយថា រថយន្តយក្សនេះ កំពុងធ្វើដំណើរសុខៗស្រាប់តែធ្លាក់ចេញពីផ្លូវជាតិ រួចក្រឡាប់ចូលទៅក្នុងប្រឡាយទឹកទាំងកំរោលកណ្តាលថ្ងៃត្រង់នៅខាងស្តាំដៃរបស់ខ្លួន តែសំណាងល្អអ្នកនៅក្នុងរថយន្ត២នាក់នោះ គ្មានរលាត់ស្បែកអីតិចសោះ ខូចខាតតែអង្ករស្ទើរទាំងស្រុងត្រាំក្នុងទឹក ។
នៅកន្លែងកើតហេតុ បុរសម្នាក់ដែលគេដឹងថា ជាតៃកុងរថយន្តនេះបាននិយាយប្រាប់គេឯងថា ខ្លួនបានដឹកអង្ករនេះពីប្រទេសវៀតណាមតាមច្រកភ្នំឌិន ខេត្តតាកែវ ឆ្ពោះទៅកាន់ព្រំដែន ច្រកអូរអន្លក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីចេញទៅប្រទេសថៃ ។ ជននេះបន្តថា ខ្លួនបានបើករថយន្តពេញមួយយប់ ដោយងងុយដេកពេក ក៏ឱ្យព្រូបើកម្តង ហើយខ្លួនសំងំដេកមួយស្របក់លើរថយន្ត លុះមកដល់ចំណុចខាងលើ ក៏ជួបគ្រោះថ្នាក់តែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ