យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យខ្យល់ព្យុះ NHC របស់អាេមរិកថា ព្យុះឈ្មោះ ISAAC កាលពីយប់ថ្ងៃទី២៦ សីហា បានបោកបក់ឆ្ពោះទៅកាន់រដ្ឋល្វីហ្សាណា អាឡាបាម៉ា និងមីស៊ីស៊ី ពី ដែលក្នុងរដ្ឋទាំងនេះគេបានប្រកាសអាសន្ន៧ឆ្នាំ ក្រោយការវាយប្រហារនៃព្យុះឈ្មោះកាឌ្រីណា KATRINA ដែលបំផ្លាញទីក្រុងញូវអ័រលីនធ្ងន់ធ្ងរបំផុត ។
នាវេលាម៉ោង២០ម៉ោងក្នុងស្រុក ព្យុះនេះបានបោកបក់លើឆ្នេរសមុទ្ររដ្ឋផ្លរីដាជាមួយនឹងកម្លាំងខ្យល់ដល់១០៥គ.ម ក្នុងមួយម៉ោង ហើយវាអាចក្លាយទៅជាព្យុះសង្ឃរារយៈពេល២៤ម៉ោងទៀត ។ព្យុះ ISAAC បានចាកចេញពីប្រទេសហៃទីដែលមានមនុស្សស្លាប់៧នាក់ និងសាធារណរដ្ឋដូមីនីកដែលមានមនុស្សស្លាប់២នាក់ កាលពីថ្ងៃទី២៦ សីហា ក្រោយពីបោកបក់ឆ្លងកាត់ប្រទេសគុយបា កាលពីថ្ងៃទី២៥ សីហា ។ ដូចអភិបាលរដ្ឋផ្លរីដាដែរ អភិបាលរដ្ឋល្វីហ្សាណា មីស៊ីស៊ីពី និងអាឡាបាម៉ា ជារដ្ឋ៣នៅជាប់ឈូងសមុទ្រម៉ិចស៊ិកបានប្រកាសអាសន្ន ខ្យល់ព្យុះ។
អភិបាលរដ្ឋអាឡាបាម៉ា លោក ROBERT BENTLEY បានបញ្ជាឱ្យជម្លៀសមនុស្សចេញពីតំបន់ MOBILE និងតំបន់ BALWIN ភាគខាងត្បូង ចំណែកអភិបាលរដ្ឋល្វីហ្សាណាលោក BOBBY JINDAL បានណែនាំពលរដ្ឋឱ្យចាកចេញពីតំបន់ទាំងឡាយដែលរងការគំរាមកំហែងដោយព្យុះនេះ ។ ក្រុងញូវអ័រលីនអាចរងការវាយប្រហារនៃព្យុះនោះ នាយប់ថ្ងៃទី២៧ សីហា និងមានធាតុអាកាសអាក្រក់នាថ្ងៃទី២៨ និង២៩ សីហា ។ កាលពីឆ្នាំ២០០៥ ព្យុះកាឌ្រីណាបានសម្លាប់មនុស្សជាង១.៥០០នាក់ និងបង្កការខូចខាតគិតជាប្រាក់ប្រមាណជាង១០៨ពាន់លានដុល្លារនៅរដ្ឋល្វីហ្សាណា ៕
ចែករំលែកព័តមាននេះ