ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជំនាញ​ ៖ ជំងឺគ្រុន​ឈាម​​មាន​អត្រា​​ស្លាប់​កើន​ឡើង​សម្រាប់​​សប្តាហ៍​​ទី​៣០​ដល់​៣២ នៃ​ឆ្នាំ ២០១២

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មន្ត្រី​ជំនាញ​បាន​អះអាង​ថា អត្រា​ស្លាប់​ដោយ​ជំងឺ​​គ្រុន​ឈាម​ក្នុង​សប្តាហ៍​​៣០​ដល់​សប្តាហ៍​​៣២ នៃឆ្នាំ​២០១២ នេះ មាន​ការ​កើន​ឡើង​​ខុស​ធម្មតា​​ក្នុង​នោះ​​សប្តាហ៍​​ទី​៣០ អត្រា​ស្លាប់​មាន​រហូត​ដល់​២១​​នាក់ សប្តាហ៍​៣១ ស្លាប់​៩​នាក់ ​និង​សប្តាហ៍​ទី​៣២​ ​មាន​ចំនួន​​៨​នាក់ ។

លោក​ ច ម៉េង​ចួ នាយក​មជ្ឈ​មណ្ឌល​​ជាតិ​ប្រយុទ្ធ​​នឹង​ជំងឺ​គ្រុន​ចាញ់​​ប៉ារ៉ា​ស៊ីត​សាស្ត្រ​ និង​បាណាក​សាស្ត្រ​​បាន​បញ្ជាក់ថា ​មូល​ហេតុ​ដែល​អត្រា​ស្លាប់​មាន​​​ការ​កើន​ឡើង​​នោះ គឺ​ដោយ​សារ​អ្នក​ជំងឺ​​មាន​ករណី​​ធ្ងន់ធ្ងរ​​ មាន​សញ្ញា​ហូរឈាម​តាម​ផ្លូវ​រំលាយ​អាហារ​​៣៥​% ​ដោយ​សារ​តែ​មន្ទីរ​ពេទ្យ​​ឯក​ជន​បាន​បញ្ចូល​សេរ៉ូម​ហួស​​កម្រិត​នាំ​ឱ្យ​ជំងឺ​កាន់តែ​ធ្ងន់​ធ្ងរ​មិន​អាច​ជួយ​សង្គ្រោះ​​បាន ហើយ​​ពេល​បញ្ជូន​មក​ព្យាបាល​​​សេវា​សាធារណៈ ឬ​ពេទ្យ​រដ្ឋ​ក៏ត្រូវ​ស្លាប់​តែ​ម្តង។

​លោក ច ម៉េងចួ ក៏​បាន​រំលឹក​ឡើងវិញថា មក​ដល់​សប្តាហ៍​ទី​៣៣ ​ឆ្នាំ ២០១២ នេះ ករណី​ជំងឺ​គ្រុន​ឈាម​ចូល​សម្រាក​ព្យា​បាល​​សេវា​សាធារណៈ​មាន​ចំនួន​២៧.៥៩២​នាក់ ក្នុង​នោះ​​ស្លាប់​១១១​នាក់ ក្នុង​អត្រា​០,៤% ។ ករណី​ឈឺ​កើន​​១៥០% ​បើ​ប្រៀប​ធៀប​​ឆ្នាំ​២០១១ ​ប៉ុន្តែ​អត្រា​​​នេះ​ទាប​ជាង​ឆ្នាំ ២០០៧ ​ដែល​ជា​ឆ្នាំ​គោល​នៃ​​ការ​ផ្ទុះ​ជំងឺ​​គ្រុ​ន​ឈាម ។ ​ខេត្ត​ដែល​មាន​អត្រា​ជំងឺ​​គ្រុន​ឈាម​ខ្ពស់​ជាង​​គេ​ គឺខេត្ត​បន្ទាយ​មានជ័យ, សៀម​រាប, ​ឧត្តរ​មាន​ជ័យ, កណ្តាល, កំពង់ស្ពឺ, កំពង់ឆ្នាំង, កំពង់ធំ, ព្រៃវែង, កំពង់ចាម និង​ព្រះវិហារ ។ ​ចំណែក​ខេត្ត​ដែល​គ្មាន​​ផ្ទុះ​ការ​រាត​ត្បាត​​គឺពោធិ៍សាត់, មណ្ឌល​គិរី, ស្ទឹង​ត្រែង និង​រតនគិរី ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕