ខេត្តបាត់ដំបង ៖ កម្មករសំណង់ម្នាក់ត្រូវកម្លាំងនគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៧ សីហា បន្ទាប់ពីនាងក្រមុំម្នាក់ជាកម្មករសំណង់ជាមួយគ្នាប្តឹងចោទថា ជននេះបានចាប់នាងរំលោភបានសម្រេច២ដង ក្នុងរយៈពេល៤ម៉ោង កាលពី វេលា ម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២៦ សីហា នៅក្នុងការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែងខាងមុខអធិការដ្ឋាននគរបាលក្រុង ស្ថិតក្នុងក្រុងបាត់ដំបង ។
ជនត្រូវចោទឈ្មោះផែន រិទ្ធ អាយុ២៥ឆ្នាំ នៅភូមិព្រះអំពិល ឃុំបឹងបត់កណ្តាល ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាកម្មករសំណង់នៅចំណុចកើតហេតុខាងលើ ។ រីឯនារីរងគ្រោះអាយុ១៧ឆ្នាំ នៅស្រុកឯកភ្នំ ជាកម្មករសំណង់ជាមួយគ្នា ។ សមត្ថកិច្ចនិយាយថា ជនសង្ស័យត្រូវចាប់ខ្លួន ក្រោយពីនារីរងគ្រោះ និងបងស្រីរបស់នាងមកដាក់ពាក្យបណ្តឹង ។
នៅក្នុងបណ្តឹងនារីរងគ្រោះនិយាយថា នាងត្រូវយុវជនរូបនេះចាប់ពេលនាងដើរចេញពីមើលទូរទស្សន៍បម្រុងទៅកន្លែងដេក ក្បែរ នោះដែរ ។ នាងថា ឈ្មោះរិទ្ធ បានចាប់ខ្ទប់មាត់នាង រួចអូសឡើងទៅខាងលើនៃអគារសំណង់ ហើយគំរាមរកសម្លាប់បើនាងស្រែក ។ នាងនិយាយទៀតថា ជននេះចាប់ផ្តើមរំលោភនាងតាំងពីម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២៦ សីហា រហូតដល់ម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ សីហា ទើបដោះលែងនាងវិញ ដោយរំលោភនាងបានសម្រេច២ដង ។
ជននេះគំរាមសម្លាប់នាងរហូត បើនាងហ៊ានស្រែកឱ្យគេឮ ឬនិយាយប្រាប់គេពីរឿងអាស្រូវនេះ។ ប៉ុន្តែក្រោយពីដោះលែងវិញ នាងដើរចុះក្រោម ក៏ជួបបងស្រី គ្រានោះបងស្រីនារីរងគ្រោះបាននាំនាងទៅសួរនាំក្នុងបន្ទប់ ទើបនាងនិយាយប្រាប់អំពីរឿងនេះទាំង អស់ ។ លុះនៅម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៧ សីហា ក៏នាំគ្នាទៅប្តឹងសមត្ថកិច្ចតែម្តងទៅ ហើយសមត្ថកិច្ចបានចាប់ខ្លួនជននេះនាប៉ុន្មានម៉ោងក្រោយមក ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ