រាជធានីភ្នំពេញ ៖ អាជ្ញាធរសង្កាត់ព្រែកលៀប កាលពីព្រឹកថ្ងៃទី២៧ សីហា ២០១២ បានជួបប្រជុំជាមួយប្រជាពលរដ្ឋដើម្បីបើកវេទិកាសាធារណៈស្តីពីគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពក្នុងគោលបំណង ដើម្បីពង្រឹងសន្តិសុខក្នុងមូលដ្ឋានធ្វើយ៉ាងណាឱ្យភូមិ-សង្កាត់លែងមានបទល្មើស ប្រជាពលរដ្ឋរស់នៅមានភាពសុខសាន្ត ។
ពិធីនេះបានរៀបចំឡើងនៅក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ក្រោមអធិបតីភាពលោកប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ព្រមទាំងមានការចូលរួមពីលោកព្រាប មុនី ជាចៅសង្កាត់ និងលោកនាយប៉ុស្តិ៍ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។ នៅក្នុងឱកាសនោះលោកព្រាប មុនី ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋលើកឡើងពីបញ្ហាដែលបងប្អូនបានជួបប្រទះកន្លងមក ដើម្បីឱ្យអាជ្ញាធរក៏ដូចជាសមត្ថកិច្ចមានវិធានការណ៍ទប់ស្កាត់ធ្វើយ៉ាងណាឱ្យភូមិ-សង្កាត់លែងមានបទល្មើសជាការចូលរួមអនុវត្តន៍គោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាព ។
លោកចៅសង្កាត់ព្រែកលៀប បានលើកឡើងថា គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅមានសុវត្ថិភាព ។ តំបន់នេះកាលពីមុនមានសកម្មភាពលួចឆក់ប្លន់មិនឈប់ឈរធ្វើឱ្យប្រជាពលរដ្ឋរស់នៅមានការភ័យខ្លាច ដោយសារតែមានគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងការយកចិត្តទុកដាក់ពីលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ និងលោកឃ្លាំង ហួត អភិបាលខណ្ឌឫស្សីកែវ បានធ្វើឱ្យបទល្មើសមានការថយចុះ ៕



ចែករំលែកព័តមាននេះ