ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន លើក​ទឹក​ចិត្ត​​ក្រុម​ស្ម័គ្រ​ចិត្ត​​វាស់​វែង​ដីធ្លី​ថា ដំណើរ​ការ​ល្អ​

13 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សម្តេច​​អគ្គ​មហា​​សេនា​បតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋម​ន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា មាន​ប្រសាសន៍​​វាយ​តម្លៃ​​ខ្ពស់​​ចំពោះ​យុវ​ជន​​ស្ម័គ្រ​ចិត្ត​សម្តេច​​តេជោ និង​មន្ត្រី​សុរិយោ​ដី​​ទាំង​១៤០​នាក់ ​ដែល​បា​ន​ចុះ​អនុ​វត្ត​ន៍​ភារ​កិច្ច​ដែល​សម្តេច​ដាក់​ឱ្យ​អនុ​វត្ត​នូវ «នយោ​បាយ​​ចាស់ ​សកម្ម​ភាព​ថ្មី» លើ​វិស័យ​ដីធ្លី​ក្នុង​ការ​ចុះ​​វាស់​​វែង​​ធ្លី​ជូន​ប្រជា​ពល​រដ្ឋ​​តាម​​​គ្រប់​គោល​ដៅ​ទាំងអស់​ក្នុង​ខេត្ត​សៀមរាប ​ប្រកប​ដោយ​​លទ្ធ​ផល​​ដ៏​ត្រចេះ​ត្រចង់​ ។

​សម្តេច​​តេជោ​នាយក​រដ្ឋ​មន្ត្រី​​បាន​មាន​ប្រសាសន៍​​បែប​នេះ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ សីហា ២០១២ ក្នុង​ឱកាស​ដែល​សម្តេច​​​អញ្ជើញ​​ជួប​សំណេះ​សំណាល​ជា​មួយ​​យុវ​ជន​​ស្ម័គ្រ​ចិត្ត​របស់​សម្តេច​តេជោ ហ៊ុន សែន និង​មន្ត្រី​សុរិយោ​ដី​ដែល​កំពុង​មាន​ភារ​កិច្ច​​ចុះ​វាស់​វែង​ដីធ្លី​ជូន​ប្រជា​ពល​រដ្ឋ​ខេត្ត​​សៀមរាប ។

​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​​បន្តថា ​សម្តេច​ពិត​ជា​មាន​ការ​រីក​រាយ​ខ្លាំង​ណាស់​ ចំពោះ​​យុវ​ជន​ស្ម័គ្រ​ចិត្ត​ទាំង​អស់​​ដែល​បាន​ចូល​រួម​នូវ​សកម្ម​ភាព​ជា​ប្រវត្តិ​​សាស្ត្រ​នេះ ដែល​សកម្ម​ភាព​នេះ​គឺ​ជា​ការ​ផ្តល់​​នូវ​ផល​ប្រយោជន៍​​ដ៏​មាន​តម្លៃ​បំផុត​ជូន​ប្រជា​ពល​រដ្ឋ ។

​សម្តេច​បាន​គូស​បញ្ជាក់ថា ​ពាក្យ​ថា នយោ​បាយ​ចាស់ សកម្ម​ភាព​ថ្មី គឺ​មិន​មែន​​ទើបតែ​នឹង​កើត​​ឡើង​​នៅពេល​នេះ​​ទេ ពោល​គឺ​​រាជរដ្ឋា​ភិ​បាល​​បាន​បញ្ជូន​មន្ត្រី​​ចុះ​វាស់​វែង​ដីធ្លី​ជូន​ប្រជា​ពល​រដ្ឋ​ជា​យូរ​មក​ហើយ ​ប៉ុន្តែ​​យើង​មិន​អាច​​ធ្វើ​ឱ្យ​បាន​រួច​រាល់​តាម​​សន្ទុះ​រីក​​ចម្រើន​​​នៃ​​សង្គម​ជាតិ​នោះ​ទេ ​ពិសេស​កំណើន​របស់​ប្រជា​ពល​រដ្ឋ ។ ទើប​​តែ​នៅពេល​នេះ​សម្តេច​​បាន​ជ្រើសរើស​យុវជន​​ស្ម័គ្រ​ចិត្ត​របស់​សម្តេច​តេជោ ឱ្យ​បន្ត​ចុះ​អនុវត្តន៍​នយោ​បាយ​​ចាស់​​សកម្ម​ភាព​ថ្មី​លើ​វិស័យ​ដីធ្លី​​ចែកជូន​ប្រជា​ពលរដ្ឋ​នៅ​គ្រប់​​ទី​កន្លែងទាំង​អស់ ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋទាំង​អស់​​​ទទួល​បាន​នូវ​ភាព​​ស្រប​ច្បាប់​​ក្នុង​ការ​​ប្រើ​ប្រាស់​ដីធ្លី​​ ពិសេស​នៅ​តាម​តំបន់​​ដែល​ប្រជា​ពល​រដ្ឋ​​មិនធ្លាប់​មាន​កម្ម​សិទ្ធិ​ស្រប​ច្បាប់ ។

សម្តេច​​តេជោ​នាយក​រដ្ឋ​មន្ត្រី​​មាន​ប្រសាសន៍​ថា ​នៅ​កម្ពុជា​​មិន​ទាន់​មាន​​សកម្ម​ភាព​​បែប​នោះទេ ហើយ​​នៅ​​លើ​ពិភព​លោក​ក៏​មិន​​ទាន់​​មាន​ប្រវត្តិ​​នៃ​​សកម្ម​ភាព​បែបនេះ កើត​​មាន​ឡើង​​នោះ​ដែរ ។ នៅ​ពេល​នេះ​យើង​កំពុង​ធ្វើ​នៅ​​លើ​តំបន់​ដែល​ប្រជា​ពល​រដ្ឋ​កំពុង​កាន់​កាប់​ដី​ខុស​ច្បាប់​​ និង​ប្រជា​​ពល​រដ្ឋ​​​ដែល​​កាន់​​កាប់​ដីដែល​គ្មាន​កម្ម​សិទ្ធិ​។

​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕