ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អាសាដ​សន្យា​កម្ទេច​ការ​បះ​បោរ​ ខណៈពួកប្រឆាំងចោទប្រកាន់​ពីការសម្លាប់​​រង្គាល

13 ឆ្នាំ មុន

ប្រធានាធិបតីស៊ីរី​លោកបាចា​អាល់ អាសាដ ​បានសន្យា​​កាលពីថ្ងៃទី​២៦ ​សីហា កម្ទេច​ការ​បះ​បោរ​ ទោះ​ជា​ត្រូវបង់​តម្លៃ​បែបណា​ក៏​ដោយ ក្រោយ​ការ​ស្លាប់​មនុស្ស​​ជាច្រើន​​រយ​នាក់  ក្នុង​ប្រតិបត្តិ​​ការ​យោធា​ដ៏​ធំ​មួយ​របស់​កងទ័ព​​​នៅ​​​ឯ​តំបន់​​​ជាយ​ក្រុង​​ដាម៉ាស់​មួយ​ដែលពួក​ប្រឆាំង​​​ចោទ​ប្រកាន់​​ថា នោះ​ជា​ការ​​សម្លាប់​រង្គាល​​​មួយ។

​ពេលជួប​ជាមួយ​លោកអាឡាអេដឌីន ហ្សូ​​បូ​រូហ្ស័រ ​ឌីន បេសកជន​១រូប​​របស់អីុរ៉ង់​ជា​សម្ព័ន្ធ​​មិត្ត​សំខាន់​ក្នុង​តំបន់ប្រមុខ​រដ្ឋ​​ស៊ីរី​​អះ​អាង​ថា ប្រជាជន​​ស៊ីរី​​នឹងមិនអនុញ្ញាត​​​ឱ្យ​ការរួម​គំនិត​​​របស់​បរ​ទេស​​ទទួលបានជោគជ័យឡើយ​​​ហើយ​​នឹ​ង​យកឈ្នះ​​​លើ​ការរួម​គំនិតនោះ​ទោះបីជា​​​​ត្រូវ​បង់​​តម្លៃបែបណា​​ក៏ដោយ ។

​នេះជា​លើទី​មួយ​ហើយ ដែល​ម៉ាស៊ីន​​ឃោសនា​​រាយ​ការណ៍​​ពី​សេចក្តី​ថ្លែង​ការណ៍​​របស់​​​លោកអាសាដ​​ចាប់​តាំង​​ពីអ្នក​ទទួលខុស​ត្រូវ​​​ស៊ីរី​​ម្នាក់​លើកឡើង​​​កាលពីថ្ងៃទី​២១ ​សីហា កន្លង​មក​នេះ ជា​លើកដ​ំបូងពី​លទ្ធ​ភាពពិភាក្សា​​​ពីការ​ចា​ក​ចេញ​​របស់ប្រធានាធិបតី​​​​ស៊ីរី​ក្នុង​ក្របខណ្ឌ​​នៃការ​ចរចា​​ជាមួយពួក​ប្រឆាំង ។

ការ​សន្យា​​ផ្ទួនៗ​​កម្ទេច​ពួកបះបោរ​​​រួមនឹង​ភេរវកម្ម​ដោយរបបលោកអាសាដ​ គឺជួនពេល​គ្នា​ជាមួយ​ការ​ប្រកាស​របស់អង្គ​ការ​​សិទ្ធិ​មនុស្ស​ស៊ីរី​មួយ​ពី​ការរកឃើញ​​សាកសព​មនុស្ស​យ៉ាង​តិច​​​៣២០​នាក់ នៅឯមូលដ្ឋាន​ពួកស៊ុននីត DARAYA ​ស្ថិត​នៅ​ចម្ងាយ​​៧​គ.ម ​ខាងត្បូង​​ក្រុង​ដាម៉ាស់ ​​ដែលនៅទីនោះកងទ័ព​បាន​ធ្វើ​​ប្រតិបត្តិ​ការ​ដ៏​ធំ​មួយ​​រយៈពេល​៥ថ្ងៃ​មកហើយ ។ អង្គការ​​ OSDH នោះ​​រៀប​រាប់​ថា ក្នុង​ចំណោម​​សាកសព​​ទាំង​នេោះ ​គេ​រាប់ឃើញបណ្តោះ​អាសន្ន​​​នូវ​​​សាកសព​នារី​​១៥​នាក់ ​និងកុមារ​១៤​នាក់ ។

​ចំណែក​​ទីភ្នាក់ងារព័ត៌មាន​​ស៊ីរី​​ SANA វិ​ញ​រាយការណ៍​ថា ​កងទ័ព​​បានបោសសំអាត​ពួកភេរ​វករ​ស៊ីឈ្នួលនៅ​ដារ៉ាយ៉ា ដែល​ពួកនេះ​ប្រព្រឹត្ត​​អំពើ​ឧក្រិដ្ឋ​​​នានា​ប្រឆាំង​​ប្រជាជន សម្លុត​បំភ័យ ​​ហើយ​កម្ទេច​ចោល​ទ្រព្យសម្បត្តិ​សាធារណៈ​និងឯកជន ។​នៅ​ឯទីក្រុង​​អាឡែប ​ជាទីក្រុង​​យុទ្ធ​សាស្ត្រ​​ចម្ងាយ​​៣៥៥គ.ម​​ខាង​ជើង​​ក្រុងដាម៉ាស់ ​ពួក​ឧទ្ទាម​នៅ​តែ​បន្ត​ទប់ទល់ជាមួយ​ការ​វាយ​លុក​របស់កងទ័ព​។

​កាលពីថ្ងៃទី​២៦ ​សីហា យោង​តាម​អង្គ​ការ​​OSDH ថា មនុស្ស​​យ៉ាងតិច​​៩១​នាក់ ​ស្លាប់​ក្នុង​​ការ​វាយប្រហារ​របស់កងទ័ព​​ និង​ការ​ប្រយុទ្ធ​គ្នា​​រវាង​កង​ទាហាន​ និងពួក​ឧទ្ទាម​​នៅក្នុង​ប្រទេស​ដោយ​ក្នុង​ចំណោម​​អ្នកស្លាប់​ទាំងនេះ​មាន​ជន​ស៊ី​វិល​៦១នាក់​ ពួកឧទ្ទាម​​១៣​នាក់ និងទាហាន​១៧​នាក់   ៕