ខេត្តបន្ទាយមានជ័យ ៖ រថយន្តកាមរីឆ្លាមមួយគ្រឿង ព្រោះតែម្ចាស់ងងុយដេកពេកបានបោលទៅបុករ៉ឺម៉កម៉ូតូដឹកអីវ៉ាន់សំពីងសំពោងប្រាសខ្លួនធ្លាក់ពីលើថ្នល់ចូលក្នុងប្រឡាយទឹក ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ សីហា ២០១២ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
លោកអនុសេនីយ៍ឯក តោ សារូ នាយផ្នែកការិយាល័យចរាចរណ៍ជើងគោកខេត្តបានឱ្យដឹងថា អ្នកបើករថយន្តឈ្មោះម៉េង ហ៊ាន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គ្មានរងរបួសអ្វីទេ ។ ចំណែកអ្នកបើករ៉ឺម៉កម៉ូតូឈ្មោះហេង គឿន ភេទប្រុស អាយុ២៨ឆ្នាំ រងរបួសយ៉ាងដំណំ ចំណែកម៉ូតូខ្ទាតទៅនៅលើទ្រូងផ្លូវ ។ ក្រោយពេលកើតហេតុរថយន្ត និងរ៉ឺម៉កម៉ូតូត្រូវបានកម្លាំងនគរបាលជំនាញ យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ