ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​បា​រាំង​ឡូ​អែប​ឈ្នះ​ជើង​ឯក​ប្រណាំង​រថ​យន្ត ​WRC ​Rally​ G​ermany​នៅ​អា​ល្លឺ​ម៉ង់

13 ឆ្នាំ មុន

កី​ឡា​ករ​បា​រាំង​​សេ​បា​​ស្ទៀន ឡូ​​អែប​​បាន​​ក្លាយ​​ជា​​ម្ចាស់​​ពាន​​ជើង​ឯ​ក​នៃ​​ការ​​ប្រ​ណាំង​រថ​​យន្ត​​កម្ម​វិ​ធី​ WRC Rally Germany បន្ទាប់​ពី​គេ​​បន្ត​យក​ឈ្នះ​​ដំណាក់​កាល​ផ្តាច់​ព្រ័ត្រ​​​កាល​ពី​ថ្ងៃ​អា​ទិត្យ​​ទី២៦​ខែសី​ហា​កន្លង​មក​នេះ​ ។​ ការ​ប្រ​ណាំង​ក្នុង​ថ្ងៃ​ទី​៣​​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង​ Trier​ទិស​និ​រតី​នៃ​ប្រទេស​អា​ល្លឺ​ម៉ង់​ ។​

​ឡូ​អែប​បាន​បើក​រថយន្ត​ Citroenរបស់​ខ្លួន​ចូល​ដល់​ទី​ព្រ័ត្រ​ក្នុង​ថិរវេលា៣​ម៉ោង៤១​​​នាទី​និង៥២​​​​​វិនាទី​យក​ឈ្នះ​កីឡាករ​​សញ្ជាតិ​ហ្វាំង​ឡង់​Jari-Matti Latvala​ដែល​ប្រើ​ពេល​អស់​៣ម៉ោង៤៣​នា​ទី​និង​៥២​​​វិ​នា​ទី​យឺត​ជាង​រូប​គេ​​​ ២នា​ទី​និង​១វិនា​ទី​។

កីឡាករ​ហ្វាំង​ឡង់​ម្នាក់​ទៀត​ Mikko Hirvonen ​បើក​បរ​ឱ្យ​ក្រុម​ Citroenបាន​បញ្ចប់​ការ​ប្រ​ណាំង​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ៣​ក្រោយ​ពី​​បាន​ប្រើ​ពេល​អស់​៣ម៉ោង៤៤នា​ទី​និង​២៣.៣​​​​វិនា​ទី​​ពោល​គឺ​យឺត​​ជាងឡូ​អែប​​២នា​ទី​និង៣១.៣​​​វិនាទី​ខណៈចំ​ណាត់​ថ្នាក់​លេខ​៤​បាន​ទៅ​លើ​កី​ឡាករន័រ​វែស​​​ Mads Ostbergដែល​បាន​ប្រើ​អស់​ថិរ​វេលា​ ៣ម៉ោង​ ៤៥នា​ទី​និង១៦.៣​​វិ​នា​ទី​ ។​

ចំណែក​កីឡាករអូ​ស្ត្រា​លី​ Chris Atkinson​​បញ្ចប់​ការ​ប្រណាំងក្នុង​លំ​ដាប់​ទី​៥​​​​បន្ទាប់​ពី​បាន​ប្រើ​ពេល​អស់​៣​ម៉ោង​៥១នា​ទី​និង​២.៤​​​​វិ​នា​ទី​ខណៈកី​ឡាករ​ស៊ុយ​អែត​​ ភី​ធ័រ​  សូល​បឺក​បញ្ចប់​ការ​ប្រ​ណាំង​​ក្នុង​ចំ​ណាត់​ថ្នាក់ទី​១១​​បន្ទាប់​ពី​កង់​រថយន្ត​របស់​គេ​មាន​បញ្ហា​។
សម្រាប់​កីឡាករ​ឡូ​អែបនេះ​គឺ​ពាន​លើក​ទី​៧៤ហើយ​នៅ​ក្នុង​អា​ជីព​ ។

​ម្ចាស់​ជើង​ឯក​ពិភពលោក​៨​ជំ​នាន់​រូប​នេះ​បាន​និយាយ​ថា​៖«ការ​ប្រ​ណាំង​ក្នុង​ថ្ងៃ​នេះ​ វា​មិន​សូវ​ជា​ពិ​បាក​ដូច​ជា​ថ្ងៃ​មុន​ៗ​ទេ​។​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ដណ្តើម​បាន​ជ័យ​ជម្នះ​ជា​​ថ្មី​ម្តង​ទៀត​។  នេះ​ជា​ជ័យ​ជម្នះ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ដ្បិត​នេះ​ជា​លើក​ទី​៧៤ក្នុង​អា​ជីព​​​ »។​ កីឡាករ​វ័យ​៣៨​ឆ្នាំ​រូបនេះ​បាន​បន្ថែម​ថា ៖«យ៉ាង​ណា​ក៏​ដោយ ប្រ​សិន​ជា​យើង​មិន​ប្រ​យ័ត្ន​ទេ​នោះ វា​នឹង​ងាយ​ធ្វើ​ឱ្យ​មាន​កំ​ហុស​ក្នុង​​ពេល​ប្រ​ណាំង​។ មាន​កីឡាករ​ច្រើន​ណាស់​ដែល​មាន​កំ​ហុស​ »។

កីឡាករ​ជើង​ខ្លាំង​បា​រាំង​ម្នាក់​ទៀត សេបា​ស្ទៀន អូ​ហ្ស៊ី​យ៉េ​បញ្ចប់​ការ​ប្រ​ណាំង​​​ក្នុង​លំ​ដាប់​ទី​៦​​​។​ កីឡាកររូបនេះ​បញ្ជាក់​ថា គូ​ប្រជែង​ដ៏​ខ្លាំង​របស់​គេ​គឺ​កីឡាករ​សេបា​ស្ទៀន ឡូ​អែប​។​ ទោះ​ជា​យ៉ាង​ណា​ គេ​អាច​មិន​មែន​ជា​គូ​ប្រ​ជែង​របស់​ឡូ​អែប​ទៀត​ទេដ្បិត​ការ​ប្រ​កួត​៩​លើក​មក​នេះ​គេ​មិន​ដែល​ទទួល​បាន​លទ្ធផល​ល្អ​ឡើយ​។

ឆ្លង​កាត់​ការ​ប្រ​ណាំង​អស់​ចំនួន​ ៩​ជុំ​មក​នេះ ឡូ​អែប​សន្សំ​ពិន្ទុ​បាន​ច្រើន​ជាង​គេ​ស្ថិត​នៅ​លំ​ដាប់​កំពូល​តារាង​ជា​ដដែល​។ ពេល​នេះ​គេ​មាន​១៩៩​ពិន្ទុ​នាំ​មុខ​កីឡាករ​ហ្វាំ​ង​ឡង់​​​Mikko Hirvonen​​ស្ថិត​នៅ​លំ​ដាប់​ទី​២​មាន១៤៥​​ពិន្ទុ​។ ឯកីឡាករ​ន័រ​វេស​ Mads Ostberg​ស្ថិត​នៅ​លំ​ដាប់​ទី​៤ក្រោយ​ពី​សន្សំ​បាន​១០២​​ពិន្ទុ​​តាម​ពី​ក្រោយ​កី​ឡាករ​ស៊ុយ​អែត សូល​បឺក​ដែល​មាន​១០៤​ពិន្ទុ​​ស្ថិត​នៅ​លំ​ដាប់​ទី​៣​ ។​ ​
​សូម​បញ្ជាក់​ថា​ ការ​ប្រណាំង​រថយន្ត​ប្រភេទ​រែលលី​សម្រាប់​ឆ្នាំ​២០១២នេះ​មាន​១៣ជុំ​​ ។​ ​ជុំ​ទី​១ចាប់​ផ្តើម​កាល​ពី​ថ្ងៃទី​១៧​ខែ​មករា​​ដើម​ឆ្នាំ​នៅ​ប្រទេស​បា​រាំង​​ និង​ជុំ​​​ចុង​ក្រោយ​បំ​ផុតនឹង​​ធ្វើ​នៅ​ថ្ងៃទី​០៨​ដល់​ទី១១​​ខែ​វិច្ឆិកា​ខាង​មុខ​នៅ​ប្រ​ទេស​អេស្ប៉ាញ​ ។ ដោយ​ឡែក​​​ការ​​ប្រណាំង​នៅ​ប្រ​ទេស​​​អា​ល្លឺ​ម៉ង់​លើក​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ជុំ​​ទី​៩​ ៕