ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ​រោងចក្រ​កាត់​ដេរ​​យីហោ​អាលីម​បន្ត​ធ្វើ​កូដ​កម្ម​បិទ​ផ្លូវ​ជាង​២​០​​នាទី​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្ម​ករ​ កម្ម​ការិនី​រោង​ចក្រ​​កាត់​ដេរ​យីហោ​អាលីម ជាង​៥០០​នាក់​បាន​បន្ត​ធ្វើ​កូដ​កម្ម​បិទផ្លូវ​ចោម​ចៅ​​អស់​រយៈ​​ពេល​ជាង​២០​នាទី​តវ៉ា​សុំ​​ឱ្យ​ថៅកែ​រោង​ចក្រ​ដោះ​ស្រាយ​នូវ​លក្ខ​ខណ្ឌ​​ការងារ​ចំនួន​១២​ចំណុច​ ក្នុង​​នោះ​មាន​មួយ​ចំណុច​សំខាន់​ គឺទាម​ទារ​ឱ្យ​ថៅកែ​​ទទួល​យក​តំណាង​​សហ​ជីព​ម្នាក់​ដែល​ត្រូវ​​បញ្ឈប់​​ពី​ការ​ងារ​​ចូល​ធ្វើ​ការ​វិញ ។

កូដ​កម្ម​បិទ​ផ្លូវ​នោះ​បាន​ធ្វើ​ឡើង​កាល​ពី​​ព្រឹក​ថ្ងៃទី​២៧ ​សីហា ២០១២ ​នៅលើ​កំណាត់​ផ្លូវ​ចោមចៅ​​ត្រង់​ចំណុច​​ផ្សារ​​ត្រពាំង​​​ថ្លឹង​​ភូមិ​ត្រពាំង​​ថ្លឹង​ សង្កាត់​​ចោមចៅ ខណ្ឌ​​ពោធិ៍​សែនជ័យ ។ ​រោងចក្រ​កាត់​ដេរ​យីហោ​អាលីម​នោះ​​មាន​ទីតាំង​ស្ថិត​នៅក្នុងភូមិ​ខាងលើ​នោះ​ដែរ ហើយ​​មាន​កម្ម​ករ​ជាង​៥០០​នាក់​បម្រើ​ការ​ងារ​។ ​​ពួក​គេ​​បាន​ធ្វើ​កូដ​កម្ម​នោះ​មាន​រយៈ​ពេល​៣​ថ្ងៃ​មក​ហើយ ប៉ុន្តែ​​ដោយ​សារ​គ្មាន​​ដំណោះ​ស្រាយ​​ទើប​កម្ម​ករ​បន្ត​​ធ្វើ​កូដ​កម្ម​​បិទ​ផ្លូវ ​តែ​ការ​​បិទ​ផ្លូវ​នោះ គឺ​មាន​រយៈ​ពេល​ត្រឹមតែ​​ជាង​២០​នាទី​ប៉ុណ្ណោះ​ក៏​បាន​រំសាយ​​វិញ តែ​បង្ក​ឱ្យ​​មាន​រថយន្ត​តូច​ធំ​រាប់​រយ​គ្រឿង​ត្រូវ​​បាន​កក​ស្ទះ​ចរាចរណ៍​​ផងដែរ ។

​កម្ម​ករ​បា​ន​ឱ្យ​ដឹង​ថា ពួក​គេ​ធ្វើ​កូដ​កម្ម​នោះ គឺ​ដើម្បី​ទាម​ទារ​ឱ្យថៅកែ​​ដោះស្រាយ​នូវ​លក្ខ​ខណ្ឌ​​ការ​ងារ​ចំនួន​១២​​ចំណុច​ ប៉ុន្តែ​​ចំណុច​សំខាន់​​នោះ គឺ​ស្នើ​​សុំ​ឱ្យ​​ថៅកែ​ទទួល​​យក​លោក​អេង អយ ​ប្រធាន​សហ​ជីព​​កម្ម​ករ​ខ្មែរ​​ដែល​ត្រូវថៅកែ​​ដក​ចេញពី​ការ​ងារ​ចូលធ្វើការ​វិញ ។ ការតវ៉ា​នោះ​មិន​​ត្រូវ​បាន​ថៅកែ​អើ​ពើ​នោះ​ទេ ​ដោយ​មាន​រយៈ​ពេល​៣​ថ្ងៃ​កន្លង​មក​ហើយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕