ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគីម ជុងអ៊ុន ចេញបទ​បញ្ជា​ប្រយុទ្ធ

13 ឆ្នាំ មុន

ទីភ្នាក់​ងារ​​សារព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាង​ជើង​​ KCNA ​រាយ​ការណ៍​កាលពីថ្ងៃទី​២៦ សីហា ថា លោក​គីម ជុង​អ៊ុន ​មេ​ដឹកនាំ​​កំពូល​​កូរ៉េ​​ខាង​ជើង ​​បានចុះ​ហត្ថលេខា​​​លើបទ​បញ្ជា​ប្រយុទ្ធ​មួយ​ប្រឆាំង​នឹង​​ការ​វាយប្រហារ​​ជាយ​ថា​ហេតុ​នានា ដែល​អាចធ្វើ​ដោយ​កូរ៉េ​ខាង​ត្បូង ​និង​សហ​រដ្ឋ​អាមេរិក ។

កូរ៉េ​ខាង​ត្បូង​ និង​សហ​រដ្ឋ​អាមេរិក​នា​ពេល​​នេះ​កំពុង​តែ​ធ្វើសមយុទ្ធ​​យោធា​​រួម​ទ្រង់ទ្រាយ​ធំ​មួយ ដែលសំដៅ​​លើ​កូរ៉េ​​​ខាង​ជើង​ ។ នេះ​ជា​ការ​អះ​អាង​​​របស់លោកគីម ជុង​អ៊ុន ​កាលពីថ្ងៃទី២៥ សីហា កន្លងមកនេះ​ក្នុង​ឱកាស​នៃសុន្ទរកថា​​មួយ​ថ្លែង​​​នាខួប​លើក​​ទី៥២​នៃ​ការ​បញ្ចូល​​ដោយ​លោកគីម​ជុង​អ៊ីល​នូវ​នយោបាយ​​ SONGUN ​ដែល​ផ្តល់​​សារ​សំខាន់​​​ជាង​គេ​ដល់​​​​​កង​ទ័ព។

​ទី​ភ្នាក់​ងារ​​ព័ត៌មាន​​ KCNA រាយ​ការណ៍​​ទៀត​ថា ​មេ​ដឹកនាំ​​កូរ៉េ​ខាង​ជើង​​​បានពិនិត្យ​​​ បន្ទាប់មក​​ចុះហត្ថលេខា​​លើ​ផែន​ការ​​ប្រតិបត្តិ​ការ​​​ ហើយ​ក៏​ស្នើ​​​ផង​ដែរ ដល់កងទ័ព​ប្រជាជន​កូរ៉េ ​ឱ្យស្ថិត​​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន​ប្រឈម​​មុខ​ចំពោះ​អំពើ​​អាក្រក់​នានា​​របស់ពួក​សត្រូវ ។

លោកគីម ជុង​អ៊ុន ​ដែលក៏​ជា​មេ​បញ្ជា​ការ​​កំពូល​រប់កងទ័ព​ដែរ​នោះ​បានសច្ចា​កាលពី​ថ្ងៃ​ទី​១៨ សីហា ថា នឹង​​ប្រែ​ក្លាយ​​សមុទ្រ​​ខាងលិច​​ជា​ផ្នូរ​របស់ពួកឈ្លានពានក្នុងពេលដែល​លោក​ទៅ​ត្រួតពិនិត្យ​​​កង​ឯក​ភាព​​កាំភ្លើង​ធំ​​ទាំង​ឡាយ​​ស្ថិត​នៅជួរមុខ​​ជិតព្រំដែន​សមុទ្រ​ដ៏​រសើប​នៅ​សមុទ្រ​​លឿង ។

សម​យុទ្ធ​​យោធា​រួមកូរ៉េ​ខាង​ត្បូង​​-សហ​រដ្ឋ​អាេមរិក​មាន​ឈ្មោះថា ULCHI FREEDOM  GUARDIAN ប្រព្រឹត្ត​ទៅ​ពីថ្ងៃទី​២០ ដល់​៣១ សីហា ។ ​ទាហានកូរ៉េ​​​ខាងត្បូង​​ប្រមាណ​ជា​៥៦.​០០០​នាក់ និង​ទាហាន​អាមេរិក​៣០.០០០នាក់ ​ចូល​រួម​ក្នុង​សមយុទ្ធ​នេះដែល​ប្រទេស​ទាំង២​គូស​​បញ្ជាក់​ថា ​ជាសមយុទ្ធ​មានលក្ខណៈ​ការពារ​ប៉ុណ្ណោះ  ៕