រាជធានីភ្នំពេញ ៖ រថយន្តតាកូម៉ា ពណ៌ទឹកប្រាក់ មួយគ្រឿងបើកដោយបុរសម្នាក់ក្នុងល្បឿនលឿន ព្យាយាមបើកវ៉ារថយន្តមួយគ្រឿងនៅពីមុខក៏ជ្រុលទៅបុកម៉ូតូគុបជ្រុងពណ៌ទឹកប៊ិច មួយគ្រឿងទៀតជិះដោយបុរស៣នាក់ កំពុងបត់ឆ្លងថ្នល់ចំពីមុខពេញទំហឹង បណ្តាលឱ្យបុរស២នាក់រងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនមួយ និងម្នាក់ទៀតជិះក្រោយគេរបួសស្រាលត្រូវមិត្តភក្តិដឹកយកទៅផ្ទះវិញ ។
ឯរថយន្តបង្កហេតុបើករត់គេចដោយសុវត្ថិភាព និងមិនរំខានដល់សមត្ថកិច្ចខណ្ឌសែនសុខ បន្តិចសោះ កាលពីវេលាម៉ោង១០និង៥នាទីយប់ថ្ងៃទី២៦ សីហា ២០១២ នៅចំណុចមុខផ្សារទំនើបរតនាផ្លាហ្សា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ យោងតាមប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុរថយន្តតាកូម៉ា ពណ៌ទឹកប្រាក់ បើកដោយបុរសម្នាក់យ៉ាងលឿនតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុក៏ព្យាយាមបើកវ៉ារថយន្តមួយគ្រឿងនៅពីមុខក៏ជ្រុលទៅបុកម៉ូតូគុបជ្រុងពណ៌ទឹកប៊ិចមួយគ្រឿងទៀតជិះដោយបុរស៣នាក់ដែរកំពុងបើកឆ្លងថ្នល់ក្នុងទិសដៅបញ្ច្រាសទិសគ្នាចំពីមុខពេញទំហឹងបណ្តាលឱ្យបុរស២នាក់ជិះនៅពីមុខរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនមួយ ចំណែកបុរសម្នាក់ទៀតជិះក្រោយគេរបួសស្រាលត្រូវបានមិត្តភក្តិដឹកតាមម៉ូតូយកត្រឡប់ទៅផ្ទះវិញ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ