រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណបក្សរាជានិយមពីរបានអះអាងពីជោគជ័យរបស់ខ្លួនក្នុងការបង្រួបបង្រួមរវាងគណបក្សជាតិនិយម និងគណបក្សហ៊្វុនស៊ិនប៉ិចកាលពីថ្ងៃទី២៥ សីហា តាមការគ្រោងទុក ។ ការបញ្ចូលគ្នាឈានដល់ជោគជ័យនេះ គឺបន្ទាប់ពីសម្តេចក្រុមព្រះលាលែងពីនយោបាយ ។ ការអះអាងនេះបានធ្វើឡើងនៅក្នុងសមាជគណបក្សហ៊្វុនស៊ិនប៉ិចក្នុងការច្របាច់បញ្ចូលគ្នារវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សជាតិនិយមដែលទើបតែប្តូរឈ្មោះមកពីគណបក្សនរោត្តម រណឫទ្ធិ ។
កាលពីព្រឹកថ្ងៃទី២៥ សីហា ថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សជាតិនិយមបានរៀបចំសមាជមួយដែលមានអ្នកចូលរួមប្រមាណ២.០០០នាក់មកពីគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សជាតិនិយមទូទាំង២៤ខេត្ត-រាជធានី ។ ក្នុងសមាជនេះបានសម្រេចបញ្ចូលក្រុមប្រឹក្សាជាតិមកពីគណបក្សជាតិនិយមចំនួន៦០៣នាក់ បន្ថែមលើចំនួនដែលគណបក្សហ៊្វុនស៊ិនប៉ិចមានស្រាប់ ។
លោកញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិចបានមានប្រសាសន៍ក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២៥ សីហា ថា សមាជនេះមានគោលបំណងក្នុងការរួបរួមអ្នករាជានិយមឡើងវិញ ។ ពីមុនគណបក្សហ៊្វុនស៊ិនប៉ិចបានបែកបាក់គ្នាជាពីរ គឺគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សជាតិនិយម ឬគណបក្សនរោត្តម រណឫទ្ធិ តែឥឡូវយើងបានបញ្ចូលគ្នាចាប់តាំងពីថ្ងៃសមាជនេះទៅរវាងថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សជាតិនិយម ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ