ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ចិត្ត​រឹង ​ប្តី​ខឹង​ប្រើ​កណ្តាប់​ដៃ​ និង​ចាប់​​បោក​ក្បាល​​រហូត​សន្លប់

13 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ ជម្លោះ​​ពាក្យ​សម្តី​​បាន​ក្លាយ​ទៅ​​ជា​ហិង្សា​ ដោយ​បុរស​ជា​ប្តី​ឈ្មោះ​ជា វិសាល ​អាយុ​២៦​ឆ្នាំ ​បាន​ប្រើ​កណ្តាប់​ដៃ​​វាយ​ទៅ​លើ​​ស្ត្រី​​ជា​ប្រពន្ធ​​ឈ្មោះ​ឡុង កុលាប អាយុ​២៤​ឆ្នាំ ​គ្មាន​ត្រា​ប្រណី​រហូត​សន្លប់​​​ស្តូក​​ស្តឹង​នៅ​ក្នុង​ផ្ទះ​តៀម​មួយ​កន្លែង​ កាល​ពីវេលា​ម៉ោង​​១០​ព្រឹក​​ថ្ងៃទី​២៦ សីហា ២០១២ ​ស្ថិត​ក្នុង​ភូ​មិ​បែក​អន្លូង ឃុំ​អារក្សត្នោត ​ស្រុក​ស្ទឹង​ត្រង់ ហើយ​ត្រូវបាន​សាច់​ញាតិ​នាំ​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​​ពេទ្យ​ខេត្ត ។

តាម​ស្ត្រី​រងគ្រោះ​​ឈ្មោះ​កុលាប ​មាន​ស្រុក​កំណើត​​​នៅ​ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់​ស្ពឺ ​បាន​ប្រាប់​កោះ​សន្តិ​ភាព​​ទាំង​​បង្ហូរ​ទឹក​ភ្នែក​ថា ​បន្ទាប់​ពី​រៀប​​ការ​ហើយ​នាង​ និង​ប្តី​បាន​ចេញ​ពី​ស្រុក​មក​ស៊ី​ឈ្មួល​ចៀរ​ជ័រ​កៅស៊ូ​​ឱ្យ​គេ​​នៅភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​​ត្រង់​បាន​ជាង​មួយ​​​ឆ្នាំ​មក​ហើយ សម្រាប់​​​ដោះ​ស្រាយ​ជីវ​ភាព ព្រម​ទាំង​​បាន​កូន​ប្រុស​ម្នាក់​អាយុ​១០​ខែ ។ ​

ប្រភព​បន្តថា ​​នៅ​ព្រឹក​​ថ្ងៃ​ខាងលើ ​ប្តី​បាន​ប្រើ​នាង​​ឱ្យ​ទៅ​ងូត​ទឹក​​ តែ​នាង​មិន​ព្រម​ទៅ​នោះ​ទេ ព្រោះ​តែ​​ដល់​ម៉ោង​ចៀរ​​ជ័រ​កៅស៊ូ​​ទៅហើយ​ ។ ​ប្តី​នៅ​តែ​ទទូច​នាង​ឱ្យ​ងូត​​ទឹក​ជម្រះ​​កាយ​រួច​ស្លៀក​ពាក់​​ខោអាវ នឹង​ចេញ​ទៅធ្វើ​ការ​​​ ហើយ​​ពេល​នោះ​ប្តីនិយាយថា «អញ​យក​ប្រពន្ធ​​ដើម្បី​ធ្វើ​ជា​អ្នក​បម្រើ» ខណៈ​​​​​ឮ​ពាក្យ​​បែប​នេះ​នាង​ក៏​កើត​មាន​ចិត្ត​មួម៉ៅ​ក្តៅក្រហាយ និង​បាន​ជេរ​បញ្ជោរ​​គ្នា​ទៅ​វិញ​ទៅមក​ នូវពាក្យ​​អសុរោះ​​ ស្រាប់តែ​​រំពេច​នោះ​​ប្តីបាន​ដើរ​មក​កៀក​ចាប់​នាង​ទះ​កំផ្លៀង​១​ដៃ និង​ចាប់​បោច​សក់​បោក​​ទៅ​លើ​កំរាល​ឥដ្ឋ​​រហូត​ដល់​​នាង​តដៃ​មិន​កើត​ និងបាន​ហក់​មក​ជាន់​លើ​​បន្ថែម​ទៀត​​ដោយ​គ្មា​ន​ត្រា​ប្រណី។ ​

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕