ដានី ប៉េដ្រូហ្សាបានសម្តែងនូវក្តីត្រេកអរយ៉ាងខ្លាំងបន្ទាប់ពីខ្លួនបានយកឈ្នះជើងឯកប្រណាំងម៉ូតូជីភីកម្មវិធី Czech Grand Prix នៅទីលានប្រណាំងក្រុង Brnoសាធារណរដ្ឋឆែកកាលពីថ្ងៃអាទិត្យទី២៦ខែសីហាកន្លងមកនេះ។ប៉េដ្រូហ្សាដែលជាអ្នកបើកបរឱ្យក្រុមហុងដានិងមាន២៣២ពិន្ទុស្ថិតនៅលំដាប់ទី២បន្ទាប់ពីកីឡាករ Jorge Lorenzoនៅលើតារាងជើងឯកពិភពលោកបានបញ្ចប់ការប្រណាំងដែលមាន២២ជុំក្នុងថិរវេលា៤២នាទីនិង៥១.៥៧០វិនាទីប្រជែងយកឈ្នះកីឡាករមិត្តរួមជាតិ Jorge Lorenzoរបស់ក្រុមប្រណាំងយ៉ាម៉ាហាដែលបានបញ្ចប់ការប្រណាំងក្នុងចំណាត់ថ្នាក់ទី២។
Lorenzoប្រើអស់ថិរវេលា៤២នាទីនិង៥១.៧៤៨វិនាទីគឺ០.១៧៨វិនាទីយឺតជាងកីឡាករប៉េដ្រូហ្សា ។ ចំណាត់ថ្នាក់ទី៣បានទៅលើកីឡាករជើងខ្លាំងមកពីអង់គ្លេស Cal Crutchlow ។ Crutchlowដែលបើកបរឱ្យក្រុម Tech 3 Yamahaបានបញ្ចប់ការប្រណាំងក្នុងថិរវេលា៤៣នាទីនិង០៣.៩១៣វិនាទីពោលគឺ ១២.៣៤៣វិនាទីយឺតជាងប៉េដ្រូហ្សា។
កីឡាករអអុីតាលី Andrea Dovizioso បើកបរឱ្យក្រុម Tech 3 Yamahaបញ្ចប់ការប្រណំាំងក្នុងចំណាត់ថ្នាក់លេខ៤បន្ទាប់ពីប្រើអស់ថិរវេលា៤៣នាទីនិង១០.១៦១វិនាទី ។ចំណែកកីឡាករអាល្លឺម៉ង់ Stefan Bradl ដែលជាអ្នកបើកបរឱ្យក្រុម LCR Hondaបានបញ្ចប់ការប្រណាំងក្នុងលំដាប់ទី៥បន្ទាប់ពីបានប្រើអស់ថិរវេលា៤៣នាទីនិង១៧.១៥២វិនាទីតាមពីក្រោយដោយកីឡាករជើងខ្លាំងអេស្ប៉ាញ Alvaro Bautistaរបស់ក្រុម Gresini Hondaដែលបានបញ្ចប់ការប្រណាំងក្នុងថិរវេលា៤៣នាទីនិង២១.០២១វិនាទី យឺតជាងជាងកីឡាករប៉េដ្រូហ្សា២៩.៤៥១វិនាទី ។
ឯកីឡាករជើងខ្លាំងរបស់អុីតាលីវ៉ាឡឹនទីណូ រ៉ូស៊ីបញ្ចប់ការប្រណាំងស្ថិតក្នុងចំណាត់ថ្នាក់ទី៧។ កីឡាកររបស់ក្រុម Ducatiរូបនេះបានប្រើអស់ថិរវេលាច្រើនជាងកីឡាករប៉េដ្រូហ្សា៤៣.៥១៤វិនាទី។ឯកីឡាករអូស្ត្រាលីខាស៊ី ស្តូន័រដែលជាជើងឯកពិភពលោកឆ្នាំ២០០៧និងបានយកឈ្នះជើងឯកចំនួន៣លើករួចមកហើយនៅក្នុងរដូវកាលថ្មីនេះមិនបានមកចូលរួមការប្រណាំងលើកនេះទេបន្ទាប់ពីរបួសបាក់ឆ្អឹង.កជើងមិនទាន់ជាសះស្បើយ ។
សម្រាប់ប៉េដ្រូហ្សា វាជាជោគជ័យលើកទី៣ហើយក្នុងរដូវកាលថ្មីនេះ ។ គេបានថ្លែងថា៖«ខ្ញុំសប្បាយចិត្តជាខ្លាំងចំពោះជ័យជម្នះជាលើកទី៣នេះ។ ខ្ញុំពិតជាត្រូវការវាយ៉ាងចាំបាច់បំផុត។ ក្នុងពេលនេះយើងមានឱកាសបង្ហាញជូនជាភស្តុតាងថាយើងជាក្រុមខ្លាំង »។
ការយកឈ្នះពានជើងឯកលើកនេះបានធ្វើឱ្យកីឡាករប៉េដ្រូហ្សាទទួលបានពិន្ទុ២៣២ស្ថិតនៅលំដាប់ទី២នៃតារាងជើងឯកពិភពលោកបន្ទាប់ពីកីឡាករ Jorge Lorenzoដែលស្ថិតនៅលំដាប់ទី១មាន ២៤៥ពិន្ទុ ។ កីឡាករអូស្ត្រាលី ខាស៊ី ស្តូន័រស្ថិតនៅលំដាប់ទី៣មាន១៨៦ពិន្ទុ ។ កីឡាករអុីតាលី Andrea Doviziosoសន្សំបាន១៥០ពិន្ទុស្ថិតនៅលំដាប់ទី៤តាមពីក្រោយដោយកីឡាករអង់គ្លេស Cal Crutchlow ដែលមាន១២២ពិន្ទុ៕
ចែករំលែកព័តមាននេះ