ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រណាំង​កង់ ​Tour ​of ​Spain​៖ Gilbert​ឈ្នះ​ដំណាក់​ទី​៩​ខណៈ Rodriguez​បន្ត​នាំ​មុខ​នៅ​លើ​តារាង​ថិរ​វេលា​សរុប

13 ឆ្នាំ មុន

កីឡា​ករ​​បែល​​ហ្ស៊ិក​ Philippe Gilbert ​​ទទួល​​បាន​​ការ​​អប​​អរ​​សាទរ​​ពី​​បណ្តា​​មិត្ត​​រួម​​ក្រុម​​​BMC Racing Teamរបស់​ខ្លួន​​បន្ទាប់​ពី​បាន​យក​ឈ្នះ​ណាក់​ទី​៩​​នៃការ​ប្រណាំង​កង់​កម្ម​វិធី​ Tour of Spain​​នៅ​ប្រទេសអេស្ប៉ាញ​​​កាល​ពី​ថ្ងៃ​ពី​អា​ទិត្យ​ទី​២៦​​ខែ​សី​ហា​​​កន្លង​មក​នេះ​។ ការ​ប្រណាំង​ក្នុង​ដំ​ណាក់​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុងបា​សេឡូ​ណា​ ។

Gilbert​ស្ថិត​ក្នុង​សម្លៀក​បំ​ពាក់​ក្រុម​ពណ៌​ក្រ​ហម​លាយ​ស​​​បានឆ្លង​កាត់​គំ​នូស​ព្រ័ត្រ​ក្នុង​ថិរវេលា​ ៤ម៉ោង​៤៥​នាទី​និង​២៨​វិ​នា​ទី​​យក​ឈ្នះ​ដំណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ​១៩៦.៣​គីឡូម៉ែត្រ​​​ចេញ​ដំ​ណើរ​ពី​ទី​ក្រុង Andorraឆ្ពោះ​ទៅ​កាន់​ទី​ក្រុងបា​សេឡូ​ណា​​ប្រ​ទេស​​អេស្ប៉ាញ​ ។​ បញ្ចប់​ក្នុង​លំ​ដាប់​ទី​២​គឺ​កីឡាករ​ម្ចាស់​ផ្ទះJoaquim Rodriguez​​ ដោយ​​​​​​​បាន​​​ប្រើ​អស់​ថិរវេលា​ស្មើ​គ្នា​ជា​មួយ​កីឡាករ​អុី​តា​លី Paolo Tiralongo​ដែល​ជិះ​ឱ្យ​ក្រុម Astana Pro Team ។
​បន្ទាប់​ពី​បញ្ចប់​ការ​ប្រ​ណាំង Gilbertបាន​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​ថា​​​៖«ការ​ជិះ​ឡើង​ភ្នំ Montjuic​ពិត​ជា​ពិ​បាក​ខ្លាំង​ណាស់​ ។ នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​កីឡាករ​ Joaquim Rodriguezចាប់​ផ្តើម​ចេញ​ដំ​ណើរ​ ខ្ញុំ​ដឹង​ថា នោះ​ជា​ឱកាស​ប្រ​សិន​ជា​ខ្ញុំ​ចង់​ឈ្នះ​ ។​ បន្ទាប់​មក​ ខ្ញុំ​បាន​សម្រុក​ទៅ​មុខ​យ៉ាង​​​លឿន​។ ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​ថា គេ​មិន​អាច​ជិះ​កង់លឿន​ជាង​ខ្ញុំ​បាន​ទេ »។​

បើ​ទោះ​ជាយ៉ាង​នេះ​ក្តី​​​​ ​​ប៉ុន្តែ​នៅ​លើ​តា​រាង​​​ពេល​ថិរ​វេលា​សរុប​ រូប​គេ​​នៅ​តែ​​ពុំ​​ទាន់​អាច​ដណ្តើម​បាន​ការ​នាំ​មុខ​ជា​ដដែល​ ​ដ្បិត​​​ ​Joaquim Rodriguez​​​​​ដែល​បាន​បញ្ចប់​ដំណាក់​នេះ​ក្នុង​លំ​ដាប់ទី​២​នោះ​ នៅ​តែ​សន្សំ​​ពេល​​វេលា​បាន​យ៉ាង​ល្អ​បំ​ផុត​​​គ្រង​អាវ​កាក់​ពណ៌​ក្រ​ហម​ក្នុង​នាម​ជា​អ្នក​​នាំ​មុខ​គេសម្រាប់​ការ​ប្រ​ណាំង​ទាំង​មូលដដែល​​​ ។

ឆ្លង​កាត់​ការ​ប្រណាំង​ចំនួន​៩ដំណាក់​មក​នេះ​  Joaquim Rodriguez​​​ដែល​ជិះ​​ឱ្យ​​ក្រុម​ Katusha Teamបាន​ប្រើ​អស់​​ថិរវេលា​តិច​ជាង​គេ​បំផុត​គឺ​៣៤ម៉ោង​និង៤៤​នា​ទី​និង៥៥​​​វិនាទី​នាំ​មុខ​កីឡាករ​​​​អង់​គ្លេស​​ ​Christopher Froome​​​ដែល​ប្រើ​ថិរវេលា​ច្រើន​ជាង៥៣​វិ​នា​ទី​។ ចំ​ណែក​កីឡាករ​អេស្ប៉ាញ​ម្នាក់​ទៀត​អាល់​បឺ​តូ​ កុង​តា​ឌ័រ​ស្ថិត​នៅ​លំ​ដាប់​ទី​៣បន្ទាប់​ពី​បាន​ប្រើ​ថិរ​វេលា​ច្រើន​ជាង​កីឡាករ​ Rodriguez ១​​នា​ទី ។​

សូម​បញ្ជាក់​ថា​ការ​ប្រណាំងកម្ម​វិធី​ Tour of Spain​​ឆ្នាំ​នេះ​ចែក​ចេញ​ជា​២១​​ដំណាក់​និង​មាន​ចម្ងាយ​ផ្លូវ​សរុប​៣៣៦០គីឡូ​ម៉ែត្រ​។ ដោយ​ឡែក​ដំ​ណាក់ទី​១០ដែល​ជា​ដំ​ណាក់បន្ត​​មាន​ចម្ងាយ​ផ្លូវ១៩០​​​​​​​គីឡូ​ម៉ែត្រ​ដោយ​ការ​ប្រ​ណាំង​ចាប់​ចេញ​ដំណើរ​ពី​ទី​ក្រុង Ponteareas ​​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង ​Sanxenxoប្រ​ទេ​សអេស្ប៉ាញ​​ ៕